ផ្ទះ​វីឡា​១​ខ្នង​ឆេះ​ស្ទើរតែ​ទាំងស្រុង ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​

153
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​: ផ្ទះ​ប្រជាពលរដ្ឋ ម៉ូត​វីឡា​កូនកាត់​ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង នៅវេលា​ម៉ោង ២​និង​១០​នាទី​​រំលងអធ្រាត្រឈានចូល​ថ្ងៃ​ពុធ ទី​២២ ខែមេសា ឆ្នាំ​២០២០ ត្រង់ចំណុច​ខាងកើតផ្ទះសំណាក់​ប៉ៃលិនប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ចំរើន​ផល សង្កាត់បឹងទំពន់​ទី​១ ខណ្ឌមានជ័យ​។​

​ម្ចាស់ផ្ទះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់ (​ផ្ទះ​ដី​ឡូ​) ក្រោម​ថ្ម លើ​ឈើ ប្រក់​ស័ង្កសី​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​បានឲ្យដឹងថា ដំបូង​ឡើយ​ពួកគាត់​ឃើញ​ភ្លើង​ឆាបឆេះ​ជាន់​ខាងលើ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ ពួកគាត់​ក៏បានរាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ទំនាក់ទំនង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចុះមក​បាញ់​ពន្លត់​ដល់​កន្លែងកើតហេតុ​ជា​បន្តបន្ទាប់។ រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​កន្លែង​កើតហេតុ ចំនួន ១០​គ្រឿង បាន​បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង ៣​យប់​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល មិន​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​ឡើយ​។​

​ការប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​ចំនួន ១០​គ្រឿង ចំណែកឯ​ការខូចខាត​គឺ​ផ្ទះ​វីឡា​១​ខ្នង​ឆេះ​ស្ទើរតែ​ទាំងស្រុង ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​នោះ​ខូចខាត​អង្ករជាច្រើន​បាវ​និង​សម្ភារ​ផ្សេងៗ​ឆេះ​អស់​ជាច្រើន​ទៀត​។ តែ​ចំពោះមូលហេតុ សមត្ថកិច្ច​មិនទាន់​ដឹង​នៅឡើយ​ កំពុង​ស្រាវជ្រាវ​បន្ត​។​

​បើតាម​សម្ដី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា ពួកគាត់​ទុក​ជាន់​ខាងលើនេះ ចោល​មិនមាន​អ្នក​ដេក​នៅ​នោះទេ គឺ​ដេក​តែ​ខាងក្រោម​មាន​គ្នា​៤​នាក់​ប្តី​ប្រពន្ធ​និង​កូន ដោយ​មិនដឹង​ឆេះ​ផ្ទះ​របស់គាត់​ដោយសារ​អី​នោះទេ​៕ ល​/Ha