ពលរដ្ឋ​កោះកុង​១០០​នាក់ ទទួល​ការព្យាបាល​ជំងឺ​ក្រពះ និង​ពោះវៀន​ឥតគិតថ្លៃ​

505
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ក្រពះ និង​ពោះវៀន ទទួលបាន​ការពិនិត្យ និង​ព្យាបាល ពី​ក្រុមគ្រូពេទ្យ​ថាំ​ម៉ា​សាទ មកពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​មិន​គិតថ្លៃ ក្រោម​កិច្ចសហការ​រវាង​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង និង​មន្ទីរពេទ្យ​ស្រុក​ខ្លងយ៉ៃ​។​

​និយាយបានថា ជា​លើកដំបូង​ហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង ទទួល​សេវា​ពិនិត្យ និង​ព្យាបាល ជំងឺ​រលាក​ក្រពះ និង​ពោះវៀន​មិន​បង់ថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​ថៃ ខណៈ​សង្កេតឃើញ​ប្រជាពលរដ្ឋ​មួយចំនួនធំ មាន​បញ្ហា​ជម្ងឺ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ និង​ត្រូវការ​ថវិកា​ចំណាយ​ច្រើន ដើម្បី​ព្យាបាល​។​

​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បាន​លើកឡើងថា តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ផ្នែក​វេជ្ជសាស្ត្រ និង​គ្រូពេទ្យ​មាន​ជំនាញ អាចជួយ​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ក្រពះ ពោះវៀន ជូន​ពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ក្រោម​កិច្ចសហការ​របស់​មន្ទី​រ​ទៅ​ភាគី​ថៃ​។

​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត ពន្យល់ថា ករណី​មេរោគ​ដែល​សង្ស័យថា​ជា​ជំងឺមហារីក​ក្នុង​ក្រពះ ឬ​ពោះ វៀន ក្រុមគ្រូពេទ្យ​នឹង​យកទៅ​ពិសោធន៍​បន្ត​នៅ​មន្ទីរពេទ្យ​ថាំ​ម៉ា​សាទ ក្រោយពី​ដឹង​លទ្ធផល​រោគវិនិច្ឆ័យ​រួចរាល់​បញ្ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​វិញ ដើម្បី​ផ្តល់​ថ្នាំ​ព្យាបាល​។ បេសកម្ម​ទទួល​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ក្រពះ ពោះវៀន ក្រុមគ្រូពេទ្យ​ថៃ នឹង​ជ្រើស​រើសយក​អ្នក​ជម្ងឺ​ចំនួន​១០០​នាក់ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​បើតាម​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ការ​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ក្រពះ និង​ពោះវៀន បង្កឡើង​ដោយ​មេរោគ​ម្យ៉ាងដែ​លលា​ក់មុខ ការប្រើប្រាស់​ថ្នាំ​សរសៃរ​ខុស របៀប​អាហារ និង​រលាក​ដោយ​ខ្លួនឯង ដែល​ចាំបាច់​ត្រូវ​ព្យាបាល​អោយបាន​ទាន់ពេលវេលា ជៀសវាង​បណ្តាលឱ្យ​អាកា​រៈ​ធ្ងន់ធ្ង​ន​ទៅជា​ជំងឺមហារីក​។​

​ចំណែកឯ​កញ្ញា Sirada Wongwanwatna ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត បានឱ្យដឹងថា ក្រុមគ្រូពេទ្យ​ជំនាញ​ចំនួន​៧​នាក់ និង​បុគ្គលិក​២០​នាក់ ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រព័ន្ធ រំលាយ​អាហារ​ជូន​ពលរដ្ឋ​កោះកុង​បានជា​សះស្បើយ​។​

​កញ្ញា Wongwanwatna បន្ថែមថា នាង​ពិត​រីករាយ​ចំពោះ​បេ​ក​សម្ម​មនុស្សធម៌​ផ្នែក​សុខាភិបាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ គ្រា​ពួកគាត់​មាន​ផលវិបាក ព្រោះតែ​ការ​ជំងឺ​ក្រពះ និង​ពោះវៀន​យូរ​ឆ្នាំ​។ បើ​មានឱកាស​លើក​ក្រោយ​ទៀត កញ្ញា​នឹង​ស្នើសុំ​កិច្ច​ពី​ក្រុមគ្រូពេទ្យ​ថៃ​ដ៏​ទៃ​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​កោះកុង​ជាថ្មី​។​

​អ្នកស្រី ស៊ុន ម៉ាលី និង​លោក មិ​ត ម៉ឺន ជា​អ្នកជំងឺ​ក្រពះ និង​ពោះវៀន​យូរ​ឆ្នាំ​មកហើយ អះអាង​ពី​ផល​លំបាក​ជំងឺ​ស្រដៀង​គ្នា​ថា ពួកគាត់ ពិតជា​លំបាក​ទ្រាំទ្រ​នឹង​ជំងឺ​ទាំងនោះ​ណាស់ដែ​លវា​កើតមាន​៣​ទៅ​៤​ឆ្នាំ​មកហើយ ទោះបីជា​ខិតខំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយចំនួន​ក៏ដោយ​ក៏​មិនជា​ដាច់​ដែរ​។ ក្រោយពី​ដឹង​ព័ត៌មាន​ថា មាន​ក្រុមគ្រូពេទ្យ ថៃ​ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដែល​ពួកគាត់​កំពង​កើតមាន ទើប​ប្រញាប់​មកអោយ​ក្រុមគ្រូពេទ្យ​ថៃ​ជួយ​ព្យាបាល​។​

​ក្រុម​អ្នកជំងឺ បន្ថែមថា ការ​ជម្ងឺ​ក្រពះ និង​ពោះវៀន បង្ក​ការរំខាន​ដល់​ការរស់នៅ និង ស្វែង​ប្រាក់​ចំណូ​ច​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ​។ ថ្ងៃ​ខ្លះទៅ ល​មូល ក្តៅក្រហាយ​ក្នុង​ខ្លួន​មិនដឹង​មូលហេតុ​ក៏មានដែរ ខ្លះ​ក្អក​រាក​ជាដើម​។​
​កន្លងទៅ មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង តែងមាន​កម្មវិធី​ទទួល​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ តាមរយៈ​គម្រោង​កិច្ច​សហប្រតិបត្តិ​ផ្នែក​សុខាភិបាល​រវាង​សមាគម និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ក្រៅប្រទេស ដើម្បី​ជួយសង្គ្រោះ​ជម្ងឺ​ផ្សេងៗ​កំពុង​តម្រូវការ ខណៈ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ជីវភាព​ក្រីក្រ​៕ ល​