ព្រឹត្តិការណ៍ជាតិ ប្រចាំសប្តាហ៍

858
ចែករម្លែក
  • 22
    Shares

ដោយ​៖ ម៉េង​ឆៃ​ / ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ​២០១៨ កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ ទិវា សិទ្ធិមនុស្ស​អន្តរជាតិ ក្រោម​ប្រធានបទ “​រួមគ្នា​ថែរក្សា សន្តិភាព ដើម្បី​លើកកម្ពស់​សិទ្ធិ មនុស្ស​”​។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ប្រធានព្រឹទ្ធសភា​សម្ដេច​វិបុល​សេនា ភក្ដី សាយ ឈុំ និង​ដោយមាន​ការចូលរួម ពី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​អង្គទូត​បណ្ដា​ប្រទេស​នានា មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​រាប់ពាន់នាក់ នៅ​សាល សន្និបាត​កោះ​ពេជ្រ​។ ដោយឡែក អង្គការ​សមាគម សហជីព​កម្មករ ក៏បាន​ជួបជុំ​ពីរ​កន្លែង គឺ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មួយកន្លែង​ទៀត នៅ​មជ្ឈមណ្ឌល​មង្គល​ឧ​ត្ត​ម ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ថ្ងៃ​១០​ធ្នូ​។ រីឯ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ ឆ្នាំ​២០១៨​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា “​ថ្ងៃ​១០​ធ្នូ ជា​ទិវា​សិទ្ធិមនុស្ស​សកល ដែល​អង្គការសហប្រជាជាតិ បានប្រកាស​ឲ្យ​ប្រើ​តាំងពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៤៨ ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​មនុស្ស​ជាតិ​គ្រប់រូប នៅលើ​ពិភពលោក ដែល​កើតមក​មាន​សិទ្ធិសេរីភាព និង​ស្មើភាព​គ្នា ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​”​។​

​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ បានសម្រេច​ផ្តន្ទាទោស​មេដឹកនាំ​សហជីព​កម្មករ ចំនួន ៦​រូប ឲ្យ​ជាប់ទោស​២​ឆ្នាំ ៦​ខែ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម នៅ​ផ្លូ​វេ​ង​ស្រេង កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​។ ប៉ុន្តែ​ទោស​ជាប់ពន្ធនាគារ​នេះ ត្រូវ​ចៅក្រម បាន​ព្យួរទោស ពោលគឺ​មេដឹកនាំ​សហជីព​កម្មករ​ទាំង ៦​រូប មិនត្រូវ​បាន​ចាប់​ឃុំឃាំង​ទេ​។ ក្នុងនោះ តុលាការ ក៏បាន​បង្គាប់​ឲ្យ​មេដឹកនាំ​សហជីព​កម្មករ​ទាំង ៦ រូប បង់ពិន័យ​ជា​ប្រាក់ ក្នុង​ម្នាក់ៗ ៥​លាន​រៀល ព្រមទាំង​ត្រូវ​រួមគ្នា​សង​សំណង ទៅ​ជនរងគ្រោះ ជា​មន្ត្រីនគរបាល ចំនួន ២​នាក់ នូវ​ទឹកប្រាក់ ចំនួន​៣០​លាន​រៀល​។ មេដឹកនាំ​សហជីព​កម្មករ​ទាំង ៦​រូប រួមមាន​៖ លោក រ៉ុង​ឈុន លោក​ជា​មុនី លោក​អាត់​ធន់ លោក​ប៉ាវ​ស៊ីណា អ្នកស្រី យ៉ាង​សុ​ភ័​ណ្ឌ និង​អ្នកស្រី ម៉ម​ញឹម​។

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​កាត់ដេ​រ នៅ​ខេត្តកំពង់ស្ពឺ​។ ក្នុង​ពិធី​ជួបជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ គឺ​មិនមែន​សំដៅ​ទៅលើ​គណបក្សនយោបាយ ឬ​ក្រុម​ណាមួយ​នោះទេ ប៉ុន្តែ​ធ្វើ​នេះ គឺ​សំដៅលើ​បក្សនយោបាយ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា​។ សម្តេច បាន​ពន្យល់ថា ក្រោយ​វិសោធនកម្ម​ច្បាប់​នេះ មិនមែន​មានន័យថា អ្នកនយោបាយ ដែល​ត្រូវ​ជាប់​បម្រាម​របស់​តុលាការ​កំពូល ដែល​សម្រេច​មិន​ឲ្យ​ធ្វើ​នយោបាយ ៥ ឆ្នាំ ទាំង ១១៨ នាក់​នោះ អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ភ្លាម​នោះទេ គឺ​បុគ្គល​អ្នកនយោបាយ​ម្នាក់ៗ ត្រូវ​សរសេរ​លិខិត ស្នើ​មក​សម្តេច រឺ​ក្រសួងមហាផ្ទៃ ដើម្បី​សម្តេច ពិនិត្យ និង​សម្រេច ទូលថ្វាយ​ព្រះមហាក្សត្រ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មេ​សហជីព​កម្មករ ៣​រូប ក្នុងចំណោម ៦​រូប ដែល​ត្រូវ​តុលាការ បានសម្រេច​ផ្ទ​ន្ទា​ទោស ២​ឆ្នាំ ៦​ខែ ឲ្យ​បន្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាងថា មេ​សហជីព​ទាំង ៣ រូប គឺ​លោក ជា មុនី​, លោក ប៉ាវ ស៊ីណា និង​លោក​អាត់ ធន់ មិន​ជាប់​ព័ន្ធ​ទៅនឹង​រឿង​ហិង្សា នៅ​ផ្លូវ​វ៉េងស្រេង​នោះទេ​។​សម្តេច​តេ​ជោ ក៏បាន​ជំរុញ​រដ្ឋមន្ត្រីក្រសួង​ការងារ សិក្សា​លទ្ធភាព​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ តប​តាម​មេដឹកនាំ​សហជីព​ធំៗ​នៅ​កម្ពុជា​ផងដែរ​។​

