ប្រឡង​បាក់​ឌុប​ថ្ងៃ​ទីមួយ​ដំណើរការ​រលូន​ល្អ​ប៉ុន្តែ​ក៏មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​និង​កំហុស​

1511
ចែករម្លែក

ដោយ​:​ដេប៉ូ​,​មុនី​រ័​ត្ន​/​ភ្នំពេញ​:​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹងថា​ក្នុង​ដំណើរការ​សំណេរថ្ងៃ​ទីមួយ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅ​បាក់​ឌុប​នា​ថ្ងៃ​ទីមួយ​(​ថ្ងៃទី​២០​ខែសីហា​)​កន្លងមក​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ​។ សម័យ​ប្រឡង​បាក់​ឌុប​មាន​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​២០​និង​២១​ខែសីហា​។​ដោយឡែក​ក្នុង​​ការប្រឡង​បាក់​ឌុប​ថ្ងៃ​ទីមួយ​នេះ​មាន​ទាំង​បេក្ខជន​ជួប​បញ្ហា​សុខភាព​ដូចជា​ខ្យល់ចាប់ វិលមុខ ក្អួតចង្អោរ​និង​ប្រព្រឹត្តិ​កំហុស​មួយចំនួន​ផងដែរ​។​

សិស្សប្រឡងបាក់ឌុបនៅភ្នំពេញ( រូបថត គន្ទា)

​លោក​រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី ២០ ខែសីហា នេះ​ថា ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យម​មសិ​ក្សា​ទុតិយភូមិ នា​ថ្ងៃទី​១ ថ្ងៃទី​២០ ខែសីហា គឺ​ដំណើរ​ការបាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សណ្តាប់ធ្នាប់​រៀបរ​យ​ល្អ បេក្ខជន​បាន​ទៅដល់​មណ្ឌល​ប្រឡង​មុន​ម៉ោង គឺ​ម្នាក់ៗ​ទឹកមុខ​រីករាយ​នៅក្នុង​ការប្រឡង និង​គោរព​បទបញ្ញត្តិ វិន័យ​បានល្អ ដោយ​បំពេញ​កិច្ចការ​រៀងៗ​ខ្លួន​ដោយ​ស្ងប់ស្ងាត់​ទៅលើ​វិញ្ញាសារ​បួន​មុខវិជ្ជា​។ លោក​បាន​បន្តថា មាន​បេក្ខជន​មួយចំនួន​បាន​អវត្តមាន​ចំនួន ១.៧៥២​នាក់ ស្មើ ១,៥២​ភាគរយ នៃ​បេក្ខជន​សរុប​។ បេក្ខជន​ដែល​អវត្តមាន គឺ​ភាគច្រើន​ជា​បេក្ខជនស្វ័យរិន​។​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។​

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា មាន​បេក្ខជន​តែ​បួន​ករណី​ប៉ុណ្ណោះ បាន​ខុសឆ្គង​និង​បទបញ្ញត្តិ​។ ចំពោះ​បញ្ហា​សុខភាព​កើតមាន​ចំនួន​៣២​ករណី​ក្នុង​រយៈពេល​មួយថ្ងៃ​នៃ​ការប្រឡង និង​មាន​ពី​ករណី​​បេក្ខជន​ពីររូប​មិន​អាចមក​ប្រឡង​វិញ​បាន ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។ ចំពោះ​បរិយាកាស និង​អាកាសធាតុ​ចំនួន​៧​ខេត្ត មាន​ភ្លៀង​ធ្លាក់​មានដូចជា ខេត្ត​កំពង់​ឆ្នាំង កោះកុង កែប តាកែវ រតនគីរី បន្ទាយ​មានជ័យ ក្រចេះ ជាដើម ប៉ុន្តែ​មិនមាន​ការប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​ទេ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​នៅ​ថ្ងៃទី​២០​ខែសីហា​បានឱ្យដឹងថា​ក្នុងការ​ប្រឡង​បាក់​ឌុប​នា​ថ្ងៃទី​មួយ​មាន​បេក្ខជន​ដែល​ខ្យល់ចាប់ វិលមុខ​ក្អួតចង្អោរ​ទាំង​ព្រឹក​និងល្ងាច​។​ក្នុង នេះ​មាន​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​ចំនួន ១១​ករណី​។​ដោយឡែក​ចំពោះ​បេក្ខជន ប្រព្រឹត្តិ​កំហុសឆ្គង មាន​ចំនួន​បួន​ករណី ក្នុងនោះ​ករណី​​ដកហូត​ទូរស័ព្ទដៃ​បី​ករណី សំណៅ​ឯកសារ​មួយ​ករណី ។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា​ចំពោះ​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​អាច​ដំណើរការ​ប្រឡង​បន្ត​រហូត​ចប់ បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម ។​សម្រាប់​បេក្ខជន​ខ្លះ​ថែមទាំង ធ្វើការ​ប្រឡង ទាំង​ដៃ​ជាប់​សេរ៉ូម​ទៀតផង​។​

​ដោយឡែក​ក្នុង​ការប្រឡង​បាក់​ឌុប​ថ្ងៃទី​១​នេះ​មាន​បេក្ខជន​គ្រោះថ្នាក់​ចរាចរ​ចំនួន​មួយ​ករណី​ហើយ​ពុំ បន្ត​ការប្រឡង​បាន​។​ក្រៅពីនេះ​ក៏មាន​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង​ប្រើ​ទូរស័ព្ទដៃ​មួយ​ករណី​ត្រូវបានបញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្តការងារ​។​

​ក្រៅពីនេះ​ចំពោះ​ក្នុង​ដំណើរការ​សំណេរ​នា​ថ្ងៃ​ទីមួយ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៥ ២៦៨ នាក់ (​ស្រី ៥៨ ១៥៨ នាក់​) អវត្តមាន​សរុប​ចំនួន​១ ៧០៨​នាក់​( ស្រី ៦៩២​នាក់​)​។​

​គួរបញ្ជាក់​ថាបើ​តាម​លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ថ្លែងថា​ក្នុង​កំណែទម្រង់​ការសិក្សា​ពិសេស​ការ​រឹតបន្តឹង​លើ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​យ៉ាងច្រើន​ទាំង​សិស្ស​ក៏ដូចជា​គ្រូបង្រៀន​ដែល​នេះ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ធនធាន​សមត្ថភាព​សិស្ស​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា​។​

​លោក​បាន​បន្ថែមថា​ក្នុងការ​រឹតបន្តឹង​ប្រលង​បាក់​ឌុប​នា​កន្លងមក​បានធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​យ៉ាងច្រើន ហើយ​ក្នុងនោះ​សិស្ស​មានការ​ខិតខំ​រៀន​សូត្រ​និង​មាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ​។​

​ជុំវិញ​ការ​កំណែទម្រង់​នេះដែរ​លោក រដ្ឋមន្ត្រី​បានលើកឡើង​ថា​ការធ្វើកំណែទម្រង់​នេះ​ក្រសួង​មិន​ត្រឹមតែ​ធ្វើ​ឡើង​ត្រឹម​កម្រិត​ថ្នាក់បាក់ឌុប​ទេ​គឺ​ក្រសួង​បានធ្វើ​តាំងតែ​ពី​ថ្នាក់​ម​ត្តេ​យ្យ​ឡើងទៅ​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​មាន​គ្រឹះ​សមត្ថភាព​តាំងតែ​ពី​ថ្នាក់ទាប​រហូតដល់​ថ្នាក់​ធំ​។



​ដោយឡែក​លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ យុវ​ជ​កម្ពុជា​បាន​លើកឡើងថា​ក្នុងការ​ប្រឡង​បាក់​ឌុប​លើក​នេះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ចូលរួម​ក្នុង​ជា​អ្នកសង្កេតការ​ចំនួន​៦​រយ​នាក់ ។​លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុងការ​កំណែទម្រង់​ក៏ដូចជា​រឹតបន្តឹង​លើ​ការសិក្សា​របស់​សិស្ស​ឱ្យ​កាន់តែមាន​សមត្ថភាព​ដែល​​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។​

