ពិធី​ការិនី រតនា ចាប់ផ្ដើម​អួត ពី​ការទិញ​គ្រឿង​ពេជ្រ តម្លៃ​ជិត ២០ ម៉ឺន​ដុល្លារ​

220
ចែករម្លែក

​ភ្នំពេញ​៖ ពិតជា​ប្រែប្រួល​លឿន​ខ្លាំង​មែនទែន សម្រាប់​តារា​ល្បី ពិធី​ការិនី រតនា ពេលនេះ​កាន់តែ ជោគជ័យ​នឹង​មុខ​ជំនួញ​អន​ឡាញ​របស់​នាង ស្ងាត់ៗ នាង​បាន​ទិញ​គ្រឿង​ពេជ្រ​ថ្មី​មួយឈុត តម្លៃ​ជិត ២០ ម៉ឺន​ដុល្លារ ទុក​ពាក់​ពេល​លក់​ផលិតផល​។

​ទើបតែ​ប្រកាស​នូវ​ការ​នាំចូល​គ្រឿងសម្អាង​ប្រ៊េ​ន​ថ្មី កាលពី​ថ្មីៗ​នេះ តារា​ពិធី​ការិនី មាស សុវណ្ណ​រតនា ហៅ “​រតនា​” ស្រាប់តែ​បញ្ចេញ​សម្រស់​ជាមួយ​គ្រឿង​ពេជ្រ មួយឈុត​ធំ​ទៀត នៅពេល​ឡាញ លក់​ផលិតផល​របស់​នាង​។ ការបញ្ចេញ​គ្រឿង​ពេជ្រ មួយឈុត​ធំ​នេះ​ត្រូវបាន នាង​បង្ហើប​ឱ្យដឹងថា តម្លៃ​ជិត ២០ ម៉ឺន​ដុល្លារ ដែល​ទើប​ទិញ ពី​ហាង​ពេជ្រ ទ្រី ដា​ណា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។

​អ្នកនាង រតនា បាន​អួត​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​ថា វា​ជាការ​ពិតមែន ដែល​នាង​ទើបតែ​ទិ​ញូ​គ្រឿង​ពេជ្រ មួយឈុត​ធំ​ទៀត ហើយ​មិនមែន​លេងសើច ឬ​ក្លែងបន្លំ ទៅតាម​អ្នក​រិះគន់ ឬ​មនុស្ស​មួយចំនួន ចោទប្រកាន់ថា ខ្ចី​គេ​ពាក់​នោះទេ​។ នាង​បាន​ទិញ​គ្រឿង ពេជ្រ មួយឈុត​ធំ​នេះ ពី​ហាង​ពេជ្រ ទ្រី ដា​ណា យ៉ាងពិត​ប្រាកដ ដោយមាន​ក្រដាស​ស្នាម បញ្ជាក់​ត្រឹមត្រូវ ហើយ​ត្រូវបាន​ធានាថា​សុទ្ធ ទឹក​ល្អ ទើប​នាង​មាន​ទំនុក​ចិត្តខ្លាំង ជឿ​លើ​ហាង មួយ​នេះ​។ ទិញ​គ្រឿង​ពេជ្រ មាន​ទាំង​ខ្សែក ខ្សែដៃ ក្រវិល និង កងដៃ លើក​នេះ ក៏ដោយ​សារ មាន​មូលហេតុ​មួយចំនួនទៀត​ដែរ​។

​ធ្លាប់ជា​អតីត​ពិធី​ការិនី អាន​ព័ត៌មាន​នៅ​ទូរទស្សន៍ ស៊ី​អិន​ស៊ី​ផងដែរ​នោះ អ្នកនាង បាន​ប្រាប់ថា មួយរយៈ​នេះ មាន​គូប្រជែង​ខ្លះ បាន​យក​រឿង ទាំង​ការរកស៊ី និង​រឿង​នាង​ពាក់​ពេជ្រ មក​និយាយ ដៀមដាម ប្រមាថ​ពេញ​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើឱ្យ​នាង​មិន​ពេញចិត្ត ចំពោះ​ទង្វើ​អ្នករកស៊ី​ខ្លះ​មិន​ខំ ប្រឹង​រកស៊ី បែរជា មួយថ្ងៃៗ អង្គុយចាំ​រិះគន់ ទើស​គេឯង និង​បំផ្លើស​ពី​ការពិត​។ ដូច្នេះ​នាង​សម្រេច ចិត្ត​ទិញ​ពេជ្រ​មួយឈុត​ធំ​ទៀត ដែលមាន​តម្លៃ ១៧៥.០០០ ដុល្លារ​អាមេរិក ពី​ហាង​ពេជ្រ ទ្រី ដា​ណា​។ លុយ​ទាំងអស់នេះ សុទ្ធសឹងតែ​រក​ទុកដាក់ រយៈពេល​ជា​យូរ​មកហើយ​ក្រោយ​ជោគជ័យ លើ​មុខរបរ​អន​ឡាញ NNP និង​ថ្មីៗ​នេះ NUNA មួយទៀត ទើប​សម្រេចចិត្ត​ទិញ​របស់​ដែល​នាង ស្រលាញ់​បែបនេះ​។

