ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

142
ចែករម្លែក
សម្តេច​តេ​ជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា

ដោយៈម៉េង​ឆៃ​/ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤​ខែកុម្ភៈ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដោយ ក្នុងពេល​ចាប់ផ្តើម​កិច្ចប្រជុំ សម្តេច បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​មួយចំនួន ដើម្បី​សង្គ្រោះ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ពី​ផលប៉ះពាល់​នៃ​វីរុស កូ​វីត​១៩ ខណៈ​វីរុស​នេះ កំពុង​រាតត្បាត និង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។ វិធានការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ មាន​ទាំង​ការលើកលែង​ពន្ធ សម្រាប់​ផ្ទះសំណាក់ និង​សណ្ឋាគារ ក៏ដូចជា​ការបញ្ចេញ​ប្រាក់​របស់​រដ្ឋ ជួយ​ដល់​កម្មករ​កម្មការិនី ដែល​រោងចក្រ​កាត់ដេរ បិទទ្វារ ហើយ​ព្យួរការងារ ដោយសារតែ​ខ្វះ​វត្ថុធាតុដើម ដែល​មិនអាច​នាំមក​ពី​ប្រទេស​ចិន​បាន​នៅពេលនេះ​។​


​ ​ក្នុងពេល​ប្រកាស​ចេញ​នូវ​វិធានការ​បន្ទាន់​មួយចំនួន ដើម្បី​សង្គ្រោះ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ពី​ផលប៉ះពាល់​នៃ​វីរុស​កូ​វីត ១៩ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤​ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា កម្ពុជា នឹងមិន​ស្នើសុំ​ត្រឡប់មកវិញ​នូវ EBA ២០% ដែល​សហភាព​អឺរ៉ុប សម្រេច​យកពន្ធ​លើ​ទំនិញ​កម្ពុជា​នោះទេ ហើយ​កម្ពុជា ក៏​មិន​ថយក្រោយ លើ​ការកាត់ក្តី​លើ​សំណុំរឿង​ក្បត់ជាតិ​របស់លោក​កឹម​សុខា ផងដែរ​។​


​ ​​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ក្រសួងការបរទេស តាមរយៈ​អ្នកនាំពាក្យ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​បដិសេធ​នូវ​ការអះអាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​បរទេស​មួយចំនួន ដែលថា កម្ពុជា​បានអនុញ្ញាត​ឱ្យ​អ្នកដំណើរ​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ចាក​ចេញពី​នាវា Westerdam ដែលជា​ការបង្កើន​ការរីក​រាលដាល​វី​រ៉ុ​ស​នេះ លើ​សាកលលោក​។ ប៉ុន្តែ​ក្រសួងការបរទេស បានចាត់ទុក​ព័ត៌មាន​នេះ ថា​ជាការ​មិនឱ្យ​តម្លៃ​លើ​កិច្ចការ​មនុស្សធម៌ និង​សមត្ថកិច្ច​ផ្នែក​សុខាភិបាល​របស់​កម្ពុជា​។​


​ ​​ថ្ងៃទី​២៥ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​មន្ត្រីជាន់ខ្ពស់ និង​សិស្ស​មន្ត្រី​ក្រមការ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​។ ចំពោះមុខ​យុវជន ដែល​នឹង​ក្លាយជា​មន្ត្រីរាជការ​រាប់​រយ​នាក់ សម្តេច​តេ​ជោ បាន​ដាស់តឿន​មន្ត្រីរាជការ​ទាំងអស់​ជាថ្មី​ម្តងទៀត ឱ្យ​បម្រើ​ពលរដ្ឋ ដោយស្មោះ​ត្រង់ កុំ​តាំងខ្លួន​ជា​ចៅហ្វាយនាយ​របស់​ពលរ​ដ្ឋ​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា កំពុង​អនុវត្តន៍​កំណែទម្រង់​ស៊ី​ជំរៅ ដើម្បី​លប់បំបាត់ចោល​នូវ​មន្ត្រី​អសកម្ម ដែល​តែងតាំង​ខ្លួន ជា​ចៅហ្វាយ​របស់​ពលរដ្ឋ និង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លូន​ជាធំ​។​


​ ​ក្នុង​វេទិកា​នៃ​ពិធី​សម្ពោធ​សមិទ្ធផល​នានា នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​ផ្ដល់​ភាពកក់ក្ដៅ​ជូន​នគរបាល​ចរាចរ​ណ៍​ថា សម្ដេច​សូម​ធានា​ចេញមុខ​ការពារ​ចំពោះ​នគរបាល ដែលមាន​បញ្ហា​ព្រោះតែ​ហ៊ាន​ផាកពិន័យ​មន្ត្រី​អ្នកធំ ឬ​អ្នកមានអំណាច ដែល​ល្មើសច្បាប់​ចរាចរណ៍​។ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ច្បាប់​ស្ដីពី​ចរាចរណ៍ មិនមែន​រឹតបន្តឹង​ការអនុវត្ត​តែ​ទៅលើ​ពលរដ្ឋ​សាមញ្ញ​ណា​នោះទេ គឺ​ឱ្យតែ​អ្នកដំណើរ​លើ​ដងផ្លូវ​ធ្វើ​ខុស ត្រូវតែ​ផាកពិន័យ ឬ​ផ្ដន្ទាទោស កុំថាឡើយ តំណាងរាស្ត្រ រដ្ឋមន្ត្រី ឬ​មន្ត្រី​ពាក់​ផ្កាយ​ពេញ​ស្មា​ណាក៏ដោយ ក៏ត្រូវ​ផាកពិន័យ​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធផ្លូវ​ខ្សែក្រវាត់​ព្រំដែន​មួយ​ខ្សែ មាន​ប្រវែង​ជាង ១៧៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណាយ​ថវិកា​ប្រមាណ ១២៣ លាន​ដុល្លា​សហរដ្ឋអាមេរិក


