មក​ស្គាល់​ប្រវត្តិ​ស្ត្រី​អ្នកជំនួញ ដ៏​ជោគជ័យ​ម្នាក់ក្នុងសង្គម​

152
ចែករម្លែក

​ភ្នំពេញ​៖ អ្វីដែល​ធ្វើអោយ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន បាន​លាន់មាត់​សរសើរ​ចំពោះ​ទឹក ចិត្ត​សប្បុរសធម៌ របស់​នារី​រូប​ស្រស់​ម្នាក់ ដែលមាន​ឈ្មោះ លើ​បណ្ដាញ​សង្គម Facebook ថា ទ្រី ដា​ណា ដោយសារតែ​ពាក្យ​មើលងាយ របស់​អ្នកដទៃ បានធ្វើ អោយ​ស្ត្រី​ឈ្មោះ ទ្រី ដា​ណា តស៊ូ​ព្យា​យ​យាម អត់ធ្មត់ ពី​អ្នកលក់​ខោអាវ​ជជុះ ពី​ក្មេង​កំព្រា​ឪពុកម្ដាយ ទទួលបាន​ជោគជ័យ ក្លាយជា ម្ចាស់​ក្រុមហ៊ុន និង​ជា​ថៅកែ​ហាង​ពេជ្រ ថែម​ទៀតផង​។

​តាមពិត នាង​គឺជា​កូនកំព្រា មាន​ប្រវត្តិ​តស៊ូ តាំងពី​លក់​ខោអាវ​ជជុះ​ជម្នះ​នឹង​ពាក្យ​គេ​មើលងាយ គ្រប់បែបយ៉ាង រហូត​ក្លាយជា​ម្ចាស់​ហាង​ពេជ្រ និង​មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ទៀតផង​។ មនុស្ស​ជា ច្រើន​ស្គាល់​អ្នកស្រី ទ្រី ដា​ណា តាមរយៈ​សកម្មភាព​ស​ប្បុ​រសធម៌​នានា ហើយ​នៅពេលដែល អ្នកស្រី បើក Facebook មក​ឃើញ​អ្នក​ជួប​ការលំបាក អ្នកស្រី តែង​ឱ្យគេ​ជួយ​ទាក់ទង​ជួយ ស្វែងរក ដើម្បី​ឧបត្ថម្ភ​គ្រាន់​សម្រាល​ការលំបាក​។

​ទោះបី​រវល់​នឹង​មុខ​ជំនួញ​យ៉ាងណាក្ដី អ្នកស្រី ទ្រី ដា​ណា តែង​បង្ហោះ​ជារឿយៗ​នូវ​សកម្មភាព មនុស្សធម៌​ទាំងនេះ ដើម្បីឱ្យ​គ្រប់គ្នា​បានឃើញ និង​មានគំនិត​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។ អ្វីដែល​ធ្វើឱ្យ​គ្រប់គ្នា​ស្រលាញ់​គាំទ្រ និង​ចូលចិត្ត​អ្នកស្រី ទ្រី ដា​ណា គឺ​ការចែករំលែក​ផ្ដល់ ដំបូន្មាន លើ​អាជីវកម្ម​ដោយ​គ្មាន​ការលាក់លៀម ហើយ​ផ្ដល់​គំនិតល្អៗ ដល់​អ្នកអាន​ជានិច្ច​។

