មនុស្សជិត ៣៩ លាននាក់ បាត់បង់ការងារធ្វើនៅសហរដ្ឋ អាម៉េរិក ចាប់តាំងពីកូវីដ១៩ ផ្ទុះរាលដាលពេញប្រទេស

75
ចែករម្លែក

រដ្ឋាភិបាលអាម៉េរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២១ឧសភាថា ចំនួន ជនជាតិអាម៉េរិកដែលដាក់ពាក្យសុំទទួលបានអត្ថប្រយោជន៍គ្រាគ្មានការងារធ្វើក្នុងរយៈពេល ២ ខែចាប់តាំងពីកូវីដ១៩បានកើតមាននៅក្នុងសហរដ្ឋអាម៉េរិក បានកើនឡើង ដល់ជិត ៣៩ លាននាក់ សូម្បីស្របពេលរដ្ឋពីឆ្នេរម្ខាងទៅឆ្នេរម្ខាងទៀតចាប់ផ្តើមបើក សេដ្ឋកិច្ចពួកគេឡើងវិញនិងអនុញ្ញាតឱ្យមនុស្សត្រឡប់ទៅធ្វើការវិញក៏ដោយ។

ក្រសួងការងារបាននិយាយថា មនុស្សជាង ២,៤ លាននាក់បានដាក់ពាក្យសុំ អត្ថប្រយោជន៍គ្រាគ្មានការងារធ្វើកាលពីសប្តាហ៍មុននៅក្នុងការបាត់បង់ការងារចុង ក្រោយបំផុតពីការបិទអាជីវកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះដល់កម្រិតទាប។

ចំនួននេះបាននាំឱ្យចំនួនសរុបនៃអ្នកគ្មានការងារធ្វើកើនឡើងដល់ ៣៨,៦ លាននាក់ ដែលជាការដួលរលំទីផ្សារការងារមិនធ្លាប់មានពីមុនមក។

ចំនួននៃការដាក់ពាក្យប្រចាំសប្តាហ៍បានថយចុះ ៧ សប្តាហ៍ជាប់គ្នា។ ប៉ុន្តែតួលេខនេះ នៅតែខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺខ្ពស់ជាង១០ដងធៀបនឹងគ្រាធម្មតា នៅមុនពេលវិបត្តិកើតឡើង។

នេះបង្ហាញថា ទោះបីជារដ្ឋទាំងអស់បានចាប់ផ្តើមបើកដំណើរការឡើងវិញ ក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះក្តី ក៏ការងារមិនទាន់អាចវិលមកសភាពដើម បានវិញឡើយ ហើយការផ្ទុះរាលដាលនៃជំងឺកូវីដ១៩នៅតែធ្វើឱ្យខូចខាតដល់ អាជីវកម្មនិងបំផ្លាញការងារជាច្រើនដដែល។

លោក ហ្គូស ហ្វូសស័រ ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន PNC Financial បាននិយាយថា “ខណៈការដាក់ពាក្យសុំអត្ថប្រយោជន៍ធ្លាក់ចុះជាប្រចាំជាដំណឹងល្អ ទីផ្សារការងារ នៅតែស្ថិតក្នុងស្ថានភាពអាក្រក់”៕ ដោយ៖ កញ្ញាដាលីស/Ha

មនុស្សជិត៣៩លាននាក់បាត់បង់ការងារដោយសារកូវីដ១៩នៅសហរដ្ឋអាម៉េរិក