​តារា​ស្រី​រូបនេះ បាន​និយាយទៀតថា ជីវិត​នាង បាន​ឆ្លងកាត់​ច្រើន​ហើយ នាង​ស្ទើរតែ​មិនដែល បាន​ដេក​ពេញភ្នែក​ទេ ១​ថ្ងៃ ច្រើនណាស់ ៣ ម៉ោង​។ លុយ​របស់​នាង និង​គ្រួសារ​មាន​សល់​បាន ច្រើន​បាន​ប៉ុណ្ណេះ ដោយសារតែ នាង និង​ស្វាមី មិន​ទទួលទាន​គ្រឿង​ស្រវឹង មិន​ចូល​ក្លិប មិន​ចូល​កា​រ៉ា​អូ​ខេ មិនសូវ​ដើរ​កម្សាន្ដ​ទេ គឺ​ស្ទើរតែ ៩៩ ភាគរយ​។ បើ​ការរកស៊ី​ចុះ​តាម​ខេត្ត និង ក្រុមការងារ​របស់​នា​ង តែងតែ​ដឹក​ឥ​វ៉ាន់​ដល់​អតិថិជន ដោយ​ផ្ទាល់ដៃ ទើប​នាង​ជោគជ័យ មកដល់ពេលនេះ ហើយក៏​មិនមែន​អង្គុយ ចាំ​រាប់​លុយ​ស្រួល​នោះដែរ​។

​សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណ​រតនា ហៅ រតនា ក្នុង​ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន ការងារ ជា​ពិធី​ការិនី​ជាប់​រហូត និង ធ្វើការ​ស្នូល​រាល់ថ្ងៃ ជា​អ្នក​ទីផ្សារ ហើយ​អ្វីដែល​ពិសេស សម្រាប់​នាង​នោះ នាង​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ ជាមួយនឹង​ក្រុមហ៊ុន​គ្រឿងសម្អាង NNP ដោយបាន​បោះទុន​ដំបូង​ប្រមាណ ៤ ម៉ឺន​ដុល្លារ​។​

​ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ ក្នុងសង្គម ហើយ​ជា​ភរិយា​ល្អ ដែល​ខំ​ប្រឹងរក​ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ​របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករ​នៅ​ខេត្តកំពត​។ មហាជន ក៏​សរសើរ​ថា នាង​ឧស្សាហ៍ ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព​សប្បុរសធម៌ ដែល​កន្លងមក នាង​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ ជួយ​ដល់​អ្នកមាន​ជីវភាព​ក្រីក្រ ហើយ​ថ្មីៗ​នេះ បាន​ចំណាយពេល និង​ថវិកា ចុះ​ចែក​ម៉ាស់ ២.៥០០ បន្ទះ និង​អាកុល ២.៥០០ ដប ជូន​អ្នក​អត់​សូវ​មាន​ដូច តា​ស៊ីក្លូ អ្នករត់​កង​បី និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​។ ក្រៅពី​អាជីព​ជា​ពិធី​ការិនី និង​អ្នកលក់​អន​ឡាញ នោះ នាង​ក៏​ធ្លាប់ជា​អតីត​ជា​អ្នក​ទីផ្សារ និង អ្នកសារព័ត៌មាន​នៅ​ក្រុមហ៊ុន TNB របស់លោក​ប្រុស ស្អាត​ជ្រោ​ចង្វា ប៊ុន រឿន ៕ ដោយ​៖ បូ​រិ​ន​