​ជាក់ស្ដែង​នៅលើ​ទំព័រ Facebook របស់លោក​ស្រី ទ្រី ដា​ណា តែង​បង្ហោះ​នូវ​ពាក្យ​អប់រំ និង​បទពិសោធន៍ ដែល​អ្នកស្រី​បាន​ជួបប្រទះ​កន្លងមក ហើយ​វា​ជាការ​អប់រំ​ចិត្ត​អ្នកអាន ឱ្យបាន​ស្ងប់ និង​ពេញចិត្ត​នូវ​អ្វីដែល​ខ្លួន​មាន​ផងដែរ​។ ឃើញ​អ្នកស្រី ទ្រី ដា​ណា​មានទ្រព្យ ជួយ​ដល់​ជនក្រីក្រ ឬ​ធ្វើបុណ្យ​នានា គ្រប់គ្នា​ប្រហែលជា​គិតថា នារី​រូប​ស្រស់​នេះ​គឺជា​កូនចៅ អភិជន ឬ អ្នកមាន​ជំនួញ​ក្នុង​ដៃ​ណា​ម្នាក់ ដែល​បន្ត​មរតក មកឱ្យ​នាង​នោះទេ​។ អ្វីៗ​ទាំងអស់នេះ មិនមែន​ដូច​គ្រប់គ្នា​គិត​ឡើយ លទ្ធផល​ដែល​អ្នកនាង មាន​ដល់​សព្វថ្ងៃ គឺជា​ការតស៊ូ​ប្រឹងប្រែង របស់​នាង តាំងពី​លក់​ខោអាវ​ជជុះ ជាង​១០​ឆ្នាំមុន មកម្ល៉េះ​។ អ្នក​ដែល​លក់​ខោអាវ​ជជុះ នៅ​ម្ដុំ​ផ្សារ​សាំ​ហាន់ នៅតែ​ស្គាល់​អ្នកស្រី ទ្រី ដា​ណា ហើយ​មិន​នឹកស្មានថា ជីវិត​ផ្លាស់ប្ដូរ ៣៨០ ដឺ​ក្រេ បែបនេះ​ឡើយ​។

​អ្នក​ស្គា​ល់ពី​ប្រវត្តិ​ជីវិត​របស់ អ្នកស្រី ទ្រី ដា​ណា បាន​រៀបរាប់ថា លោកស្រី ទ្រី ដា​ណា ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៥​នាក់ មាន​ទីកន្លែង​កំណើត​នៅ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ អ្នកជំនួញ​ឆ្នើម​រូបនេះ មាន​ឪពុក ឈ្មោះ ងួន ទ្រី និង​ម្ដាយ ឈ្មោះ សៀង ជូរ ប៉ុន្តែ​លោក​ទាំង ២ បានទទួល​មរណភាព ទៅហើយ ដោយ​ជំងឺ​ប្រចាំកាយ​។

​ប្រមាណ​ជាង ១០ ឆ្នាំមុន ក្នុងពេលដែល​អ្នកស្រី ទ្រី ដា​ណា កំពុង​លក់​ខោអាវ​ជជុះ ម្ដាយ​ឪពុក បាន​ស្លាប់ ចោល​ទាំង​មិនទាន់​ចូលដល់​វ័យ​ជរា ព្រោះតែ​នាង​មិនអាច​រកប្រាក់​ព្យាបាល លោក​ទាំង​២​បាន​។ ទោះបី​មានការ​ឈឺចាប់​នឹង​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ប៉ុន្តែ​នារី ចិត្តសប្បុរស​រូបនេះ បាន​ក្រោកឈរ​ឡើងវិញ តស៊ូ​ជម្នះ​វាសនា ជម្នះ​ការមើល​ងាយ ដើម្បី​ខិតខំ​រកលុយ ក្នុងនាម​ជា​ក្មេង​កំព្រា​។

​ជា​ក្មេង​កំព្រា​ឪពុកម្ដាយ លោកស្រី ទ្រី ដា​ណា បាន​តស៊ូ​យក​ខោអាវ​ជជុះ​មក​លក់​ក្រោម​ឆ័​ត្រ មុខ​រោងចក្រ ដើម្បី​សន្សំ​ប្រាក់ យកមក​ដាក់ទុន​រក​ស៊ី​បន្តទៀត​។ បន្ទាប់ពី​មាន​ប្រាក់​មួយចំនួន ក្នុង​ដៃ លោកស្រី ទ្រី ដា​ណា ក៏បាន ប្រថុយ​យក​គ្រឿងសម្អាង​ពី​គេ​មក​លក់​តាម​ផ្សារ​។ ភាពរួស​រាយ រាក់ទាក់ សម្ដីសំដៅ ប្រកបដោយ​ទឹកដម​បាន ធ្វើឱ្យ​លោកស្រី ទ្រី ដា​ណា មាន​ម៉ូយ​កាន់តែច្រើន ហើយក៏​ប្រថុយ​យក​គ្រឿងសម្អាង ពី​ប្រទេស​ថៃ មក​លក់​បន្ត​។

