ពិធី​បុណ្យ​សព​ចាប់ផ្តើម​សម្រាប់​ជនរងគ្រោះ​ដោយ​អគ្គិភ័យ​លើ​រថភ្លើង​នៅ​ប៉ា​គី​ស្ថាន​

339
ចែករម្លែក

​សាច់ញាត្តិ​នៃ​ជនរងគ្រោះ​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ទី​១​ខែ​វិច្ឆិកា​ដើម្បី​ធ្វើ​ពិធី​បុណ្យសព​ដំបូង​នៃ​ជនរងគ្រោះ​ចំនួន​៧៤​នាក់​ដែល​បាន​ស្លាប់​នៅពេល​ភ្លើង​បាន​ឆាបឆេះ​​ពេញ​រថភ្លើង​មាន​មនុស្ស​ជិះ​យ៉ាង​ច្រើន​និង​កំពុងធ្វើដំណើរ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្រុមគ្រួសារ​ដែល​យំ​ស្រែក​បាន​ប្រមូលផ្តុំ​គ្នា​នៅ​អាគារ​ផ្លូវការ​មួយ​នៅ​ទីក្រុង​មៀ​ពឺ​ខាស​នៅពេល​យប់​នៅ​ពេល​ដែល​សាកសព​ដំបូង​គេ​ដែល​គ្របដណ្ដប់​ដោយ​ក្រណាត់​ស​បាន​ចាប់​​ផ្តើម​មកដល់​ដោយ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ពី​កន្លែង​ដែល​រថភ្លើង​ឆេះ​នោះ​។

​មនុស្ស​ជាង​១០០​នាក់ បាន​ចូលរួម​ពិធី​បុណ្យ​សព​ដែល​ធ្វើ​នៅ​ព្រះវិហារ​អ៊ីស្លាម​មួយ​នៅ​ទីក្រុង​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា នៅពេល​អ្នកដំណើរ​មួយចំនួន​នៅលើ​រថភ្លើង​បាន​ចម្អិន​អាហារ​នៅ​ពេល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ ចង្ក្រានហ្គាស​២​ក្នុងចំណោម​ចង្ក្រានហ្គាស​ជាច្រើន​របស់​​ពួកគេ​នោះ​បាន​ផ្ទុះ​ដោយ​បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ពេញ​ទូរថភ្លើង​ចំនួន​៣ នៅពេល​រថភ្លើង​នេះ បាន​កំពុង​ឆ្លងកាត់​ទីក្រុង រ៉ា​ហ៊ីម យ៉ា ខាន់ ក្នុង​ខេត្ត​ពុន​ចាប ។​

ដោយសារ​ភ្លើង​ឆេះ​រោល​ខ្លាំងពេក សាកសព​ភាគច្រើន​តំរូវ​អោយ​វិភាគ​DNA​ដើម្បី​កំណត់​អត្តសញ្ញាណ​

​យ៉ាងហោច​ណាស់​មាន​មនុស្ស ៧៤​នាក់​បាន​ស្លាប់ ដោយ​អ្នកខ្លះ​បាន​ស្លាប់​បន្ទាប់ពី​លោត​ចេញ​តាម​បង្អួច​ដើម្បី​គេច​ចេញពី​អណ្តាតភ្លើង​ខណៈ​ដែល​រថ​ភ្លើង​នៅ​បើក​ទៅ​មុខ​​នៅឡើយ​នោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍ ថា​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​និង​មនុស្ស​មួយចំនួន​រងរបួស​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចម្ងាយ​២​គីឡូម៉ែត្រ​។ មនុស្ស​រាប់​សិប​នាក់​ទៀត បាន​រង​របួស​ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅក្បែរនោះ​៕​ប្រែ​សម្រួល​៖​សុខា​