ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​បញ្ចប់​ដោយ​ជោគជ័យ​

2072
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ទី​៤​ខែមិថុនា​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ក្រោម​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​។​កីឡាករ មកពី​ក្រសួងមហាផ្ទៃ​ទទួលបាន​មេដាយ​ច្រើនជាងគេ​។​

ពិធីបិទកីឡាជាតិលើកទី២ឆ្នាំ២០១៨

នា​ពិធី​បិទ​នេះ​បានរៀបចំ​ឡើង​យ៉ាង​អស្ចារ្យ​មិន​ចាញ់​ពិធី​បើក​ការប្រកួត​កាលពី​ថ្ងៃទី ២៥ ឧសភា នោះទេ​។​លោក ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា​អស់ រយៈពេល ១១ ថ្ងៃ​កន្លង​មក​ត្រូវបាន​អ្នកឯកទេស​សហព័ន្ធ​កីឡា​អាស៊ី​វា​តម្លៃ​ថា​មានការ​រៀបចំ​បានល្អ តាម​ស្តង់ដារ​អន្តរជាតិ​។​ការ​ប្រកួត​​​បាន​ប្រព្រឹត្តទៅបាន​ទទួលលទ្ធផល​ល្អប្រសើ​លើ​គ្រប់​វិញ្ញាសារ​កីឡា​ដោយ​កីឡាករ​កីឡាការិនី​មាន​វិន័យ​និង​គោរព​នូវ​ក្រម​សីល​ធ៌​ម​កីឡា​បានល្អ​។​

​លោក​បន្តថា​រយៈពេល​ជិត​១១​ថ្ងៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​បានកត់សំគាល់​ថា​ការប្រកួត​កីឡា​ជាតិ​លើក​នេះ​មាន​ទាំង​ចំណុច​វិជ្ជមាន​ផង​និង​អវិជ្ជមាន​ផង​។​នោះ​គឺ​កីឡាករ​ប្រមាណ ២០ ភាគរយ​បាន​បោះបង់​ចោល​ការប្រកួត​ដោយសារតែ​គម្លាត​នៃ​សមត្ថភាព​របស់​កីឡា​មកពី​តាម​បណ្តា​ខេត្ត​ដែល​មិនអាច​ប្រៀបផ្ទឹម​បានជា​មួយ​កីឡា​នៅ​រាជធានី និង ក្រសួង​ស្ថាប័នរដ្ឋ​បាន ។ យ៉ាងណា ក៏ដោយ​ចំណុច​អវិជ្ជមាន​នេះ​នឹងត្រូវ​កែប្រែ​នៅ​ឆ្នាំ​បន្តបន្ទាប់​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​កើនឡើង​ព្រមៗ​គ្នា ។​

​លោក​បន្តថា​ការប្រកួត​កីឡា​ជាតិ​រយៈពេល ២ ឆ្នាំ​ម្តងនេះ គឺជា​អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង ដើម្បី​ត្រៀម​ខ្លួន​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។​រាប់​ចាប់តាំងពី​ពេលនេះ​តទៅ​កម្ពុជា​នៅមាន​ពេល​ពីរដង​ទៀត​ដើម្បី​ត្រៀមខ្លួន​គឺ​នៅ​ឆ្នាំ​២០២០​ម្តង និង​ឆ្នាំ​២០២២​ម្តងទៀត​។​

​ចំណែក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងថា​ការប្រកួត កីឡា​ជាតិ​នេះ​បាន​យក​គំរូ​តាម ការប្រកួត​កីឡា​អាស៊ាន​។ យោងតាម​លទ្ធផល​នៃ​ការប្រកួត​រយៈពេល ១១ ថ្ងៃ​កន្លង​មកនេះ​ក្លិប​ក្រសួងមហាផ្ទៃ​នៅតែ​ឈរ​កំពូល​តារាង​មេដាយ​។ ក្នុងចំណោម​ក្លិប​កីឡា​មក ពី​ក្រសួង​និង​រាជធានី​ខេត្ត​ចំនួន​២៨​លើ​វិញ្ញាសារ​ចំនួន​២៧​នៅ​ទូទាំងប្រទេស​ដោយ​ប្រមូលបាន​មេដាយ​សរុប ១៤៩​គ្រឿង​មាន​មេដាយ​មាស ៨៣​។ រាជធានី​ភ្នំពេញ​ដែល​ធ្លាប់​ឈ្នះ​មេដាយ​ច្រើនជាងគេ​កាលពី​កីឡា​ជាតិ​លើក​ទី​១​ឈរ​លេខ​រៀង​ទី​២​មាន​មេដាយមាស​៤២​សរុប​១២៤​គ្រឿង​។​ចំណែក​ក្រសួងការពារជាតិ​ឈរ​លេខ​៣​ដណ្ដើមបាន​មេដាយ​មាស ៣៣ សរុប ៦១ គ្រឿង ។ ខេ​ត្ក​កណ្តាល​ចំណាត់ថ្នាក់​លេខ ៤ ទទួលបាន​មេដាយ ៤៨ ក្នុងនោះ មេដាយមាស ១២ ។

​សូម​បញ្ជាក់ដែរថា​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​នេះ​កម្ពុជា​បាន​ប្រើប្រាស់​កីឡាដ្ឋាន​ធំៗ​ចំនួន​ពីរ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ។ ក្រៅពីនេះ​ការប្រកួត​ក៏មាន​រៀបចំ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែរ ។

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​នេះ មាន​អត្ត​ព​លិ​កជាង​បួន​ពាន់​នាក់​ចូលរួម​លើ​២៧ ប្រភេទ​កីឡា ដោយ​ចំណាយ​ថវិកា​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ៕​មន​