​ជា​នារី​ម្នាក់​ដែលមាន​គោលដៅ​ធំ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង រហូត​សម្រេច​ក្ដី​ស្រមៃ​បើកសម្ពោធ ក្រុមហ៊ុន​មួយ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់ឈ្មោះថា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី​។ សព្វថ្ងៃ​ក្រុមហ៊ុន​នេះ មាន​អ្នកតំណាង​ចែកចាយ ប្រមាណ ៧​ម៉ឺន​នាក់ គ្រប់ រាជធានី​-​ខេត្ត ទូទាំងប្រទេស​កម្ពុជា​។

​បន្ទាប់ពី​ជោគជ័យ លើ​មុខ​ជំនួញ​គ្រឿងសម្អាង អ្នកស្រី ទ្រី ដា​ណា ក៏បាន​ងាក​មក​បើកហាង​លក់ គ្រឿងអលង្ការ មាស ពេជ្រ មួយទៀត នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់ឈ្មោះថា ដា​ណា​។ សព្វថ្ងៃ ជំនួញ​ថ្មី​នេះ កំពុង ជោគជ័យ ដើរទៅ​មុខ ដោយ​រលូន និង​មាន​អតិថិជន​គាំទ្រ យ៉ាងច្រើន​។ ដោយហេតុ​នេះហើយ ទើប​អ្នកស្រី ចាប់ផ្ដើម​សាងសង់​អគារ​ផ្ទាល់ខ្លួន​ថ្មី​មួយទៀត ដើម្បី​បើកហាង​ពេជ្រ ឱ្យ​កាន់តែ​ធំ​។

​មូល​ហេតុដែល​អ្នកស្រី ងាក​មក​បើកហាង​ពេជ្រ ក៏​ព្រោះតែ​នៅ​នឹកឃើញ​ពាក្យ​គេ​មើលងាយ​ថា ត្រឹម​លក់ដូរ​តូចតាច មិន​អាចមាន​វាសនា ពាក់​មាស ពេជ្រ បាន​។ ពេល​អ្នកស្រី ជា​ក្មេង​ម្នាក់ កំពុង​លក់ដូរ​តាម​ផ្សារ អ្នកស្រី ធ្លាប់​ទៅ​ឈរ​មើល​ទូ​តាំង មាស ពេជ្រ ក៏ត្រូវ​គេ​ដេញ​ថា គ្មាន​លុយ​ទិញ​ទេ នាំ​ទើស​ផ្លូវ​។​

​ទោះ​គេ​មើលងាយ​ក្ដី ក៏​អ្នកស្រី មិន​ខឹង​គេ​ដែរ តែ​បាន​យក​ភាពឈឺចាប់ ធ្វើជា​កម្លាំងចិត្ត​ដោយ គិត​ស្រមៃ​ថា ថ្ងៃ​ណាមួយ នឹងមាន​ហាង​ពេជ្រ មួយ​ខ្លួនឯង មិនមែន​ត្រឹមតែ ទិញ​ពាក់​នោះទេ​។ សព្វថ្ងៃ អ្នកស្រី ក៏បាន​សម្រេច​ក្ដី​ស្រមៃ​នោះ​ហើយ​។​

​ក្រៅ​ពីមុខ​ជំនួញ អ្នកស្រី ទ្រី ដា​ណា ក៏មាន​ចិត្ត​ស្រលាញ់ សិល្បៈ រាំច្រៀង ដោយបាន​យក​បទ ចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មាន​បទ ធ្វើឱ្យមាន​សន្ទុះ​អ្នកគាំទ្រ​ខ្លាំង​។ ក្រោយមក អ្នកស្រី​ក៏បាន​ចេញ​បទ Original Song ដោយ​ខ្លួនឯង និង Cover បទ​ពី ដើម​របស់ លោកតា ស៊ីន ស៊ី​សាមុត ខ្លះ រហូត​មាន​អ្នកទស្សនា ដល់​ទៅ​រាប់លាន​ដង​។ ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ រូបនេះ បានបញ្ជាក់​ហើយ​ថា គ្រាន់តែ​ច្រៀង ដើម្បី​កម្សាន្ត​អារម្មណ៍ ចែក​បងប្អូន សប្បាយ​ប៉ុណ្ណោះ មិនមែន​ធ្វើ​អាជីវកម្ម​ទេ​៕ ដោយ​៖ បូ​រិ​ន​