ពិធីបើក និងបិទលំហាត់សង្គ្រោះ គ្រោះមហន្តរាយ នៅតំបន់ព្រំដែន គោករួមគ្នា និងការងារមនុស្សធម៌ ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង

299
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច។

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀងនិងការបើកសម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។

ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។

រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។

បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកប្រទេសទាំងពីរ ចែកចេញជា៤ ដំណាក់កាលហើយលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ គឺជាលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។

នាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា ការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ។

នាយឧត្តមសេនីយ៍បានបន្តថា ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ឱ្យដឹងថា លំហាត់សង្គ្រោះគ្រោះមហន្តរាយ ដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាមនាពេលនេះមានលំហាត់ចំនួន៤ រួមមាន៖

  • លំហាត់ទី១៖ ការជួយសង្គ្រោះប្រជាជននៅពេលមានទឹកជំនន់ជន់លិច ដោយមានឧទ្ធភាគចក្រពីរគ្រឿង សម្រាប់ហោះត្រួតពិនិត្យភូមិសាស្ត្រលិចទឹក និងដឹកប្រជាពលរដ្ឋមកទីទួលលសុវត្ថិភាព។
  • លំហាត់ទី២៖ គឺជាលំហាត់ទាក់ទងការបន្សាបសារធាតុគីមី នាយទាហនជំនាញគីមីសាស្ត្រ ធ្វើសកម្មភាពបន្សាបសារធាតុគីមី នៅពេលមានការសាយភាយជាតិគីមីចេញពីរោងចក្រ និងកាកសំណល់សង្គ្រាម។
  • លំហាត់ទី៣៖ គឺជាសកម្មភាពរបស់កម្លាំងកងពលទ័ពពិសេសឆត្រយោងលេខ ៩១១ កម្លាំងកងពលតូចលេខ ៧០ និងកម្លាំងកងទ័ពជើងទឹក ដែលបានធ្វើការរុករក និងដឹកជញ្ជូនប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ដែលមានការកសាងរោងសម្រាប់ដាក់ប្រជាជនរងគ្រោះ និងការធានាជីវភាពរស់នៅក្នុងរយៈពេលខ្លីមួយ ។
  • លំហាត់ទី៤៖ គឺជាសកម្មភាព ដឹកជញ្ជូនប្រជាជនទៅមណ្ឌលសុខភាព នៅពេលប្រជាពលរដ្ឋមានជំងឺផ្សេងៗ ឱ្យបានទាន់ពេលវេលា។

គួរជម្រាបថា នេះគែជាការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ លើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា ហើយក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។

ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ៕B/