ពលករ​មកពី​ក្រៅប្រទេស គួរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​និង​ការ​ស្នាក់នៅ​ដោយឡែក ១៤​ថ្ងៃ​!

319
ចែករម្លែក

ចាប់តាំងពី​យប់​ថ្ងៃ​សៅរ៍ ទី​២១ ខែមីនា បន្ត​ដល់​ថ្ងៃអាទិត្យ និង​រហូតដល់​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​ថៃ បាន​វិល ត្រឡប់មក កាន់​ស្រុកកំណើត​យ៉ាងច្រើន​។ កំណើន​នៃ​ការវិលត្រឡប់​មកកាន់​ស្រុកភូមិ​វិញ​នេះ ចំពេល​នៃ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ទាំង​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស ជាច្រើន​នៅ​ទូទាំង​ពិភព លោក ក៏ដូចជា​ប្រទេស​ថៃ ជាដើម​។​
​ ​
ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ចាប់ពី​រាជ​រដ្ឋា ភិ​បាល ក្រសួងសុខាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ឃុំ​សង្កាត់ និង​ថ្នាក់ភូមិ បាន​បន្ត​ណែនាំ ដល់​ប្រជាពលរដ្ឋ​ចំណាកស្រុក ដែល​ទើប​ត្រឡប់មក​មូលដ្ឋាន ទាំង​ក្នុង​និង ក្រៅប្រទេស សូម​ផ្តោតលើ​គោលការណ៍​សុខាភិបាល​សំខាន់ៗ រួមមាន​ត្រូវ​រស់នៅ​ដាច់​ដោយ ឡែក​គ្នា កុំ​ប្រមូលផ្តុំ ក្នុង​រយៈពេល ១៤​ថ្ងៃ ទៅពិនិត្យ​សុខភាព​ជាប្រចាំ​និង​ត្រូវ​ចូលរួម​អនាម័យ ជាប្រចាំ តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល​។​ល​។
​ ​
ជាមួយគ្នា​នោះ កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា អាជ្ញាធរ​រាជធានី​-​ខេត្ត​នានា បានចាប់ ផ្ដើម​ប្រជុំ និង​កំណត់​ជា​បន្តបន្ទាប់ យក​អគារ​សាលារៀន និង​អគារ​សាធារណៈ​មួយ ចំនួន ក្នុង​រាជធានី ខេត្ត ធ្វើជា​ទីតាំង សម្រាប់​ការដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក និង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ កូ​វីដ​១៩ ប្រសិនបើ​អត្រា​ឆ្លង​មាន​កំណើន​។ វិធានការ​នេះ បាន​ដាក់ចេញ​បន្ទាប់ពី​មាន​បញ្ជា ដោយផ្ទាល់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ការចុះពិនិត្យ​និង​រៀបចំ​សាលារៀន និង​អគារ​សាធារណៈ​តាម​បណ្តា​ខេត្ត​នានា ដើម្បី រៀបចំ​ជាទី​តាំង​សម្រាប់​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​នូវ​រាល់​ប្រជាជន​ទាំងឡាយណា ដែល មានការ​សង្ស័យ​ខ្ពស់​បានធ្វើ​ឡើង នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ ការពិនិត្យ​ទីតាំង​ទាំងនោះ ដើម្បី​ធានាថា វា​នឹង​សមស្រប សម្រាប់​ការប្រើប្រាស់​នៅក្នុង​ស្ថានភាព​ដ៏​ចាំបាច់​ពិសេស​អនុ លោម​តាម​គោលការណ៍​វេជ្ជសាស្ត្រ​សុខាភិបាល ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​។​

ការកំណត់​យក​ទីតាំង​ត្រៀម​សម្រាប់​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​និង​សម្រាប់​ពិនិត្យ​ព្យាបាល អ្នកជំងឺ​កូ​វីដ​១៩ របស់​រដ្ឋបាលខេត្ត​ទូទាំងប្រទេស បានធ្វើ​ឡើង បន្ទាប់ពី​សម្ដេច​តេ​ជោ​បាន ប្រកាស​បទបញ្ជា​ផ្ទាល់មាត់ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ឱ្យ​អភិបាលខេត្ត ដឹកនាំ មន្ត្រី​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សុខាភិបាល​ខេត្ត កំណត់​យក​ទីតាំង​មួយចំនួន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល ជាដើម ទុក​សម្រាប់​ដាក់​ឱ្យនៅ ដាច់ដោយឡែក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។ សម្ដេច​តេ​ជោ ក៏បាន​ណែនាំ​រដ្ឋបាលខេត្ត ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​សរុប រៀបចំ​ត​ទឹក ភ្លើង និង​រៀបចំ​បន្ទប់​អនាម័យ ឱ្យបាន​ត្រឹមត្រូវ​នៅតាម ទីតាំង​កំណត់​ទាំងនោះ​។​

