ភាព​ព្រងើយកន្តើយ​ចំពោះ​គម្លាត​សង្គម​បង្កក្តី​ព្រួយបារម្ភ​ដល់​មន្ត្រី​ទេសចរណ៍​

142
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ ខណៈដែល​ភ្ញៀវ​សម្រុក​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត​មាន​កំណើន​ឡើងវិញ មន្ត្រី​ទេសចរណ៍​មិនបាន​សម្តែង​ពី​មោទនភាព​ឡើយ​។​មន្ត្រី​ជំនាញ​ក្នុង​វិស័យនេះ​បែរជា​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ព្រោះតែ​ភ្ញៀវ​ហាក់​បំភ្លេចចោល​នូវ​ការរក្សា​កម្លា​ត​សង្គម​។​


លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​រយៈពេល​មួយ​សប្តាហ៍​គិត​ចាប់ពី​ថ្ងៃទី​២៧​ខែមេសា​ដល់​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០​ខេត្តកំពត​ទទួល​ទេសចរ​ចូលមក​កម្សាន្ត​ចំនួន​២៥.៦៩០​នាក់​ដោយ​ទេសចរ​បរទេស​មាន​២០៤​នាក់​។​ភ្ញៀវ​ទាំងនេះ​បានធ្វើ​ដំណើរ​តាម​រថយន្ត​គ្រប់​ប្រភេទ​៤.០០៥​គ្រឿង​និង​ម៉ូតូ​១.៦០៧​គ្រឿង​។​ក្នុងនោះ​សម្រាប់​មួយថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃទី​៣​ខែឧសភា​មាន​ទេសចរ​រហូតដល់​១៣.៩៨៨​នាក់​ដោយ​ភ្ញៀវ​ជាតិ​មាន​១៣.៨៨៥​នាក់​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ចា​ក់ថា​តាម​ការកត់សម្គាល់​សេវាកម្ម​ទេសចរ​ស្ទើរ​គ្រប់​ប្រភេទ​បាន​ដំណើរ​ការធម្មតា​លើកលែងតែ​សេវា​ធំៗ​សម្រាប់​បម្រើភ្ញៀវ​បរទេស​ដែល​មិនសូវមាន​សកម្មភាព​។​បញ្ហា​ព្រួយបារម្ភ​ជា​ចម្បង​គឺ​ទេសចរ​ភាគច្រើន​ហាក់​បំភ្លេច​នូវ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​សេចក្តីណែនាំ​ស្តីពី​កិច្ច​បង្ការ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។​ភ្ញៀវ​ទាំងនោះ​គ្មាន​ពាក់​ម៉ាស់​មិន​យកចិត្តទុកដាក់​លើ​ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ​ឬ​ទឹក​អាល់កុល​ពិសេស​មិនបាន​រក្សា​កម្លា​ត​សង្គម​តែម្តង​៕S/