ប្រា​យុទ្ធ ដឹកនាំ​សមាជិក​គណៈរដ្ឋមន្ត្រី​៣៥​រូប ធ្វើ​សម្បថ​នៅ​ចំពោះមុខ​ស្តេច​ថៃ​

833
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន អូ​ចា និង​សមាជិក​គណៈរដ្ឋមន្ត្រីរ​បស់​លោក​បាន​ស្បថ​ចូលកាន់​មុខ​តំណែង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​មហាក្សត្រ​ថៃ ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កក្កដា​​និង​បន្ទាប់មក​បាន​ធ្វើការប្រជុំ​គណៈរដ្ឋមន្ត្រីលើកដំបូង​នៅ​វិមាន​រដ្ឋាភិបាល​នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​។​

ក្រោយ​ពិធី លោក​ប្រា​យុទ្ធ ដែល​ទទួលបាន​ការតែងតាំង​ពី​ព្រះមហាក្សត្រ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​២​ កាលពី​ថ្ងៃ​១១​មិថុនា ​បាន​និយាយថា ព្រះមហាក្សត្រ​បាន​សុំ​ឲ្យគណៈរដ្ឋមន្ត្រី​ធ្វើការ​ដើម្បី​ប្រទេសជាតិ​និង​ប្រជាជន ហើយ​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់​នឹង​ខិត​​ខំ​ធ្វើ​ការ​អស់​ពី​សមត្ថភាព​។​លោក​សូម​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាល​​ជ្រៅ​ចំពោះ​ការលើកទឹកចិត្ត​របស់​ព្រះករុណា​។​

​ប្រា​យុទ្ធ ដឹកនាំ​រដ្ឋ​មន្ត្រី​ក្នុង​គណៈ​រដ្ឋមន្ត្រី​ចំនួន​៣៥​រូប ចូលគាល់​និង​ធ្វើ​សម្បថ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះករុណា​និង​មហាក្សត្រិយានី​នៅ​វិមាន​តុសិត​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​អង្គារ​

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពេល​ល្ងាច​ថ្ងៃ​អង្គារ​ ក្រោយ​សម្បថ រដ្ឋមន្ត្រី​មក​ពី​គណបក្ស​ចម្រុះ​១៩​គណបក្ស បាន​ពិភាក្សា​គ្នា​អំពី​របៀប​ធ្វើការ​រួមគ្នា ហើយ​លោក​ប្រា​យុទ្ធ​បាន​និយាយ​​ថា​ លោក​រីករាយ​ដែល​បាន​ធ្វើការ​ជាមួយ​ពួកគេ​និង​ស្វាគមន៍​ពួកគេ​ទាំងអស់​។​បញ្ហា​ផ្សេង​ទៀត​ដែល​ត្រូវបាន​លើក​មក​ពិភាក្សា រួម​មាន​ការត្រៀម​សេចក្តីថ្លែងការណ៍​គោ​លន​យោ​​បាយ​របស់​រដ្ឋាភិបាល​សម្រាប់​ប្រកាស​នៅក្នុង​សភា និង​ពង្រាង​ច្បាប់​ថវិកា​។​

​ប្រា​យុទ្ធ ចាន​អូ​ចា ដែល​បាន​ដឹកនាំ​យោធា​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួ​យ​និង​ដាក់​ខ្លួនឯង​ជា​មេដឹកនាំ​របប​យោធា បាន​វិល​មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជាថ្មី​​ក្រោយ​ការបោះឆ្នោត​សភា​កាលពី​ខែ​មីនា ។​របប​យោធា ដែល​មាន​សិទ្ធិ​អំណាច​ស្ទើរ​ផ្តាច់មុខ​ដោយ​គ្មាន​អ្នក​ត្រួត​មើល​ពី​លើ ត្រូវបាន​រំលាយ​ពេល​គណៈរដ្ឋមន្ត្រី​ថ្មី​កើតឡើង​។​

​ក្នុង​រដ្ឋាភិបាល​ថ្មី លោក​ប្រា​យុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​ផង​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ផង ។​ដៃគូ​ក្នុង​ក្រុមចម្រុះ​ដ៏​សំខាន់​របស់​លោក គឺ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ កាន់តំណែង​​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ប្រធាន​បក្ស ភូម​ចៃ​ថៃ ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​៕​ដោយ​៖​វាសនា​/Ha