ប្រាសាទ​កណ្ដាល​ក្នុង​ស្រះស្រង់ ដែលមាន​អាយុកាល​រាប់រយឆ្នាំ​នឹងត្រូវ​ជួសជុល​ឡើងវិញ ក្រោម​ជំនួយសប្បុរសជន

194
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា ប្រាសាទបុរាណ​មួយកន្លែង ស្ថិតនៅក្នុង​ស្រះស្រង់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខាងមុខ​ប្រាសាទបន្ទាយក្ដី នឹងត្រូវ​ជួសជុល​ឡើងវិញ នៅ​ខែក្រោយ បន្ទាប់ពី​រង​ការខូចខាត​អស់​ជាច្រើន​ឆ្នាំកន្លងមក ដោយសារ​មនុស្ស និង​ធម្មជាតិ​។​

ប្រាសាទ​កណ្ដាល​ក្នុង​ស្រះស្រង់ ដែលមាន​អាយុកាល​រាប់រយឆ្នាំ​នឹងត្រូវ​ជួសជុល​ឡើងវិញ ក្រោម​ជំនួញ​សប្បុរសជន។ (រូប-អាជ្ញាធរអប្សរា​)

​នេះ​គឺជា​ការបញ្ជាក់​ឲ្យដឹងពី​លោក ម៉ៅ សុខ​នី អ្នកគ្រប់គ្រង​គម្រោងកា​រដ្ឋា​ន​ជួសជុល​ប្រាសាទ​កណ្ដាល នៃ​ប្រាសាទ​ស្រះស្រង់ កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​។​

​លោក ម៉ៅ សុខ​នី បានឲ្យដឹងថា ប្រាសាទបុរាណ​ដ៍​វ័យ​ចំណាស់​នេះ មាន​ឈ្មោះថា ប្រាសាទ​កណ្ដាល​ ស្ថិតនៅក្នុង​ប្រាសាទ​ស្រះស្រង់ បាន​កសាង​នៅ​សត្ដវ​ត្ស​រិ៍​ទី​១២​។​ប្រាសាទបុរាណ​មួយ​នេះ បាន​រង​ការខូចខាត​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​ធម្មជាតិ និង​មនុស្ស ដោយ​ដុំថ្ម​បាន​ធ្លាក់​រប៉ាត់រប៉ាយ​។​

​លោក​បាន​បន្ដថា បច្ចុប្បន្ននេះ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​ចាក់ដី​ទប់​ជុំវិញ​ប្រាសាទ ដើម្បី​បាចទឹក​ឲ្យរីង​ រួចហើយ​ធ្វើ​កំណាយ និង​ធ្វើការ​ជួសជុល​ឡើងវិញ ដោយ​ប្រើ​រយៈពេល​ប្រមាន​៨​ខែ ដោយ​ចាប់​ផ្ដើមធ្វើ​កំណាយ​ឡើងទៅ​។​

​លោក​បាន​បន្ដទៀតថា ការជួសជុល​ប្រាសាទ​កណ្ដាល​ឡើងវិញ​នេះ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​ស្រះ និង​ធ្វើឲ្យទាក់ទាញ​អ្នក​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ទៅ​កំសាន្ដ​នៅ​ទីនោះ ខណៈដែល​តំបន់​ទេសចរណ៍​ប្រាសាទបុរាណ​មួយ​នេះ ស្ថិតនៅ​កណ្ដាល​ទឹក​របស់​ប្រាសាទ​ស្រះស្រង់ ដែល​ជាទី​គួរឲ្យ​ទាក់ទាញ​ផងដែរ​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ស្រះស្រង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រមណីយដ្ឋាន​អង្គរ និង​មាន​សំណង់​ប្រាសាទ​នៅ​កណ្ដាល​ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​បាន​រង​ការ​បាក់បែក​ដោយសារ​ក​ត្តា​ធម្មជាតិ និង​មនុស្ស​។ ដើម្បី​លើក​តម្លៃ​ប្រវត្តិ​សា​ស្រ​និង​ទេសភាព​វប្ប​ធ៌​ម​នៃ​ស្រះស្រង់​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ឡើងវិញ ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន ដោយមាន​ការបរិច្ចាគ​ថវិកា​ទាំងស្រុង​ពី​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈ​ព្រះ​តេជ​គណ​ព្រះ​សទ្ធម្ម​ប្បា​កាស​នី​បណ្ឌិត តាត មហា​ទី ចៅអធិកា​វត្ត​ព្រះឥន្ទ​កោសា​។

​តាមរយៈ​ស្មារតី​រួមចំណែក​នាពេលនេះ គេ​សង្កេតឃើញថា​វិស័យ​ឯកជន​បាននិងកំពុង​តែ​ចូលរួម​យ៉ាងសកម្ម​លើ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ ជាមួយគ្នានេះដែរ នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​កិច្ចការ​បេតិកភណ្ឌ​នេះ ដែល​លើកទីមួយ​គឺ​លោកជំទាវ​បាន​រ៉ាប់រង​ជួសជុល​រហាត់ទឹក​បុរាណ​មួយ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​គ្រោង​នឹង​ដាក់អោយ​ដំណើរការ​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕ ល​