ផ្លូវថ្នល់​១​ខ្សែ​ក្រុង​ខេមរភូមិន្ទ កំពុង​រង​ការខូចខាត ត្រូវបាន​អាជ្ញាធរ​ជួសជុល​បណ្តោះអាសន្ន

408
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: កំណាត់​ផ្លូវថ្នល់​១​ខ្សែ​ប្រវែង​១.៣០០​ម៉ែត្រ ចាប់ពី​រង្វង់​មូល​លោកយាយ​រែក​ផ្លែឈើ​រហូត​ទៅដល់ មុខ​សាលាក្រុង​ខេមរភូមិន្ទ ត្រូវបាន​អាជ្ញាធរខេត្ត ក្រុង និង​មន្ទីរជំនាញ​ផ្តើម​ជួសជុល​ជា​បណ្តោះអាសន្ន​សិន ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​ដំណើរ​ទៅ​របស់​ប្រជាពលរដ្ឋ ខណៈ​ចំនុច​មួយចំនួន​រង​ការខូចខាត​យ៉ាងខ្លាំង​អំឡុង​រដូវវស្សា​ឆ្នាំនេះ​។​

​គ្រួស​ថ្ម​តូចធំ​ជាច្រើន កំពុង​ត្រូវបាន​ផ្តើម​ដឹក​ចាក់​បំពេញ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ដែល​រង​ការខូចខាត​ក្លាយជា​ជុង​ជ្រៅ លំបាក​ធ្វើដំណើរ​ទៅមក និង​ងាយ​ប្រឈម​គ្រោះថ្នាក់​។ គម្រោង​ជួសជុល​នេះ ជាការ​ផ្តួចផ្តើម​ចំណាយ​ថវិកា​របស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​សប្បុរសជន​ក្នុង​ក្រុង ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ប្រព័ន្ធ​ធ្វើ​ច​រា​រណ៍ ជៀសវាង​បន្ត​ខូចខាត​កាន់តែ​តែ​ខ្លាំង​ថែមទៀត​។​

​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បានឱ្យដឹង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ថា អ្វីដែល​បាន​សកម្មភាព​ការស្តារ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ប្រវែង​១.៣០០​ម៉ែត្រ អនុវត្ត​បណ្តោះអាសន្ន​សិន​ប៉ុណ្ណោះ ដោយ​រង់ចាំ​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ថ្នាក់​ខេត្ត សម្រាប់​ស្ថាបនា​អោយ​ល្អ​រឹងមាំ​ឡើងវិញ រួមផ្សំ​នឹងដាក់​ប្រព័ន្ធ​លូទឹកស្អុយ​សងខាង​ផ្លូវ​ផងដែរ​។ ចំពោះ​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​រំកិល​នូវ​រចនាសម្ព័ន្ធ​ផ្សេងៗ ក្រុង និង​ខេត្ត​កំពុង​ពិនិត្យមើល​លម្អិត​ថែម ទៅតាម​តម្រូវការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​។​

​បើតាម​អភិបាលក្រុង​ខេ​ម​ភូមិន្ទ ឆ្នាំ​២០២០​ខាងមុខ អាជ្ញាធរ​ក្រុង​សហការ​ជាមួយ​អាជ្ញាធរខេត្ត នឹង​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​លូ​ចំនួន​២ ទី​១-​ចាប់ពី​រង្វង់​លោកយាយ​រែក​ផ្លែឈើ​ទៅដល់​មុខ​សាលាក្រុង និង​ទី​២-​ចាប់ពី​រង្វង់​លោកយាយ​រែក​ផ្លែឈើ​ទៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្របពេល​កំណាត់​ថ្នល់​ចំនួន​២​នេះ រង​ការ​ជន់​លិច​ជំនន់​ទឹក ភ្លៀង​ម្តងៗ​។ ដោយឡែក នីតិវីធី​អនុវត្ត​គម្រោង​នៅពេល​ណាមួយ​ជាក់លាក់​នោះ នឹង​ប្រជុំ​ពិគ្រោះ​យោបល់​គ្នា​នៅពេល​ក្រោយ​។​

​លោក ឈេ​ង សុវណ្ណ​ដា ក៏​សុំ​ការ​អធ្យាស្រ័យ​យោគយល់​ពី​ប្រជាពលរដ្ឋ​អ្នកដំណើរ និង​ពលរដ្ឋ​រស់នៅ​សងខាង​ផ្លុ​វ​ខាងលើនេះ​ចំពោះ​ការលំបាក​ធ្វើ​ចរាចរណ៍​មិន​ថា​ពេលនេះ ឬ​កន្លងទៅ ដែល​ពុំ​អាច​ជួសជុល​ទាន់ពេលវេលា ដោយសារតែ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាប់ៗ​៣​ខែ ជាហេតុ​មិន​ចុះ​កែលម្អ​បាន​ភ្លាមៗ​។​

​ចំណែក ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សងខាង​ផ្លូវ និង​ធ្វើដំណើរ​លើ​ថ្នល់​មួយ​ខ្សែ​នេះ យល់ឃើញថា អ្វីដែល​អាជ្ញាធរ​កំពុង​ធ្វើ​នេះ​ជាការ​យកចិត្តទុកដាក់​របស់​ប្រជាពលរដ្ឋ គ្រា​មាន​ពលរដ្ឋ​ខ្លះ​គ្រោះថ្នាក់​ដួល​ម៉ូតូ​ក៏​ពេល​មានទឹក​ដក់​លិច​ជុងហុក​ជ្រៅៗ​មិន​ពេល​ថ្ងៃ​ឬ យប់​នោះទេ ទោះ​មិន​ថ្នល់​ស្អាត​នៅពេលនេះ ក៏​អាច​ស្រួល​ធ្វើដំណើរ​ដែរ​។​

​ពលរដ្ឋ​ក៏​អរគុណ​ចំពោះ​អាជ្ញាធរ និង​ម​ន្ទិ​រ​ជំនាញ យកចិត្តទុកដាក់​សម្រួល​ទុក្ខលំបាក​របស់​ពលរដ្ឋ​នៅពេលនេះ ហើយ​រំពឹងថា អាជ្ញាធរ​នឹង​បន្ត​កែលម្អ​ជួសជុល​រាល់​ផ្លូវថ្នល់​ដែល​កំពុង​ខូចខាត​ផ្សេងៗ​អោយ​ល្អប្រសើរ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណជន​ក្នុងការ​ធ្វើដំណើរ ដឹក​ជ​ញ្ចូ​ន​ទំនិញ​កសិកម្ម និង​ជីវភាព​រស់នៅ​បច្ចុប្បន្ន​៕ ល​