ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​​យាង​ទៅពិនិត្យ​​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំងនៅព្រឹកនេះ​

218
ចែករម្លែក

ដោយ៖តារារីទ្ធ(​ភ្នំពេញ​)៖ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះ​មហាក្សត្រី​ព្រះវររាជមាតាជាតិខ្មែរ នៅម៉ោង៨៖៣០ នាទីព្រឹកថ្ងៃទី១​ ខែ មេសា​ឆ្នាំ ២០២០ បានយាងទៅកាន់​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព ។ ព្រះរាជដំណើរ យាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ​ទាំងទ្វេ​​​ ធ្វើឡើងជាទៀងទាត់ទៅតាមការយាងពីសំណាក់ក្រុមគ្រូពេទ្យចិន ។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដល់ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ,សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្ត្រី​អ្នកមុខអ្នកការនិងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត ។ ដោយឡែក​ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងមន្ត្រីស្ថានទូតជាច្រើនរូបទៀតក៏មានវត្តមានក្នុង​ឱកាសនោះផងដែរ។

​ក្នុង​ព្រះរាជសារ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះថ្ងៃទី៣១ ខែ មីនា ថ្វាយ​សម្ដេចព្រះមហាសង្ឃរាជ​ទាំងពីរ​គណៈនិង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ព្រមទាំង​ជនរួមជាតិ​ទាំងអស់​ជាទី​នឹករលឹក​និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុតរបស់​ព្រះអង្គ​មាន​ខ្លឹមសារ​ថា​៖«​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំនិង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអនុញ្ញាត និង​អនុញ្ញាត​ពី​សម្តេចព្រះ​មហាសង្ឃរាជទាំងពីរ​គណៈ​និង​ព្រះថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំងអស់ ​អវត្តមាន​ពី​មាតុប្រទេសចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០​តទៅ​ ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព​» ។​

​ព្រះ​សារ​របស់​ព្រះអង្គ​បាន​បន្តថា​៖ « នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ​ជាប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។​

​ព្រះរាជដំណើរ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នេះ​មិនបាន​កំណត់ពេល​នៃ​ការយាង​ត្រឡប់មក​រប​ស់​ព្រះអង្គ​ទាំង​ទ្វេ​នោះទេ ។ ជា​ទៀងទាត់​ព្រះអង្គ​ទាំង​ទ្វេ​តែង​យាង ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព​ក្នុង​រយៈពេល ៦ ខែម្តង​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន ។​

​គួរ​រំលឹក​ថា ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ បាន​យាង​ពិនិត្យ​ព្រះរាជសុខភាព​លើកចុងក្រោយ ​នៅ​ថ្ងៃទី​២៦ ខែសីហា ២០១៩ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន និង បាន​យាង​មកកាន់​មាតុភូមិ​វិញ​នៅ​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ ៕ BR/Ha