កូវីដ១៩បំផ្លាញការងារជិត១០លាននៅអាម៉េរិក

263
ចែករម្លែក

វិបត្តិសេដ្ឋកិច្ចពីវីរុសកូរ៉ូណាគឺជាការវាយសំពងដ៏ធ្ងន់ធ្ងរបំផុតលើសេដ្ឋកិច្ចអាម៉េរិក ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយកំពុងមានការបារម្ភខ្លាំងឡើងថាអាម៉េរិកអាចចំណាយពេលច្រើនឆ្នាំដើម្បីស្តារការខូចខាតនេះឡើងវិញ ជាពិសេសសម្រាប់ប្រជាជនអាម៉េរិករាប់លាននាក់ ដែលកំពុងបាត់បង់ការងារនិងអាជីវកម្ម។

រយៈពេលពីរសប្តាហ៍កន្លងមកនេះបានបំផ្លាញអស់នូវកំណើនការងារក្នុងសេដ្ឋកិច្ចចាប់តាំងពីប្រធានាធិបតីដូណាល់ ត្រាំជាប់ឆ្នោតនៅខែវិច្ឆិកាឆ្នាំ ២០១៦ ដែលនេះជាសញ្ញាបង្ហាញថា ការបិទទ្វារសេដ្ឋកិច្ចបានបង្កផលប៉ះពាល់យ៉ាងរហ័សនិងជ្រាលជ្រៅចំពោះក្រុមគ្រួសារអាម៉េរិក ដែលកំពុងជួបការលំបាកក្នុងការចំណាយលើថ្លៃជួល ថ្លៃថ្នាំ ថ្លៃធានារ៉ាប់រងសុខភាព និង ថ្លៃអាហារក្នុងពេលកំពុងមានជំងឺរាតត្បាត។

ក្រសួងការងារអាម៉េរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២មេសាថា ពលរដ្ឋអាម៉េរិកជាង ៦,៦ លាននាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍ធានារ៉ាប់រងពេលគ្មានការងារធ្វើ កាលពីសប្តាហ៍មុន បន្ទាប់ពីមនុស្សជាង ៣,៣ លានបានមកដាក់ពាក្យសុំអត្ថប្រយោជន៍ដូចគ្នានេះកាលពីមួយសប្តាហ៍មុននេះទៀត។ ចំនួនអ្នកអត់ការងារធ្វើច្រើនបែបនេះគឺមិនដែលឃើញពីមុនមកទេនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាម៉េរិក និង ឆ្លុះបញ្ចាំងឱ្យឃើញថាការបិទរដ្ឋនិងបទបញ្ជាឱ្យនៅក្នុងផ្ទះបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងកម្រិតណាដើម្បីតែបន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អ្វីដែលកាន់តែច្បាស់គឺការបាត់បង់ការងារកំពុងកើតឡើងស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចអាម៉េរិក ហើយមនុស្សទាំងនោះទំនងជាមិនមានការងារធ្វើរាប់ខែឯណោះ។ ប្រសិនបើវិបត្តិសេដ្ឋកិច្ចពីអតីតកាលគឺជាមគ្គុទេសក៍នាំផ្លូវ នោះគេត្រូវការពេលច្រើនឆ្នាំទម្រាំឱ្យមនុស្សទាំងអស់នោះមានការងារធ្វើម្តងទៀត។ ហើយក៏មានផលប៉ះពាល់ផ្សេងទៀតតាមញាំញីផងដែរ នៅពេលមនុស្សបាត់បង់ផ្ទះនិងឡាន ជំពាក់បំណុលធនាគារ និង កើតជំងឺផ្លូវចិត្ត។

វិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចព្យាករណ៍ថា ជនជាតិអាម៉េរិកជិត ២០ លាននាក់នឹងត្រូវបាត់បង់ការងារនៅត្រឹមខែកក្កដា ដែលជាស្ថានភាពគ្មានការងារធ្វើដ៏អាក្រក់បំផុតដែលសហរដ្ឋអាម៉េរិកបានប្រឈមមុខ ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច។ សូម្បីតែការិយាល័យថវិការបស់សភាក៏ព្យាករណ៍ឃើញថា អត្រាគ្មានការងារធ្វើនឹងកើនលើស ១០ ភាគរយដែរ។

លោក គ្រីស រ៉ាប់ឃី ប្រធានសេដ្ឋវិទូនៅធនាគារ MUFG បាននិយាយថា “ការបាត់បង់ការងារបានបំបែកពិដានម្តងទៀតនៅសប្តាហ៍នេះ ដោយបំបែកឯតទគ្គកម្មថ្មីនៅក្នុងសញ្ញាមួយបង្ហាញថា សេដ្ឋកិច្ចនេះបានឆ្លងពីម៉ូតវិបត្តិសេដ្ឋកិច្ចធម្មតា រំកិលចូលមកក្នុងតំបន់វិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅ”។

មនុស្សជាច្រើននិយាយថាកញ្ចប់ថវិកាជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដែលសភាបានអនុម័តកាលពីខែមីនានឹងជួយបានច្រើន ប៉ុន្តែធនាគារវិនិយោគ Goldman Sachs នៅតែព្យាករណ៍ឃើញសេដ្ឋកិច្ចធ្លាក់ចុះ ៩ ភាគរយនៅត្រីមាសទី១ និងធ្លាក់ចុះ ៣៤ ភាគរយនៅត្រីមាសទី ២។ ការខាតបង់ប្រហែលពាក់កណ្តាលអាចត្រូវបានស្តារឡើងវិញនៅចុងឆ្នាំនេះ ខណៈជនជាតិអាម៉េរិកចាប់ផ្តើមអន្ទះសារចង់ចាប់ផ្តើមចេញមកក្រៅញ៉ាំចំណីនិងកាត់សក់ម្តងទៀត។ ប៉ុន្តែនឹងនៅតែមានផលប៉ះពាល់ជាច្រើននៅក្នុងសេដ្ឋកិច្ច៕ ដោយ៖ កញ្ញាដាលីស

នាង មឺសែដេស អេដឌីងតុន បាត់បង់ការងារកាលពីថ្ងៃទី២៣មីនា ដោយសារកូវីដ១៩នៅអាម៉េរិក