ពិតជាមិនទាន់មានសុវត្ថិភាពទេ ! ថ្ងៃ ២២ ឧសភា កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ កូ​វីដ ១៩ ថ្មី ម្នាក់ទៀត​

150
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ០៩ : ០០ នាទី យប់​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ នេះ​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ថ្មី ១ នាក់ ជា​ស្ត្រី​ជនជាតិខ្មែរ អាយុ ៣៩ ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ គឺជា​អ្នកដំណើរ​វិល​ត្រឡប់​មកពីសហរដ្ឋអាម៉េរិក បន្ត​ជើងហោះហើរ​ពី​សាធារណរដ្ឋកូរ៉េ បាន​មកដល់​កម្ពុជាតាំងពី​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២០ នេះ ។ តាម​ព័ត៌មាន​ផ្តល់​ដោយ​ស្ត្រី​រូបនេះ គឺ​គាត់​បាន​ទៅ​សហរដ្ឋអាម៉េរិក តាំងពី​ខែកុម្ភៈ ឆ្នាំ ២០២០ នេះ រួច​ក៏បាន​បន្ត​ស្នាក់នៅ​ទីនោះ​មួយរយៈ ដោយសារ​មានការ​បិទ​ជើងហោះហើរត្រឡប់​មកវិញ​មិនកើត ។​


-​ ​ពេលមកដល់​កម្ពុជាវិញ គាត់​បាន​នៅ​ដាច់ដោយឡែក​ដោយ​ខ្លួនឯង ហើយ​បាន​ទៅពិនិត្យ​សុខភាព និងធ្វើតេស្ត​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ ដោយសារ​មានការ​ក្អក និងតឹង​ច្រមុះ និងស្ងួត​បំពង់ក ហើយ​ពេលនោះ គឺ​ទទួលបាន​លទ្ធផលអវិជ្ជមាន ។ ទោះយ៉ាងណា គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​គាត់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​គ្រប់ ១៤ ថ្ងៃ រហូតដល់​ថ្ងៃទី ២០ ខែឧសភា នេះ អាកា​រ​របស់គាត់​មិនបាន​ធូរស្រាល​ឡើយ ហើយ​ថ្ងៃទី ២២ គាត់​ត្រូវបាន​ក្រុមគ្រូពេទ្យ យក​វត្ថុ​សំណាក​ទៅ​វិភាគ​សាជាថ្មី​ម្តងទៀត ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ ១៩ នាពេលនេះ ។​


​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា បច្ចុប្បន្នេះ ស្ត្រី​រូបនេះត្រូវបាន​យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រួចហើយ ។​


​ការរកឃើញ​ថ្មី១ ករណីនេះ ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ( រួមទាំង​អ្នក​ព្យាបាល​ឱ្យ​ជា​ហើយ​ផង ) សរុប ១២៤ នាក់ ( ជនជាតិ ខ្មែរ ៥៣ នាក់ ក្នុងនោះ បុរស ៤៤ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ៩ , ជនបរទេស ៧១ នាក់ ) គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន , ព្យាបាល​ជាសះស្បើយ ១២២ នាក់ កំពុង​សម្រាក​ព្យាបាល ២ នាក់ គឺ​អ្នក់​ដែល​ទើបតែ​រកឃើញ​កាលពី​ថ្ងៃទី ២១ និង ២២ ឧសភា នេះ ។


​ក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធ​អះអាងថា កម្ពុជា នៅតែ​មិន​បន្ធូរបន្ថយ​ដៃ ដូចជា​នៅតែ​ពិនិត្យ​តាមដាន​អ្នកដំណើរ និង ធ្វើតេស្ត​ជា​បន្តបន្ទាប់​ជាដើម ហើយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក តែងតែ​អំពាវនាវ​ដល់ និង សំណូមបរ​យ៉ាងទទូច​ឱ្យ​សាធារណជន​នៅ​កម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​នានា ជា​អ្វីដែល​ក្រសួងសុខាភិបាល ហៅថា សភាព​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ កម្ពុជា ដូចជា អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) គម្លាត​សុវត្ថិភាព​សង្គម និង គ​ម្ល​តា​សុវត្ថិភាព​បុគ្គល ឱ្យបាន ១ ទៅ ២ ម៉ែត្រ ចៀសវាង​ការជួបជុំ​ដែលមាន​គ្នាច្រើន ។ ល ។ ពោលគឺ សាធារណជន កម្ពុជា ត្រូវតែ​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាចជា​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេលនេះ ប្រសិនបើ​គ្រប់គ្នា​នៅ​កម្ពុជា ហ៊ាន​ធ្វេសប្រហែស ៕ Kh/Ha