ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ ១០

148
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ពោធិ៍សាត់​: នៅ​ព្រឹក​ថ្ងៃទី ៩ ខែ មីនា ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ ១០ ដែលជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កម្ពុជា​គឺ​ផ្លូវជាតិ​លេខ​៥៥​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ពី​ទី​រួម​ខេត្តពោធិ៍សាត់​ឆ្ពោះទៅកាន់​ព្រំដែន​ថ្មដា​ជាប់​ជាមួយ​ខេត្ត​ត្រាត​ប្រទេស​ថៃ ។​

​ផ្លូវជាតិ​លេខ​៥៥ មាន​ប្រវែង​សរុប ១៨២,១៦ គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ក្រុង​ពោធិ៍សាត់​ឆ្លងកាត់​ស្រុក​វាលវែង ទៅដល់​ថ្មដា​ព្រំដែន​កម្ពុជា​-​ថៃ ចំណាយ​ថវិកា​សាងសង់ សរុប ១៣២,៨០ លាន​ដុល្លារ​អាម៉េរិក​​ ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន​ យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ​ពន្ធអាករ​ផ្សេងៗ​។​ផ្លូវជាតិ​លេខ​៥៥​ប្រើពេល​សាងសង់​៣៨​ខែ​ចាប់ពី​ខែមីនា​ឆ្នាំ​២០១៥​ដល់​ខែឧសភា​ឆ្នាំ​២០១៨ ។​

​ទន្ទឹមនឹង​ការដាក់ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ ៥៥ សម្តេច​តេ​ជោ ហ៊ុន សែន និង លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ក៏បាន​ប្រកាស​បើក​ការដ្ឋាន សាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​ទៀត​គឺ​ផ្លូវជាតិ​លេខ​១០​។ ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​សំឡូត​ខេត្តបាត់ដំបង់​ឆ្លងកាត់​វាលវែង អូរ​សោម ខេត្តពោធិ៍សាត់​រហូតដល់​ខេត្ត​កោះកុង​មាន​ប្រវែង​សរុប ១៩៨,៧១​គីឡូម៉ែត្រ ។ ផ្លូវជាតិ​លេខ​១០ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ​អាម៉េរិក​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាលចិន​រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការដោះស្រាយ​ផលប៉ះពាល់​ការ​បោសសម្អាត​គ្រាប់មីន​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធអាករ​ផ្សេងៗ​និង សួយ​សារ​។

​ផ្លូវ​មួយ​ខ្សែ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (China Road and Bridge Corporation)​និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣​។​

​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការតភ្ជាប់​ទំនាក់ទំនង​គមនាគមន៍​រវាង​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង​និង​ខេត្តកោះកុង ​ក៏ដូចជា​ការធ្វើសមាហរណកម្ម​ត ភ្ជាប់​ផ្ទៃក្នុង​ប្រទេស​និង​ជាមួយ​តំបន់ ​សំដៅ​ចូលរួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង ទេសចរណ៍​បាន​ឆាប់រហ័ស​និង​ចំណាយ​តិច ។ ជាពិសេស​ជាមួយ​ប្រទេសជិតខាង​តាមរយៈ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ​នៅ​ថ្មដា​​ ខេត្តពោធិ៍សាត់​ នៅចាំ​យាម​ខេត្ត កោះកុង និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​យើង​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​៕ ល​/Ha