ទ​ន្ទឹម​គ្នានេះ​លោកស្រី​មាស​ប៊ុ​ន្នី មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រចាំ​នៅ​មណ្ឌល​ព្រះ​ស៊ី​សុ​វ​ត្តិ​បានឱ្យដឹង​ថា​តាមរយៈ​ការធ្វើ​កំណែទម្រង់​និង​ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប​ថ្ងៃទី​១​កន្លងមកគេ​ពុំ​ឃើញ​មាន​បេក្ខជន​ណាមួយ​យក​ឯកសារ​ចូល​មណ្ឌល​ប្រលង​ទេ​។​

​គួរបញ្ជាក់​ថា​មុន​ការប្រឡង​មកដល់​លោក រដ្ឋមន្ត្រីក្រសួង​អប់រំ​ក៏បាន​ធ្វើការ​ព្រមាន​ទៅលើ​បេក្ខជន​ណា​ដែល​នាំយក​នូវព្រុយយ៉ុង ទូរស័ព្ទ ម៉ាស៊ីន​គិត​លេខ​និង​ឯកសារ​ពាក់ព័ន្ធ ហើយ​រួមទាំង​ការចម្លង​ឯកសា​ពេល​កំពុង​ប្រឡង​នឹងត្រូវ​ធ្លាក់​ជា​ស្វ័យ​វ​ត្តិ​។​ក្រៅពីនេះ​ចំពោះ​អនុរក្ស​ណាមួយ​ដែល​បានប្រព្រឹត្តិ​កំហុសឆ្គង​ក៏​នឹងត្រូវ​ដាក់​ពិន័យ​ផ្សេងៗ​ក្នុងនេះ​ដូចជា​ព្រមាន ការបណ្តេញ​ចេញពី​មណ្ឌល​បញ្ឈប់ ឬ​បណ្តេញ​ចេញពី​​ក្របខណ្ឌ​​​ជាដើម ។​​លោក​បាន​បន្ថែម​ឱ្យដឹងថា​ចំពោះ​ពិន្ទុ​ខ្ពស់បំផុត​ក្នុងពេល​ប្រឡង​គឺ​៥០០ និង​ចំពោះ​បេក្ខជន​ដែល​ធ្វើ​ពិន្ទុ​បាន​ត្រឹម​២៣៧​នឹងត្រូវ​ជាប់​ហើយ ។​



​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បញ្ជាក់ថា​ការប្រឡង​បាក់​ឌុប​នា​ឆ្នាំ​នេះដែរ​ចំណាយ​ថវិកា​ជិត​៥​លាន​ដុល្លារ​និង​មាន​ក្រុម​អ្នកសង្កេតការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាង​ប្រាំ​ពាន់​នាក់​ចូលរួម​។​

​គួរ​បញ្ជាក់ថា​ការប្រឡង​បាក់​ឌុប​ក្នុងនេះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម រួម មាន បេ​ក្ខ ជន​ប្រឡង​សរុប​ចំនួន ១១៧ ០៦១ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ មណ្ឌល ចែកចេញជា ៤.៧៦១​បន្ទប់ នៅ​រាជធានី ខេត្ត​ទាំង​២៥ នៅ​កម្ពុជា​។​

​សូម​រំលឹក​ដែរ​ថា​បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៧​កន្លងមក មាន​ចំនួន​៦៣.៦៦៨​នាក់ ត្រូវជា​៦៣,៨៤​ភាគរយ នៃ​បេក្ខជន​វត្តមាន​៩៩ ៧២៨​នាក់​។ ដោយឡែក​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦​បេ​ក្ឋ​ជន​ដែល​ប្រឡង​ជាប់​មាន​ចំនួន​៥៥ ៧៥៣​នាក់ ត្រូវ​ជាជាង ៦២​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​ជិត​ប្រាំបួន​ម៉ឺន​នាក់​( ៨៩ ៦៦១​នាក់​)​។​​ក្នុង​ឆ្នាំ​ដដែល​នេះ​បេក្ខជន​ដែល​ប្រឡង​ជាប់ និទ្ទេស A មាន​ចំនួន ៤២៤​នាក់ , និទ្ទេស B មាន​២ ៤៦៤​នាក់ , និទ្ទេស​C មាន​ចំនួន​៥០០០​នាក់ , និទ្ទេស​D ៩១២៣​នាក់ និង​និទ្ទេស E មាន​៤៦ ៦៥៧​នាក់​៕សរន