​ ​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​មួយ​ខ្សែ មាន​ប្រវែង​ជាង ១៧៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណាយ​ថវិកា​ប្រមាណ ១២៣ លាន​ដុល្លា​សហរដ្ឋអាមេរិក បាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ទៅកាន់​ថ្នាក់ដឹកនាំ​ចិន សូម​ប្រើប្រាស់​យន្តហោះ ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន មក​ផ្គត់ផ្គង់​ខ្សែចង្វាក់​ផលិតកម្ម​នៃ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង នៅ​កម្ពុជា គ្រា​ដែល​បច្ចុប្បន្ន​វិស័យ​កាត់ដេរ នៅ​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក កំពុង​រង​ភាព​រង្គោះរង្គើ ដោយសារ​ឥទ្ធិពល​វីរុស​កូ​វីត ១៩​។​


​ ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ប្រកាស​ពី​ការចូលរួម​សាមគ្គី និង​គាំទ្រ​ចំពោះ​បក្ស​កុ​ម្មុនី​ស្ត​ចិន រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19​។ ក្នុង​សេចក្តីថ្លែងការណ៍ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​គាំទ្រ​ដល់​សេចក្តីប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បានចាត់ទុក​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ បណ្តាលមកពី​មេរោគ​ខូ​វីដ ១៩ ( Covid-19 ) ក្នុងស្ថានភាព​អាសន្ន និង​ជា​ក្តីកង្វល់​អន្តរជាតិ ហើយ​យើងទាំងអស់គ្នា នៅក្នុង​ស្ថានភាព​រួមគ្នា និង​អាច​បញ្ឈប់​បញ្ហា​នេះ ទាំងអស់គ្នា​។​


​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ប្រចាំ​សប្តាហ៍ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាសថា កម្ពុជា​កំពុង​ទំនាក់ទំនង​គ្រប់​មធ្យោបាយ ដើម្បីអោយ​ប្រទេស​ចិន ផ្តល់​អាទិភាព ផ្គត់ផ្គង់​វត្ថុធាតុដើម ស្រប​ពេលដែល​រោងចក្រ​មួយចំនួន នៅ​ប្រទេស​កម្ពុជា កំពុង​ខ្វះ​វត្ថុធាតុដើម ដែល​នាំចូល​មកពី​ប្រទេស​ចិន ហើយ​ប្រឈម​នឹង​ការបិទទ្វារ​។ ការ​ស្វះស្វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចនេះ ដោយសារ​តាម​ការព្យាករណ៍ និង​វាយតម្លៃ​ជាក់ស្តែង បញ្ហា​ឥទ្ធិពល​វីរុស Covid-19 អាចធ្វើអោយ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ជិត ២០០​រោងចក្រ នឹង​បិទទ្វារ នៅ​ខែមីនា​ខាងមុខ ដែលមាន​ប៉ះពាល់​ដល់ក​ម្មករ ១៦​ម៉ឺន​នាក់ ដោយសារតែ​កង្វះ​វត្ថុធាតុដើម​។ មកដល់​ថ្ងៃទី​២៧​ខែកុម្ភៈ មាន​រោងចក្រ​កាត់ដេរ ចំនួន ១០ បាន​ជូនដំណឹង​មក​ក្រសួង​ការងារ ពី​ការព្យួរ​ការងារ​តាម​ផ្នែក​មួយចំនួន ដែលមាន​កម្មករ​ប្រហែល ៣​ពាន់​នាក់ ត្រូវ​ព្យួរការងារ​។


​ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ដល់​សម្តេចព្រះ​សង្ឃ​នាយករង ៣​ព្រះអង្គ នៅ​វត្ត​ចំពុះក្អែក កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើឲ្យ​ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​ថ្នាក់ដឹកនាំ​សង្ឃ ពិនិត្យមើល​ព្រះសង្ឃ ដែល​ទេសនា​បែប​កំប្លែង​។ សម្តេច​តេ​ជោបាន​ចោទ​ជា​សំណួរ​ថា តើ​ការ​ទេសនា​បែបនេះ វា​ប៉ះពាល់​ដល់​វិស័យ​សាសនា​ដែរ​ទេ​?​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​ពី​ផែនការ​របស់​រាជរដ្ឋាភិបាល ដែល​គ្រោង​កាត់​តំបន់​អរិយ​ត្ស​ក្រ និង​ល្វាឯម​របស់​ខេត្តកណ្តាល បញ្ចូល​មកជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ នាពេលខាងមុខ​។​


​ ​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ រដ្ឋាករ​ស្វយ័ត​ដឹក​ជ​ញ្ចូ​ន​រថយន្តក្រុង​រាជធានី​ភ្នំពេញ បានប្រកាស​ពី​ការសម្រេច​បញ្ឈប់​បុរស​បុគ្គលិក​អ្នកបើកបរ​ម្នាក់ បន្ទាប់ពី​បុគ្គលិក​រូបនេះ បាន​ឈប់​រថយន្តក្រុង ហើយ​ឈរ​បន្ទោ​របង់ ឬ​បត់ជើងតូច ទាំង​កណ្ដាលផ្លូវ នៅ​កណ្តាលថ្ងៃត្រង់ នៅ​ជិត​ផ្សារ​ថ្មី ហើយ​ត្រូវបាន​អ្នកដំណើរ​ថត​បាន និង​យកមក​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕សរន