ប្រវត្តិ និង ទំនាយ ខែឧសភា

249
ចែករម្លែក

ភ្នំពេញៈ ពាក្យ​ថា “ ឩ​សភា “ មកពី​ភាសាបាលី​ថា “ ឩ​ស​ភ “ ប្រែ​ថា “ គោ​ឈ្មោល , គោឡើងក , គោបា ,​គោ​ជល់ “​។​
​ ​
​ឩ​ស​ភ ដែល​ត្រូវបាន​ហៅ​ជាទូទៅ​ថា ឩ​សភា គឺជា​ឈ្មោះ​ខែ​ទី ២ នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី ៥ នៅក្នុង​ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន​ដែលជា​ប្រតិទិន​សកល​ហើយ​នៅ​អឌ្ឍគោល​ខាងត្បូង ខែ​ឩ​សភា ស្ថិតនៅក្នុង​សរទរដូវ ឬ សរទកាល គឺ​រដូវ​មាន​ចុះ​អ័ព្ទ ប៉ុន្តែ​នៅ​អឌ្ឍគោល​ខាងជើង វា​ស្ថិតនៅក្នុង និ​ទាឃ​រដូវ ឬ និ​ទាឃ​សម័យ គឺ​រដូវ​ផ្កា​រីក ។ ឩ​សភា​គឺជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង​ប្រាំពីរ​ដែល ក្នុង​មួយខែ​មាន​៣១​ថ្ងៃ​។​

​ឩ​សភា ត្រូវបាន​ផ្តល់កំណើត​ឱ្យ តាំងពី​៧៥៣​ឆ្នាំមុន​គ្រិស្តសករាជ​តាមរយៈ​ប្រតិទិន រ៉ូ​មូ លូ​ស ហើយ​កាលណោះ ឩ​សភា​ជា​ខែ​ទី​៣ ដោយ​ប្រតិទិន​នេះ ចាប់ផ្តើម​ពី​ខែមីនា​(​អាន​ថា មី ណា )​ហើយ​ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ។​ឩ​សភា ដែល​ភាសា​អង់គ្លេស​ថា May​មកពី​ឈ្មោះ​ដើម ជា​ភាសាឡាតាំង​ថា Maius ជា​ពាក្យ​ដែល​គេ​ដាក់​តាម​នាម​ទេវតា​Maia​ក្នុង​ទេវ​កថា​ក្រិ​ក​ដែល​ត្រូវ បាន​គេ​ស្គាល់​ក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង​ថា Era ។​

​លុះដល់​ឆ្នាំ​ទី​៧១៣ មុន គ្រិស្តសករាជ​ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស (​ជា​ក្សត្រ​ទី​ពីរ​ក្នុង ចំណោម ក្សត្រ​តាម​បវេណី​ទាំង​ប្រាំពីរ​អង្គ​របស់​ទីក្រុង​រ៉ូម ) បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ដោយ​ការបញ្ចូល​ខែ​ចំនួន​ពីរ​នៅ​ខាងដើម​គឺ​ខែមករា​និង​ខែកុម្ភៈ​នាំឱ្យ​ប្រតិទិន​នេះ​ក្នុង​មួយ ឆ្នាំមាន​១២​ខែ​តាំងពី​ពេលនោះ​ហើយ​ខែ​ឩ​សភា ក៏បាន​ក្លាយទៅជា​ខែ​ទី​៥ តាំងពី​ពេលនោះ មក​ដែរ​។​ដូច្នេះ​នៅ​ឆ្នាំ ២០២០ ខែ​ឩ​សភា មាន​អាយុកាល​នៅលើ​លោក​នេះ ២.៧៧៣ ឆ្នាំ​ហើយ ។​

​ប្រតិទិន​នូ​ម៉ា​នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន​ជូ​លាន​ដោយ​លោក​ជូ​លី​យើ​ស​សេ​ហ្សា​នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ​។ នៅ​ឆ្នាំ​១៥៨២ នៃ​គ្រិស្តសករាជ​ប្រតិទិន​ជូ​លាន​ក៏​ត្រូវបាន​សម្តេច​ប៉ាប​ហ្គ្រេ​ហ្កូ​រី​ទី​១៣​កែប្រែ ឱ្យទៅជា​ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន​ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន​។​

​ទំនាយ​តាម​ក្បួនហោ​រាប​ច្ចិ​ម​លោក​
​តាម​ក្បួនហោ​រាប​ច្ចឹ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា ស្ថិតក្នុង​ខែ​ឩ​សភា ឬ ឩ​ស​ភ​រាសី​បុគ្គល គឺ​ជនានុជន​ដែល​កើត​នៅ​ចន្លោះ​ពីថ្ងៃ​ទី​២០ ខែមេសា ដល់​ថ្ងៃទី ២០ ខែ​ឩ​សភា ។ និមិត្តសញ្ញា នៃ​មនុស្ស​កើត​ក្នុង​ខែ​ឩ​សភា គឺ​គោឡើងក​ធាតុដី ទទួល​ឥទ្ធិពល​ពី​ភព​ព្រះ​សុក្រ ជា​ភព​ទេពធីតា ស្នេហា ដែល​អ្នកខ្លះ​ហៅថា ព្រះ​នាង​កាម​ទេព ។ ឩ​ស​ភ​រាសី​បុគ្គល គឺជា ជំពូក​មនុស្ស​ចូលចិត្ត ប្រើ​អារម្មណ៍​ពណ៌ ដែល​ស័ក្តិសម​គឺ​ពណ៌​ផ្កាឈូក ត្បូង​នាំ​សំណាង គឺ​ត្បូង​មរកត ឆុង​នឹង​មនុស្ស កើត​ខែវិច្ឆិកា ។ ពួក​អ្នក​កើត​ក្នុង​ឧសភរាសី ស្មើនឹង​អ្នក កើត ឆ្នាំ ម្សាញ់ ឬ​ឆ្នាំ​ពស់​ក្នុង​ក្បួន ហោរា​ចិន​។​

