ផ្ទុះ​នៅ​ទីសក្ការៈ​ប៉ា​គី​ស្ថាន​មួយ​សម្លាប់​មនុស្ស​៥​នាក់ និង​របួស​២៤​នាក់​

811
ចែករម្លែក

​ការផ្ទុះ​នៅ​ទីសក្ការៈ​Sufi​ពេញនិយម​បំផុត​នៅ​ប៉ា​គី​ស្ថាន​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់ និង​របួស​២៤​នាក់​នៅ​ទីក្រុង​ឡាហ័​រ​ភាគ​ខាងកើត​កាលពី​ថ្ងៃ​ពុធ​ទី​៨​ឧសភា នៅ​​ពេល​ប្រទេស​កត់សំគាល់​ខែ​តម​អាហារ​រ៉ា​ម៉ា​ដន​។​

​ប៉ូលិស​បាន​និយាយថា គេ​កំពុង​ស៊ើបអង្កេត​លក្ខណៈ​នៃ​ការផ្ទុះ ដែល​បាន​កើតឡើង​ជិត​ផ្លូវ​ចូល​សំរាប់​ភ្ញៀវ​ស្រី​ទៅកាន់​ទីសក្ការៈ​Data Darbar​សម័យ​សតវត្សរ៍​ទី​១១ ដែល​ជា​កន្លែង​​គោរព​បូជ្ញា​ធំ​បំផុត​មួយ​នៅ​អាស៊ី​ខាងត្បូង​។​

​កំទេច​យានយន្ត​នៅ​រាយប៉ាយ​ពេញ​ផ្លូវ​ជិត​ទីសក្ការៈ នៅពេល​បុគ្គលិក​ឆ្លើយតប​ដំបូង​បាន​រួសរាន់​ទៅកាន់​កន្លែង​កើតហេតុ​ហើយ​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវបាន​បញ្ជូន​ទៅកាន់​​តំបន់​នោះ​។​

​ទីសក្ការៈ​នេះ​ជា​កន្លែង​បុណ្យ​ពណ៌​Sufi ជា​យូរ​មក​ហើយ និង​ក៏​ជា​ទីតាំង​សំខាន់​សំរាប់​និកាយ​អ៊ីស្លាម​របស់​ប្រទេស ដែល​ធ្វើអោយ​វា​ក្លាយជា​គោលដៅ​ងាយស្រួល​មួយ​សំ​រាប់ការ​វាយ​ប្រ​​ហារ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​។​

​កាលពីមុន​វា​ក៏​ជា​គោលដៅ​វាយប្រហារ ដោយ​នៅ​ឆ្នាំ​២០១០ ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់​។​ចាប់តាំងពី​ពេលនោះ​មក តំបន់​នេះ​​ត្រូវបាន​ការពារ​ដោយ​វិធានការ​សន្តិសុខ​តឹងរឹង​ឡើង ដោយ​ភ្ញៀវ​ត្រូវ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​ជា​ច្រើន​ថ្នាក់ មុន​ចូល​ដល់​ទីសក្ការៈ​នេះ​។​

​សូមបញ្ជាក់​ថា ពួក​អ្នក​គោរព​បូជ្ញា​សាសនា​អ៊ីស្លា​មនិកាយ​Sufi តែងតែ​ជា​គោលដៅ​នៃ​ការវាយប្រហារ​បង្ហូរ​ឈាម​នៅ​ប៉ា​គី​ស្ថាន​ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម រួមមាន​ក្រុម​រដ្ឋ​​អ៊ីស្លាម ដែល​គិតថា​ជំនឿ​និង​ពិធី​តាមបែប​Sufi​ប្រឆាំង​នឹង​សាសនា​អ៊ីស្លាម​ទូទៅ​។​

​នាយ​ប៉ូលិស​ម្នាក់​បាន​អោយ​ដឹងថា បុគ្គលិក​សន្តិសុខ​នៅ​ទីសក្ការៈ​ជា​គោលដៅ​វាយប្រហារ ដោយ​ប៉ូលិស​៣​នាក់ អ្នកយាម​ម្នាក់​និង​ជន​ស៊ីវិល​ម្នាក់​បាន​បាត់បង់​ជីវិត តែ​មូលហេតុ​​នៃ​ការវាយប្រហារ​នេះ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​នៅឡើយ ហើយ​វា​អាច​ជា​ការវាយប្រហារ​អត្តឃាត​៕​ដោយ​៖​វាសនា​

មាន​ការស្លាប់​និង​រង​របួស​ច្រើន​ក្នុង​ការផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈ​Data Darbar​កាលពី​ថ្ងៃ​ពុធ​