​កាលពី​រសៀល​ថ្ងៃទី​១២ ខែធ្នូ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ បានរៀបចំ​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថ្ងៃ​១២ ខែធ្នូ លើក​ទី​១២ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​រួមសហការ​គ្នា​បង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស​»​។ ក្នុង​ពិធី​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​អំពាវនាវ​ដល់​ស្ត្រី​កម្ពុជា កុំ​យក​អំពើ​ពពោះ​ជំនួស​ជា​មធ្យោបាយ ដើម្បី​រកប្រាក់ ដោះស្រាយ​ជីវភាព​។​

​នៅក្នុង​សប្តាហ៍​នេះ ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្គាល់​ការខ្វែងគំនិត​គ្នា កាន់តែខ្លាំង​ឡើងៗ នៅក្នុង​បរិបទ ដែល​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា បាន និង​កំពុង​មើលមុខ​គ្នា​មិន​ចំ​។ ការខ្វែងគំនិត​គ្នា ជា​ផ្លូវការ​ជាថ្មី​នេះ បានកើត​ឡើង ដោយសារតែ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្សប្រឆាំង​មួយ​នេះ មិនអាច​រក​កូរ៉ុម​គ្រ​ប់​ចំនួន ដើម្បី​ប្រជុំ និង​សម្រេច​ចំពោះ​តួនាទី​ប្រធានស្ដីទី​របស់លោក សម រង្ស៊ី រហូតដល់​ទៅ ២​ដង​ជាប់​គ្នា​។​
​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ ត្រូវបាន​រដ្ឋសភា​អនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​។ ភ្លាមៗ​ក្រោយ​អនុម័ត រដ្ឋសភា ក៏បាន​បញ្ជូន​សេចក្ដីស្នើច្បាប់​នេះ ទៅដល់​ព្រឹទ្ធសភា​។ សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ ដែល​រដ្ឋសភា បាន​ប្រជុំ​អនុម័ត​នេះ បាន​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី ទូល​ស្នើ​សូម​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ លើកលែង​បម្រាម ដើម្បី​ឲ្យ​អ្នកនយោបាយ ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល អាចធ្វើ​នយោបាយ​ឡើងវិញ​។​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១៣ ខែធ្នូ បានទទួល​កម្ចីសម្បទាន​ចំនួន ៧០ លាន​ដុល្លារ ពី​ធនាគា​អភិវឌ្ឍន៍អាស៊ី សម្រាប់ធ្វើ​ការលើកកម្ពស់ និង​ថែទាំ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦​។ គម្រោង​កែលម្អ​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​នេះ នឹងត្រូវ​ចំណាយពេល​៣៦​ខែ ដោយ​ចាប់ផ្តើម​ការដ្ឋាន នៅ​ដើមឆ្នាំ​២០១៩ តទៅ​។​

​ពិធីបុណ្យ​សមុទ្រ ក្នុង​ខេត្តកោះកុង រយៈពេល ៣​ថ្ងៃ បានចាប់ផ្តើម​ហើយ កាលពី​ថ្ងៃទី​១៤ ខែធ្នូ​។ ពិធី​បើក​ជា​ផ្លូវការ ប្រព្រឹត្តទៅ នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។ ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ នៅ​ខេត្តកោះកុង រយៈពេល ៣​ថ្ងៃនេះ បាន​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​” អមដោយ​ពាក្យស្លោក “​អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​”​។​

​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា លើកដំបូង​នៅ​កម្ពុជា បាន​បើក​ឱ្យ​សិស្ស និស្សិត មហាជន​ចូល​ទស្សនា ដោយ​សេរី កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ​។ ការរៀបចំ​ពិព័រណ៍​យន្តហោះ និង បច្ចេកវិទ្យា រយៈពេល ៣​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​យុវជន សិស្ស និង​និស្សិត​ខ្មែរ​និង​សាធារណៈជន ទទួលបាន​ចំណេះដឹង​ថ្មីៗ​អំពី​យន្តហោះ​ឯកជន និង​ឧទ្ធម្ភាគចក្រ​។ ក្នុង​រយៈពេល ៣​ថ្ងៃនេះ ក៏មាន​តាំង​បង្ហាញ​នូវ​ស្នាដៃ​ទេពកោសល្យ​កូន​ខ្មែរ​យើង ដែល​បាន​ផលិត​ឧបករណ៍​អេឡិចត្រូនិក គ្រឿងយន្ត បច្ចេកវិទ្យា និង​ការសរសេរ​កូដ​ផ្សេងៗ​ជាដើម៕