​ឧសភរាសី​បុគ្គល​គឺជា​មនុស្ស​ខ្លាំងក្លា​និង​គួរ​ឲ្យ​ពឹង​ពាក់បាន​។​គេ​ជា​មិត្ត​ដ៏​ស្មោះត្រង់​តែង​ជួយ​មិត្តភក្តិ​គ្រប់ពេលវេលា តែងតែ​ចាត់ទុក​ទំនាក់ទំនង​មិត្ត​ភាពជា​រឿង​សំខាន់​។ ជួនកាល​ត្រូវបាន​គេ​ចាត់ ទុក​ថា​ជាម​នុស្ស វាយឫក​មានះ ប៉ុន្តែ​តាមពិតទៅ​មនុស្ស​នេះ​ទទួលយក​ការ​ទូន្មាន​ពី​មិត្តភក្តិ​ណាស់ ពូកែ​អត់ធ្មត់​តែងតែ​បញ្ចប់​រាល់​កិ​ច្ចា​នុ​កិច្ច​មិន​ទុកចោល​កណ្តាល​ទី ។ គេ​គឺជា​មនុស្ស​ដែល​ពូកែ ច្នៃប្រឌិត​ខ្ពស់​និង ចូលចិត្ត​បង្កើត​អ្វីៗ​ដែល​ថ្មី ចូលចិត្ត​អនុវត្ត​ជាក់ស្តែង ជាជាង​ផ្អែកលើ​ទ្រឹស្តី​។​

​បុគ្គល​នេះ​តែង​រួសរាន់​កើប​យក​ប្រយោជន៍​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ស្រឡាញ់​តែ​អ្វីៗ​ដែល​ស្រស់ស្អាត​និង​ល្អ​ឯក​ប៉ុណ្ណោះ​។​ឧសភរាសី​ជន មិន​ងាយ​នឹង​ត្រូវបាន​ពង្វក់​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ឡើយ ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​មិត្តភក្តិ​ជិតស្និទ្ធ​ហើយ​ចង់​សុំ​ស្នេហ៍​ពី​បុគ្គល​នេះ​អ្នកត្រូវការ ពេលវេលា​ច្រើន​ព្រោះ​បុគ្គល​នេះ​មិន​ចូលចិត្ត​ស្នេហ៍​បែប​ឆក់កណ្ដៀត​ឬ​បែប​ផ្លេកបន្ទោរ​ឡើយ​គេ ចង់​បានតែ​គូស្នេហ៍​ដែលមាន​វណ្ណៈ​និង​ឋានៈ​ប្រហាក់ប្រហែលគ្នា​។​

​បុគ្គល​នេះ មាន​ចា​រិត​ពី​ធម្មជាតិ មក​គឺ​ចូលចិត្ត​និង​អាណិត​ស្រឡាញ់​កូនៗ​ជាង​ប្រពន្ធ​ឬ​ស្វាមី​របស់ខ្លួន​។ គេ​ស្រឡាញ់​លុយ​ខ្លាំង ណាស់​ពុះពារ​ធ្វើ​គ្រប់​ការងារ​ឲ្យ​តែ​រកលុយ​បាន​ច្រើន​ពូកែ​ចាត់ចែង​រឿង​លុយកាក់ ប៉ុន្តែ​ដើម្បី​ផ្គាប់ ចិត្ត​គ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន បុគ្គល​នេះ​ហ៊ាន​ចំណាយ​ធំ​ណាស់ ។​

​ព្រឹត្តិការណ៍​
​ថ្ងៃទី​១ ឩ​សភា​ជា​ទិវា​ពលកម្ម​អន្តរជាតិ​, ថ្ងៃទី​៣ ឧសភា ទិវា​សេរីភាព​សារព័ត៌មាន​, ថ្ងៃទី​៨ ជា​ទិវា ជោគជ័យ​លើ​សង្គ្រាមលោកលើកទី​២ របស់​អឺរ៉ុប , ថ្ងៃទី​៩ ទិវា អឺរ៉ុប , ថ្ងៃទី ១២ ទិវា​ឯករាជ្យ​អ៊ី ស្រា​អែល , ថ្ងៃទី​១៥ ទិវា​គ្រួសារ​អន្តរជាតិ , ថ្ងៃទី​១៧ ទិវា​រដ្ឋធម្មនុញ្ញ ន័​រ​វ៉េ​ស៍​, ថ្ងៃទី​២២ ទិវា​រួបរួម យ៉េ​មិន​, ថ្ងៃទី​២៥ ទិវា​ជាតិ​អា​ហ្ស​ង់​ទីន​, ថ្ងៃទី​៣១ ទិវាពិភពលោក​គ្មាន​ថ្នាំជក់​៕ ដោយៈ មេសា​

រូបគំនូ​សត្វ​គោឡើងក ដែលជា​និមិត្តរូប នៃ ជន​កើត​ខែ​ឩ​សភា
ត្បូង​មរកត​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​អ្នក​កើត​ខែ ឩ​សភា