ផ្សារទំនើបថៃដាក់ឈ្នាន់ជំនួសឱ្យប៊ូតុងនៅជណ្តើរយន្តដើម្បីការពារកូវីដ១៩

119
ចែករម្លែក

ផ្សារទំនើបមួយនៅប្រទេសថៃបានប្តូរប៊ូតុងចុចធម្មតានៅលើជណ្តើរយន្តដោយដាក់ឈ្នាន់ជំនួសវិញក្នុងគោលបំណងបង្ការការរីករាលដាលនៃកូវីដ១៩ក៏ដូចជាជួយស្តារប្រក្រតីភាពឡើងវិញនិងធ្វើឱ្យអ្នកទិញទំនិញចំណាយយូរៗសាជាថ្មី។

អតិថិជននៅផ្សារទំនើប Seacon Square នៃទីក្រុងបាងកកមានការភ្ញាក់ផ្អើលនិងភ័ន្តភាំងក្នុងសប្តាហ៍នេះដែលឃើញឈ្នាន់នៅពីមុខជណ្តើរយន្តនិងនៅខាងក្នុង ប៉ុន្តែពួកគេបានស្វាគមន៍ចំពោះគំនិតច្នៃប្រឌិតថ្មីនេះ ដែលមិនចាំបាច់ប្រើដៃចុចនិងជួយថែរក្សាសុខភាពទៀត។

អតិថិជនម្នាក់ឈ្មោះ វិជ្ជរ៉ាផន និយាយថា “ពួកគេធ្វើបានល្អក្នុងការរៀបចំបែបនេះ។ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនពីព្រោះគ្រប់ពេលយើងប្រើដៃរបស់យើងធ្វើអ្វីៗជាច្រើន។ ឥឡូវនេះយើងអាចប្រើជើងរបស់យើងដើម្បីចុចជណ្តើរយន្តបាន វាពិតជាអស្ចារ្យណាស់”។

ប្រទេសថៃបានបើកផ្សារទំនើបនិងហាងលក់ទំនិញវិញកាលពីថ្ងៃអាទិត្យ (១៧ ឧសភា) ជាលើកដំបូងចាប់តាំងពីខែមីនា ដែលជាវិធានការបន្ធូរបន្ថយដំណាក់កាលទី ២ របស់ខ្លួននៅពេលចំនួនករណីឆ្លងកូវីដ១៩ថយចុះ។ ថៃបានបញ្ជាក់អ្នកឆ្លងកូវីដចំនួន ៣.០៣៤ ករណីនិងអ្នកស្លាប់ចំនួន ៥៦ នាក់៕ ដោយ៖ កញ្ញាដាលីស

ផ្សារទំនើប Seacon Square ដាក់ឈ្នាន់ជំនួសឱ្យប៊ូតុងចុចនៅជណ្តើរយន្ត