ពិព័រណ៍​កុលាលភាជន៍ និង ចម្លាក់​របស់លោក​អ៊ុក សុជា​ធី និង​លោក អ៊ូ វណ្ណឌី​

959
ចែករម្លែក
រូបវិទ្យស្ថានបារាំងនៅកម្ពុជា

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​នៅ​ល្ងាច​ថ្ងៃទី​២០​ខែមិថុនា​ស្អែក​នេះ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុ​ជានា​រាជធានី​ភ្នំពេញ​នឹង​ប្រារព្ធ​ការតាំងពិព័រណ៍​ពីរ​រួមគ្នា​ដែល​ស្នាដៃ​ដែល​មិនបាន​ដាក់តាំង​បង្ហាញ​ពីមុនមក​របស់​វិចិត្រករ​ខ្មែរ​ល្បីៗ ពីររូប​គឺ​លោក អ៊ុក សុជា​ធី​ជា​វិចិត្រករ​សូន​រូប​និង​លោក​អ៊ូ​វណ្ណឌី​ជា​វិចិត្រករ​ចម្លាក់​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិទ្យា​សា្ថ​ន​បារាំង​នៅ​កម្ពុជា​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩​ខែមិថុនា​នេះ​។​


​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ចម្លាក់​ជាង​៥០​នឹងដាក់​បង្ហាញ​ចាប់ពី​ថ្ងៃទី​២០​ខែ​មុ​ថុ​នា​រហូតដល់​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​។​
​តើ​លោក អ៊ូ វណ្ណឌី​និង​លោក​អ៊ុក សុជា​ធី ជា​នរណា​?


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​រៀបរាប់ថា​លោក អ៊ូ វណ្ណឌី បាន​សិក្សា​អំពី​សិល្បៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​ក្នុង​រាជធានី​ភ្នំពេញ​បន្ទាប់មក​លោក​បាន​សិក្សា​អំពី​វិទ្យាសាស្ត្រ​អប់រំ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​គឺ​នៅ​វិទ្យាស្ថាន​នោះ​ហើយ​ដែល​លោក​បន្ត​បង្រៀន​មកទល់ពេលនេះ​។​

​ជាជាង​ចម្លាក់ លោក អ៊ូ វណ្ណឌី តែង​យក​គំរូ​ក្បាច់ចម្លាក់​ទៅតាម​ទេវ​កថា​បុរាណ ហើយ​ថែមទាំង​បង្កើត​សិល្បៈ​មួយ ដែល​នៅ​ក្នុងនោះ​លោក​បង្កប់​ទៅ​ដោយសារ​ដែលមាន លក្ខណៈ​សង្គម ដូចដែល​លោក​ធ្លាប់​បានធ្វើ​កន្លងមក​នៅ​
​ខេត្តបាត់ដំបង ក្នុង​ចម្លាក់​ដើម្បី​សន្តិភាព​របស់លោក​។​

​ស្នាដៃ​របស់ លោក អ៊ូ វណ្ណឌី ស្ដែងចេញ​តាម​ការ​ផ្គុំ​សម្ភារ​ដែល​គេ​ប្រើប្រាស់​រួច ហើយ​លោក​យកមក​កែច្នៃ​ឡើងវិញ ធ្វើជា​រូបចម្លាក់ ដែល​ពេលខ្លះ​មាន​ទំហំ​ធំ និង​ពិតជា​ទាក់ទាញ​ភ្នែក​យ៉ាងពិត​ប្រាកដ​។ រូបចម្លាក់​ក្របីព្រៃ​ដែល​ត្រូវបាន​​ដាក់តាំង​បង្ហាញ​​លើក​ដំបូង​នៅក្នុង​ពិព័រណ៍ “​ការ​ទស្សនា​ស្នាដៃ​សិល្បៈ​” នៅក្នុង​សួន​ស្ថានទូត​បារាំង និង​ពេលនេះ នៅ​ទល់មុខ​ខ្លោងទ្វារ​ចូល​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ពិតជា​សក្ខីភាព​បញ្ជាក់​ពី​លក្ខណៈ​ធំ​សម្បើម​នេះ​។ ស្នាដៃ​ចម្លាក់​ដែរ​តាំង​បង្ហាញ​របស់លោក​នៅក្នុង​ពិព័រណ៍​នេះ​មាន​ចំនួន ២៥ វត្ថុ​សិល្បៈ​។​

​ចំណែក​លោក អ៊ុក សុជា​ធី​អ្នកជំនាញ​កុលាលភាជន៍​ទទួលបាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ពី​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ពី​បណ្ឌិតសភា​សិល្បៈ​ក្រុង​ហាង​ចូ​វ ប្រទេស​ចិន ។​លោក អ៊ុក សុជា​ធី គឺជា​សិល្បៈករ​ដ៏​សំខាន់​ម្នាក់​ខាង​សិល្បៈ​កុលាលភាជន៍​នៅ​កម្ពុជា​ដែល​លោក​ចូលរួម​ធ្វើ​ឱ្យគេ​ស្គាល់​តាមរយៈ​ការបង្រៀន​របស់លោក​។​

​ស្នាដៃ​របស់លោក​ត្រូវបាន​ដាក់តាំង​ពិព័រណ៍​ជា​ញឹកញាប់​នៅក្នុង​វិចិត្រសាល​ឯកជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ សារមន្ទីរ​ជាតិ​សៀមរាប និង​ក្នុង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ដូចជា​មជ្ឈមណ្ឌល​រោង​ជាង​សិល្បៈ (Workhouse Arts Center) នៅ​ក្រុង​ឡត​តុ​ន (Lorton) នៃ​សហរដ្ឋ​អាម៉េរិក នៅ​សារមន្ទីរ​កុលាលភាជន៍ នៃ​ខេត្ត​យី​ស៊ីន​(Yixing)​ក្នុងប្រទេស​ចិន វិចិត្រសាល​ក្រុង​សៀង​ហៃ ឬក៏​នៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ក្នុង​ក្រុង សិន​ដៃ (Sendai) នៃ​ប្រទេស​ជប៉ុន​។ ភាគច្រើន​នៃ​ស្នាដៃ​របស់លោក​ច្រើនតែ​រំលេច​នូវ​លោកធាតុ​វិទ្យា​ព្រះពុទ្ធ ដែលជា​ប្រភព​គំនិត​របស់លោក​។​

​បច្ចេកទេស​របស់លោក អ៊ុក សុជា​ធី ដែលមាន​ប្រភព​ចេញពី​ប្រពៃណី​កុលា​ល​ភាព​ជន៍​គូលែន​គឺជា​កុលាលភាជន៍​ ​មួយ​ដ៏​សំខាន់​នៅ​អាស៊ីអាគ្នេយ៍ ដោយសារតែ​សាច់​រលោង​នៃ​ភាជន៍ បច្ចេកទេស​ដុត និង​ទម្រង់​គ្មាន​ពីរ​របស់​វា​។​
​ដោយឡែក​នឹងមាន​វត្ថុ​សិល្បៈ​របស់លោក សុជា​ធី​ចំនួន ២៩ វត្ថុ​សិល្បៈ​នឹងត្រូវ​តាំង​បង្ហាញ​ក្នុង​សាល​ពិព័រណ៍​នេះ​។​
​គ្រប់​វត្ថុ​ដាក់តាំង​ទាំងអស់​សុទ្ធតែ​គេ​មិន​ធ្លាប់​ឃើញ​ពីមុនមក​និង​ត្រូវបាន​បង្កើត​ថ្មី​ពិសេស​សម្រាប់​ពិព័រណ៍​នេះ​៕​សរន​