ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក ត្រូវ​ពន្យារពេល​ការប្រកួត ដោយសារតែ​កូ​វីត​-១៩

197
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក WLC Khmer Kingdom ដែល​ត្រៀម​នឹង​ប្រកួត នៅ​សង្វៀន​ស្តា​ត​អូឡាំពិក នា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ត្រូវបាន​ពន្យារពេល​ការប្រកួត​ហើយ ដោយសារតែ​ការ​រាតត្បាត របស់​កូ​វីត​-១៩ (CO VID -19)​។​

​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ពិភពលោក ដែលមាន​កីឡាករ ម៉ឺន មេ​ឃា សមាគម​ប្រដាល់ ក្រសួងការពារជាតិ និង​ជា​ម្ចាស់​ខ្សែក្រវាត់ ចូលរួម​ប្រកួត ដណ្តើម​ខ្សែក្រវាត់ ជាមួយ​កីឡាករ ម្ចាស់​ខ្សែក្រវាត់ ព័រ​ទុយ​ហ្គា​ល់​នោះ ឥឡូវនេះ ត្រូវបាន​ប្រកាស​ពន្យារ​ពេល​ហើយ នេះ​បើ​យោងតាម ការ​ប្រាប់​ឲ្យ​ដឹង ពី​អ្នក​សហការ​រៀប ចំការ​ប្រកួត WLC នេះ​។​

​តាម​អ្នករៀបចំ បានឱ្យដឹង​ទៀតថា ការពន្យារពេល​ការប្រកួត ប្រដាល់​គុន​ខ្មែរ​ក្បាច់គុន​ចម្រុះ WLC នេះ ដោយ​គិត​ទៅលើ​សុវត្ថិភាព របស់​ក្រុម​កីឡាករ និង​ទស្សនិកជន ខណៈដែល​ជំងឺ​កូ​វីត​-១៩ កំពុង​រាតត្បាត ស្ទើរ​ពេញ​ពិភពលោក ដោយឡែក នៅ​កម្ពុជា ក៏​កំពុងតែ​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​នេះដែរ​។​

​ព្រឹត្តិការណ៍​ប្រដាល់​ពិភពលោក WLC “ World Lethwei Championship” ដែលមាន​កីឡាករ ជើង​ខ្លាំង ប្រដាល់​គុន​ខ្មែរ ក្បាច់គុន​ចម្រុះ របស់​កម្ពុជា និង កីឡាករ ប្រដាល់​ជើង​ខ្លាំង ព័រ​ទុយ​ហ្គា​ល់ មី​យ៉ាន់​ម៉ា រួមជាមួយ​កីឡាករ​អឺរ៉ុប មួយចំនួនទៀត នឹងធ្វើ​ឲ្យ​កក្រើក​សង្វៀន ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាមរយៈ​ការជួប​ប្រកួត​គ្នា ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ផង និង​ប្រកួត​ម៉ា​រ៉ា​តុង ដណ្តើម​ខ្សែក្រវាត់​ផង​។​

WLC “ World Lethwei Champio nship” គឺជា​កម្មវិធី​ប្រដាល់ របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កម្ពុជា​យើង ធ្លាប់​ទៅ​ចូលរួម​ប្រកួត នៅ​សង្វៀន​មី​យ៉ាន់​ម៉ា ចំនួន ៤ លើក រួចមកហើយ តែ​សម្រាប់​លើក​នេះ បានមក​រៀបចំ​ការប្រកួត ជា​លើក​ទី​១ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​

ប៉ាណូ​ដែល​ត្រៀម សម្រាប់​ការប្រកួត​

​ការប្រកួត ក្នុង​កម្មវិធី WLC ដ៏​ធំ​នៅ​កម្ពុជា​នេះ គឺជា​ការរួម​សហការ​រៀបចំឡើង ដោយ​ប្រដាល់​គុន​ខ្មែរ សហការ​ជាមួយ​អ្នក​ប្រដាល់​ភូមា ដោយមាន​ការចូលរួម ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​បាយ័ន ផង​នោះ នឹង​ពន្យារ​ទៅធ្វើ​នៅ​ខែសីហា ឬ​ខែកញ្ញា ខាងមុខ​វិញ ឬក៏​អាច​ព្យា​រ​ពេល ហើយក៏​អាច​លុបចោល​តែម្ដង ក៏​ថា​បានដែរ ។​