​វិធានការ​ចាំបាច់​ទាំងនេះ បានដាក់​ចេញ បន្ទាប់ពី​កម្ពុជា បាន​រកឃើញ​អ្នកមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ កើន​ឡើងជា​បន្តបន្ទាប់ និង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​វិលត្រឡប់​មកពី ប្រទេស​ថៃ ជា​បន្តបន្ទាប់ ខណៈដែល​នៅ​ប្រទេស​ថៃ កំពុង​រីក​រាលដាល ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែលនាំឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ពួកគាត់​។

​តាម​បណ្ដាញ​ទំនាក់ទំនង ដូចគ្នា​នឹង​សម្ដេច​តេ​ជោ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ សម្ដេច ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធ​ខេត្ត រហូតដល់​ឃុំ​ភូមិ ត្រូវ​រួមគ្នា​ចុះ​អប់រំ​ណែនាំ ប្រជាពលរដ្ឋ ដែល​បាន​វិលត្រឡប់​ពី​ថៃ ទៅដល់​ស្រុកកំណើត ត្រូវអនុវត្ត​វិធាន​ការដាក់​ឱ្យនៅ ដោយឡែក ១៤​ថ្ងៃ និង​ត្រូវ​ពិនិត្យ​តាមដាន​សុខភាព​ពួកគាត់ ឱ្យបាន​ជាប់​ជាប្រចាំ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣​មីនា តាម​ភូមិ​ឃុំ​នានា អាជ្ញាធរ​ឃុំ​មេ​ប៉ុស្តិ៍ បាន​ចុះ​ជួប​អ្នក​ទើប​មក​មកពី ប្រទេស​ថៃ បាន​ណែនាំ​អប់រំ​ពី​វិធានការ​សុខភាព ហើយ​ចែក​ម៉ាស់​ដល់​ក្រុមគ្រួសារ​អ្នក ទាំងនោះ​។ ប៉ុន្តែ​ការរស់នៅ​របស់​អ្នក​មកពី​ថៃ បន្ត​នៅ​ជួបជុំគ្នា អង្គុយ​ជិត ពិសេស​ក្មេងៗ នៅ​លាយឡំ​គ្នា នឹង​អ្នក​ដែល​ទើប​វិលត្រឡប់​មកដល់​ផ្ទះ​ទាំងនោះ​នៅឡើយ​។​
​ ​
កាលពី​ថ្ងៃទី​១៦ ខែមីនា​កន្លងទៅ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ស្តីពី​នីតិវិធី ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល ១៤​ថ្ងៃ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅតាម​ផ្ទះ ជា​លក្ខណៈ​បុគ្គល រួមមានៈ បន្ទប់​ត្រូវមាន​ខ្យល់​ចេញចូល​ល្អ​។ ប្រសិនបើ​បន្ទប់ តែមួយ មិនអាច​ធ្វើបាន ត្រូវ​រក្សា​ចម្ងាយ​យ៉ាងហោចណាស់​ពីរ​ម៉ែត្រ ពី​សមាជិកគ្រួសារ​ផ្សេង ទៀត​។ កាត់បន្ថយ​ការប្រើប្រាស់​កន្លែង​ទំនេរ​រួម និង​កាត់បន្ថយ​កន្លែង​រស់នៅ​រួមគ្នា ( ផ្ទះបាយ បន្ទប់ទឹក ជាដើម )​។ ក្នុងអំឡុងពេល ១៤​ថ្ងៃនេះ ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន និង​រោគសញ្ញា រួមមាន កំដៅ ក្អក ឈឺបំពង់ក ហត់ ឬ​ពិបាក​ដកដង្ហើម ឬ​រោគសញ្ញា​ផ្សេងៗ​ទៀត​។​
​ ​
ក្រសួងសុខាភិបាល បាន​ណែនាំ​ថា បើ​មាន​រោគសញ្ញា​ណាមួយ​ខាងលើ ឬ​បញ្ហា​សុខភាព ផ្សេងៗ ត្រូវ​រាយការណ៍​ជាបន្ទាន់ ទៅកាន់​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ឬ​អភិបាល​រាជធានី ខេត្ត ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត ឬ​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ឬ​ប្រធាន​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។ អនុវត្ត​អនាម័យ​លាងដៃ​ឲ្យ​បាន ញឹកញាប់ ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​ទឹករំអិល​ផ្លូវដង្ហើម​។ ខ្ទប់​ច្រមុះ និង​មាត់​ដោយ ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ នៅពេល​ក្អក ឬ​កណ្តាស់ រួច​បោះចោល​ក្រដាសអនាម័យ​នោះ ចោល​ភ្លាម ទៅក្នុង​ធុងសំរាម​ត្រឹមត្រូវ​។ ត្រូវ​សម្អាត​បន្ទប់​ស្នាក់នៅ និង​បន្ទប់ទឹក​ឲ្យ​បានជា ប្រចាំ​។ ត្រូវ​សម្អាត​ជានិច្ច និង​បោកគក់​សម្លៀកបំពាក់ ស្រោមពូក​ខ្នើយ និង​គ្រឿង​បរិក្ខា​ប្រើ ប្រាស់​ផ្សេងៗ​។​
​ ​
ក្នុង​វិធានការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល​នេះ ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល​មូលដ្ឋាន ត្រូវ​តាមឃ្លាំមើល​ជានិច្ច ដើម្បី​ឲ្យ​ប្រាកដថា បុគ្គល ដែល​ត្រូវ បានធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ( ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ) អនុវត្តបាន​ត្រឹមត្រូវ​តាម​ការ ណែនាំ​ខាងលើនេះ​។​
​ ​
​យ៉ាងណាក៏ដោយ ដើម្បី​ឲ្យ​ប្រាកដថា វិធានការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក រយៈ ពេល​ល ១៤​ថ្ងៃ អាចអនុវត្ត​ខ្ជាប់ខ្ជួន នៅតាម​ភូមិ​ឃុំ​ទូទាំងប្រទេស​ដែលមាន​អ្នក​ទើប​វិលត្រឡប់​មកពី​ក្រៅ ប្រទេស ពិសេស​ប្រទេស​ថៃ និង​អ្នក​ចំណូល​ថ្មី គួរតែបង្កើត​កន្លែង​សុ​វ​តិ្ថ​ភាព​មួយ​ដោយ​យក សាលារៀន នៅក្នុង​ភូមិ​ឃុំ​នីមួយៗ សម្រាប់​ដាក់​ឲ្យ​អ្នក​ទាំងនោះ រស់នៅ​រយៈពេល ១៤​ថ្ងៃ ហើយ​អនុវត្ត​នូវ​វិធាន​ទាំងឡាយ ដែល​ក្រសួងសុខា ភិបាល បាន​ណែនាំ​។​
​ ​
ការធ្វើ​ដូច្នេះ ដើម្បី​សុខ​សុវត្ថិភាព​តាម​ភូមិ​ឃុំ​ផង និង​ក៏​ដើម្បី​សុខ​សុវត្ថិភាព​របស់​បងប្អូន ដែល​ទើប​ចូលមកក្នុង​ភូមិ​ឃុំ​ទាំងនោះ​ផ្ទាល់​តែម្តង​។ សូម​កុំភ្លេចថា បើសិនជា​អ្នកណា ម្នាក់មាន​បញ្ហា​សុខភាព ដូច​របៀប​កើត​ផ្តាសាយ ក្តៅខ្លួន​ខ្លាំង សូម​រក​ពេទ្យ និង​ប្រាប់​អាជ្ញាធរ ជាបន្ទាន់ ព្រោះថា ដើម្បី​ជួយ​ខ្លួន​អ្នកជំងឺ​ផ្ទាល់​ផង និង​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​អ្នកភូមិផង របង​ជាមួយ​ផង​។

​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ដ៏​កាច​សាហាវ​នេះ នៅក្នុង​ប្រទេស​យើង​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ជា​បន្តបន្ទាប់ ហើយក៏​មិនមាន​ជនណាម្នាក់ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​យើង នៅឡើយ​ដែរ​៕ ដោយ​: ម៉េង​ឆៃ​