ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ និង​ទូត​កម្ពុជា​ឯកភាពគ្នា​លើកកម្ពស់​ស្ថានភាព​ការងារ​និង​ការរស់នៅ​នៃ​ពលករ​ខ្មែរ​ឲ្យ​កាន់តែ​ប្រសើរឡើង​

1029
ចែករម្លែក
  • 5
    Shares

​ដោយ​៖​រ៉ា​ម៉ន​
​កូរ៉េ​ខាង​៖ ឯកអគ្គរាជទូត​កម្ពុ​ជា និង​ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​សាធារណរដ្ឋ​កូរ៉េ HRD-Korea បាន​ឯកភាពគ្នា បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ស្ថានភាព​ការងារ របស់​សហគមន៍​ខ្មែរ ជាពិសេស​ពលករ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​
​កម្ពុជា កូរ៉េ ឯកភាពគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ និង​ទីប្រឹក្សា​ការងារ ជួបពិភាក្សា​ការងារ​ជាមួយ​លោក KIM DONG MAN ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​សាធារណរដ្ឋ​កូរ៉េ HRD-Korea ថ្មី ដែល​ទើប​ទទួល​មុខតំណែង ក្នុង​គោលបំណង​ពង្រឹង កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ទទួលបាន​ជោគជ័យ ជាពិសេស​នៅក្នុង​អាណត្តិ​របស់លោក​ប្រធាន​។​
​ក្នុងឱកាស​នោះ​លោក​ឯកអគ្គរាជទូត​ក​ម្ពុ​ជា​លោក ឡុង ឌី​ម៉​ង់ បានស្នើ​សុំ​ដល់ HRD-Korea មួយចំនួន ក្នុងនោះ​រួមមាន ទី​១. បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា ដើម្បី​លើកកម្ពស់​ស្ថានភាព​ការងារ ក៏ដូចជា​ការរស់នៅរ​បស់បង​ប្អូន​ពលករ​ខ្មែរ ឲ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ ទី​២.​ផ្តល់​ការសម្របសម្រួល ដល់​អាជ្ញាធរ​កូរ៉េ​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់ ឱកាស​ពិនិត្យ​លើក​ទី​២ ដល់​ពលករ​ខ្មែរ​ដែល​បានធ្វើ​តេស្ត ឃើញ​សារធាតុ​ហាមឃាត់​។ ទី​៣. បង្កើត​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស នៅតាម​តំបន់​តូចៗ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេវា របស់​ពលករ​ខ្មែរ និង​ពលករ​បរទេស​។​
​មន្ត្រី​ទូក​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ការជួបពិភាក្សា​ការងារ​នេះ ជា​លទ្ធផល ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធនធានមនុស្ស HRD ដែលជា​ស្ថាប័ន​គ្រប់គ្រង​ពលករ​បរទេស នៅ​កូរ៉េ​និង​ឯកអគ្គរាជទូត បាន​ឯកភាពគ្នា ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​គ្នា ដើម្បី​លើកកម្ពស់​ស្ថានភាព​ការងារ ក៏ដូចជា​ការរស់នៅរ​បស់បង​ប្អូន ពលករ​ខ្មែរ​ឲ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ហើយ​និង​ដោះស្រាយ​បញ្ហាលំបាក​មួយចំនួន ដែល​បងប្អូន​ជួបប្រទះ ហើយនឹង​ទទួលយក​សំណើ​របស់លោក​ឯកអគ្គ​រាជទូត ដើម្បី​ពិនិត្យ និង​ចាត់​ការបន្ត​។ ករណី​ពេលដែល​ពិនិត្យ​សុខភាព​ពលករ ឃើញ​មាន​សារធាតុ​ហាមឃាត់ ស្ថានទូត​បានស្នើ​សុំ​ឲ្យ​មាន​ផ្តល់ឱកាស ពិនិត្យ​លើក​ទី​២​ជាមួយ នឹង​ការយក​ថ្នាំ​ដែល​បងប្អូន​លេប​មុន ចេញដំណើរ​មក​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​។​
​ស្ថានទូត​នឹង​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ពី​ការសម្រេច​របស់​អាជ្ញាធ​រ​អន្តោប្រវេសន៍​កូរ៉េ ពេល​ទទួលបាន​លទ្ធផល ហើយក៏​សូម​ឆ្លៀតឱកាស​នេះ អំពាវនាវ​សូម​ឲ្យ​បងប្អូន​ដែល​ត្រៀម ចេញមក​កូរ៉េ​ក្រោយ​ប្រឡង​ជាប់​ហើយ មេត្តា​កុំ​ប្រើប្រាស់​ថ្នាំ​ផ្តេសផ្តាស់ ដែល​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ព្រោះ​ការ​ផ្សំ​ថ្នាំ​ផ្តាសាយ ខ្លះ​វា​នឹង​អាចមាន​សារជាតិ​ខ្លះ ដែល​នៅ​កូរ៉េ​គេ​ហាមឃាត់​៕