ភាពយន្ត​ចិន​មួយ​ត្រូវបាន​ដក​ចេញពី​រោងភាពយន្ត​វៀតណាម ជុំវិញ​ឈុត​ឆាក​ចម្រូងចម្រាស់​មួយ​ទាក់ទិន​នឹង​សមុទ្រ​ចិន​ខាងត្បូង​

1584
ចែករម្លែក

​ខ្សែភាពយន្ត​ចិន​មួយ​ត្រូវបាន​ដក​ចេញពី​រោងកុន​ទាំងអស់​នៅ​ទូទាំងប្រទេស​វៀតណាម បន្ទាប់ពី​អ្នកទស្សនា​ម្នាក់​បាន​រាយការណ៍​ថា ឈុត​មួយ​ដែល​បញ្ជាក់ថា​សមុទ្រ​វៀតណាម​ខាងកើត (​ឬ​សមុទ្រ​ចិន​ខាងត្បូង​) ជា​របស់​ចិន ត្រូវបាន​បញ្ចូល​នៅ​ចុងបញ្ចប់​នៃ​ខ្សែភាពយន្ត​នេះ​។​

​រោងកុន CJ CGV Vietnam ដែលជា​សង្វាក់​រោងកុន​ដ៏​ធំ​មួយ​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា រឿង “Operation Red Sea” ដែលជា​ភាពយន្ត​ចារកម្ម​បែប​វាយតប់​របស់​ចិន ដឹកនាំ​ដោយ​លោក ដាន់​តេ ឡា​ម នឹងត្រូវ​បាន​ដក​ចេញពី​រោងកុន​ទាំងអស់ ដោយសារតែ​គ្មាន​ទស្សនិកជន​ចូល​មើល​។​

​ការសម្រេចចិត្ត​ដកចេញ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​លោក ត្រុ​ង ក្វាង ធិ​ញ អ្នកអាន​កាសែត Tuoi Tre (​យុវជន​) បាន​សរសេរ​អំពី​ឈុត​ឆាក ២ នាទី​ដ៏​ចម្រូងចម្រាស់​នៅ​ចុងបញ្ចប់​នៃ​ភាពយន្ត​នេះ​។​

​ខ្សែភាពយន្ត​នេះ​គឺ​ផ្អែកទៅលើ​ការជម្លៀស​ប្រជាពលរដ្ឋ​ចិន​រាប់រយ​នាក់​ពី​កំពង់ផែ​មួយ​នៅ​យេ​ម៉ែន ដែលជា​ប្រទេសមួយ​ស្ថិតនៅ​អាស៊ី​ខាងលិច​។​

​ឈុត​ឆាក​នេះ​គឺ​ផ្តោតលើ​ការជួយ​សង្គ្រោះ​ស្ត្រី​ចិន​ម្នាក់​និង​កូន​របស់​នាង ដែល​ត្រូវបាន​ក្រុម​ភេរវ​ករ​ចាប់ខ្លួន​។ បេសកកម្ម​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​កងកម្លាំង​ពិសេស​វ​របស់​កងទ័ព​ជើង​ទឹក​ចិន​។​

​រឿងនេះ​តាម​ដឹង​គឺ​និពន្ធ​ផ្អែក​តាម​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង​ពិត​ជាក់ស្តែង​។​

​លោក​ធិ​ញ​និយាយថា សកម្មភាព​ភាគច្រើនបំផុត​បានកើត​ឡើង​នៅតាម​ទីក្រុង​ចាស់ៗ តំបន់ភ្នំ និង​វាល​ខ្សាច់​ដ៏​ធំ ដែល​ធ្វើឱ្យ​ទស្ស​និក​នឹកឃើញ​ដល់​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង និង បច្ចេកទេស Effect ក៏មាន​ភាព​អស្ចារ្យ​ដែរ​។​

​ទោះយ៉ាងណា លោក​ធិ​ញ​និយាយថា ផ្នែក​ចុងក្រោយ​នៃ​ខ្សែភាពយន្ត​នេះ​ហាក់ដូចជា​មិន​ទាក់ទង​ទៅនឹង​សាច់រឿង​នោះទេ​។​

​ឈុត​ឆាក​២​នាទីចុងក្រោយ​បានបង្ហាញ​នៅឯ​សមុទ្រ​មួយ កន្លែង​ដែល​កង​នាវាចម្បាំង​ចិន​បាន​ឡោមព័ទ្ធ​នាវា​មិន​ស្គាល់​មួយគ្រឿង ហើយ​ទាមទារ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​នាវា​នោះ​ចាក​ចេញពី​សមុទ្រ​របស់​ពួកគេ ដែល​គេ​ហៅថា “​សមុទ្រ​ចិន​ខាងត្បូង​”​។​

​លោក​ធិ​ញ​ឆ្ងល់​ថា​តើ​ឈុត​ឆាក​នេះ​មានន័យ​យ៉ាងណា ដោយ​បន្ថែមថា ខ្សែភាពយន្ត​ទាំងមូល​នឹងមិន​រង​ផលប៉ះពាល់​ទេ ប្រសិនបើ​កាត់ចោល​ឈុត​ចុង​ក្រោយនេះ​ចេញ​។​

​លោក​ក៏បាន​សម្តែង​ការភ្ញាក់ផ្អើល​ផងដែរ​ដែល​អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាតឱ្យ​ខ្សែភាពយន្ត​នេះ​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស ដោយ​ដឹងថា​ឈុត​ចុងក្រោយ​មានរឿង​ចម្រូងចម្រាស់​បែ​ប​នេះ​ទៅហើយនោះ​៕ ដោយ៖ កញ្ញាដាលីស

រឿង “Operation Red Sea” ត្រូវបាន​ដកចេញ​ពី​រោងកុន​ទាំងអស់​របស់​វៀតណាម​ដោយសារ​ឈុត​ចុងក្រោយ ២ នាទី​ដ៏​ចម្រូងចម្រាស់