​តាម​ការគ្រោងទុក​មុន កម្មវិធី​ប្រដាល់ WLC នៅ​កម្ពុជា​នេះ នឹងមាន​កីឡាករ ប្រដាល់​វ័យក្មេង ជើង​ខ្លាំង​កម្ពុជា ម៉ឺន មេ​ឃា ដែលជា​កូន​អតីត អធិរាជ​កែង​ឆេះ ជង្គង់​ហោះ អេ ភូ​ថង នោះ ចូលរួម​ប្រកួត ជាមួយនឹង​កីឡាករ ព័រ​ទុយ​ហ្គា​ល់ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​កំពុង​គ្រង ខ្សែក្រវាត់​ម្នាក់​មួយ ដូចគ្នា ហើយ​សម្រាប់​ការជួប​ប្រកួត​គ្នា លើក​នេះ គឺ​វាយ​ដណ្តើមយក​ខ្សែក្រវាត់​ថ្មី មួយទៀត ហើយ​អ្នក​ប្រដាល់​ស្រី គុន​ខ្មែរ នូវ ស្រី ពៅ ក៏​នឹងត្រូវ​ជួប​ប្រកួត ជាមួយនឹង​អ្នក​ប្រដាល់​ស្រី វៀតណាម​។​

​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ នឹង​ជួប​ប្រកួត ជាមួយនឹង​ជើង​ខ្លាំង​ភូមា ជា​លក្ខណៈ​ប្រដាល់​គុន​ខ្មែរ ។ ការប្រកួត​នេះ គឺ​ប្រកួត ៥ ទឹក ក្នុង​មួយ​ទឹក​មាន ៣ នាទី​។​

​សូមបញ្ជាក់ថា មានតែ រឿង សោ​ភ័​ណ្ឌ ម្នាក់​ទេ ដែល​ប្រកួត​ជា​លក្ខណៈ​គុន​ខ្មែរ ក្រៅពី​ហ្នឹង គឺ​ប្រកួត​ជា​លក្ខណៈ​ក្បាច់គុន​ចម្រុះ (Mixed Martial Art) ដែល អាច​ប្រើ​កណ្ដាប់ដៃ មិនមាន​ពាក់​ស្រោមដៃ (​ហ្គ​ង់​) និង​អាច​ប្រើ​ក្បាល​អុក​បាន តាម​ក្បាច់គុន របស់​ភូមា​។ នៅមាន​កីឡាករ​ខ្មែរ ចូលរួម​ប្រកួត ជាមួយនឹង​កីឡាករ ប្រទេសជិតខាង និង​អឺរ៉ុប មួយចំនួនទៀត ។​

​គួរ​រម្លឹក​ឲ្យ​ដឹងថា កីឡាករ​កម្ពុជា ធ្លាប់បាន​ចូលរួម លើ​ប្រភេទ​កីឡា Lethwei តាំងពី​ព្រឹត្តិការណ៍​ដំបូង​មកម្ល៉េះ ដោយ​ពួកគេ បាន​ចូលរួម​ប្រកួត​គ្រប់​កម្មវិធី របស់ Lethwei ពិភពលោក ។ អត្ត​ព​លិ​ក​កម្ពុជា ដែល​ធ្លាប់​បង្ហាញ​សមត្ថភាព នៅ World Lethwei Championship មាន​អ្នក​ប្រដាល់ រឿង សោ​ភណ្ឌ ក៏ដូចជា នូវ ស្រី​ពៅ ដែល​នាង​បានក្លាយ ជា​កីឡាការិនី​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​ការប្រកួត World Lethwei Championship ។​

​រាជធានី​ភ្នំពេញ បាន​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ដំបូង សម្រាប់​ការប្រកួត Lethwei ដែលមាន​ឈ្មោះ ថា WLC: KHMER KINGDOM ។ វា​គឺជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ សម្រាប់​កម្ពុជា ដោយ​ពួកគេ អាច​ផ្សព្វផ្សាយ ពី​សិល្បៈ វប្បធម៌ របស់ខ្លួន ក្នុងការ​ប្រកួត Lethwei ពិភពលោក តាមរយៈ​ការប្រើ​សំលៀកបំពាក់ ប្រពៃណី​, តន្ត្រី សិល្បៈ​បុរាណ ក្នុងការ​ផ្សាយ​ផ្ទាល់ ក្នុងនោះ​ក៏មានដែរ ការរៀបចំ​បញ្ចូល ការប្រកួត​របស់​កំពូល អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ល្បីៗ​របស់​ប្រទេស ម្ចាស់ផ្ទះ​៕v