មានការរំលោភបំពានពលរដ្ឋអាម៉េរិកដើមកំណើតអាស៊ីចំពេលផ្ទុះកូវីដ១៩ដ៏អាក្រក់នៅសហរដ្ឋអាម៉េរិក

1015
ចែករម្លែក

ពលរដ្ឋអាម៉េរិកដើមកំណើតអាស៊ីជាង ១០០០ នាក់បានចូលទៅកាន់វេបសាយមួយដើម្បីចែករំលែករឿងរ៉ាវនៃការវាយប្រហារទាំងពាក្យសម្តីនិងរាងកាយ ដែលភាគច្រើនត្រូវគេក្អកដាក់មុខនិងស្តោះទឹកមាត់ដាក់ថែមទៀត ពីព្រោះមេរោគកូរ៉ូណាថ្មីនេះមានដើមកំណើតនៅក្នុងប្រទេសចិន។

ម្ចាស់ហាងលក់កាំភ្លើងមួយកន្លែងនៅទីក្រុងឡូសអ៊ែនជេឡេស កន្លែងដែលមានប្រជាជនអាស៊ីច្រើនបំផុតនៅអាម៉េរិកចំនួន ១,៥ លាននាក់បានប្រាប់កាសែត The Straits Times ថាគាត់បានឃើញអតិថិជនអាស៊ីមានការកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដែលភាគច្រើនជាអ្នកទិញកាំភ្លើងជាលើកដំបូង។

ពិតណាស់មានហេតុផលជាច្រើន ដែលជំរុញឱ្យពលរដ្ឋអាម៉េរិកដើមកំណើតអាស៊ីមួយចំនួនមានការភ័យខ្លាចនាពេលសព្វថ្ងៃនេះ។

យោងតាមការវិភាគរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែលទទួលបានដោយទូរទស្សន៍ ABC News បានវាយតម្លៃថា ឧបទ្ទវហេតុនៃបទល្មើសសម្អប់ជាតិសាសន៍ប្រឆាំងនឹងជនជាតិអាម៉េរិកដើមកំណើតអាស៊ី ទំនងជានឹងកើនឡើងនៅទូទាំងសហរដ្ឋអាម៉េរិក ដោយផ្អែកលើការសន្មត់ថា សាធារណជនអាម៉េរិកមួយផ្នែកនឹងភ្ជាប់ជំងឺកូវីដ១៩ជាមួយជនជាតិចិននិងប្រជាជនអាម៉េរិកាំងដើមកំណើតអាស៊ី។

នៅផ្សារទំនើបរដ្ឋតិចសាសកាលពីខែមុនបុរសម្នាក់បានចាក់សម្លាប់មួយគ្រួសារអាម៉េរិកដើមកំណើតចិន រួមទាំងកុមារអាយុ ២ និង ៦ ឆ្នាំផងដែរ ព្រោះជននោះគិតថា​គ្រួសារនេះកំពុងតែចម្លងជំងឺកូវីដ១៩។

របាយការណ៍ព័ត៌មានរាប់រយអំពីឧបទ្ទវហេតុស្រដៀងគ្នានៅឆ្នាំនេះបានជំរុញឱ្យលោកបណ្ឌិត រូសសែល ជឿង សាស្រ្តាចារ្យផ្នែកសិក្សាជនជាតិអាម៉េរិកដើមកំណើតអាស៊ីនៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ បង្កើតមជ្ឈមណ្ឌលរាយការណ៍តាមអ៊ីណេតសម្រាប់ការជួបប្រទះខ្លួនឯងផ្ទាល់អំពីហេតុការណ៍បែបនេះ។

បង្កើតឡើងនៅថ្ងៃទី ១៩ ខែមីនាដោយមានជំនួយពីក្រុមតស៊ូមតិដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាចំនួនពីរគឺក្រុមប្រឹក្សាផែនការនិងគោលនយោបាយអាស៊ីប៉ាស៊ីហ្វិកនិង ក្រុមប្រឹក្សាជនជាតិចិនសម្រាប់ចំណាត់ការជាវិជ្ជមាន វេបសាយបញ្ឈប់សម្អប់ជាតិសាសន៍ AAPI (www.a3pcon.org/stopaapihate) ទទួលបានរបាយការណ៍ជាង ១០០០ ឬប្រហែល ១០០ ក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃទី ៣០ ខែមីនា។ AAPI តំណាងឱ្យជនជាតិអាម៉េរិកដើមកំណើតអាស៊ីនិងអ្នករស់នៅលើកោះប៉ាស៊ីហ្វិក៕ ដោយ៖ កញ្ញាដាលីស

ជនជាតិអាស៊ីរស់នៅអាម៉េរិកច្រើនឡើងរងការបំពានរហូតដល់ថ្នាក់ចាក់សម្លាប់ទាំងគ្រួសារក៏មាន ដោយសារកូវីដ១៩មានដើមកំណើតពីចិន