មនុស្ស១ក្រុមសម្រុកវាយPM ខេត្តមណ្ឌលគិរី ប៉ុនប៉ងរំដោះជនសង្ស័យករណីដីធ្លីឈ្មោះទួច ហឿន

106
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ដូចជាគ្មានទុកកងកម្លាំងជាតិ នៅក្នុងក្រសែភ្នែកទាល់តែសោះចំពោះក្រុមគ្រួសារជនសង្ស័យម្នាក់ ឈ្មោះទួច ហឿន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងករណីដីធ្លី ដោយពួកគេបានលើកគ្នាប្រមាណជា៥នាក់ សម្រុកព្យាយាមរំដោះជនសង្ស័យកំឡុងពេលនាំជនសង្ស័យដល់ស្ថាប័នតុលាការ។

សេចក្តីរាយការមួយបានអោយដឹងថាជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន បន្ទាប់ពីលើកគ្នាទៅរំដោះជនត្រូវចោទ ឈ្មោះ ទួច ហឿន ក្នុងសំណុំរឿងព្រហ្មទណ្ឌ «ប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ » ដល់សាលាដំបូងខេត្តមណ្ឌលគិរី។

លោក អៃ ចំណាប់ ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៍ នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយថា ពិតជាមានករណីឃាត់ខ្លួនមនុស្ស៣នាក់​មែន ខណៈពួកគេចំនួន៥នាក់ នាំគ្នាមករំដោះជនត្រូវចោទដល់តុលាការនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

លោកចំណាប់ បន្តទៀតថា ក្នុងនោះឃាត់ខ្លួនបាន៣នាក់ រួមមាន៖ ជាម្តាយ ,ប្រពន្ធ និងបងបង្កើត របស់ជនត្រូវចោទ ឈ្មោះទួច ហឿន ហើយ២នាក់ទៀតរត់គេចខ្លួន ក្នុងនោះមានឪពុកជនត្រូវចោទម្នាក់ផងដែរ។

បច្ចុប្បន្នជនត្រូវចោទចៅក្រមសាលាដំបូងកំពុងធ្វើការសាកសួរ តើសម្រេចឃុំខ្លួន ឬមិនឃុំក្នុងថ្ងៃនេះ។ ដោយឡែកជនសង្ស័យ៣នាក់ កំពុងសាកសួរ ដោយសមត្ថកិច្ចអាវុធហត្ថខេត្តដើម្បីបញ្ជូនមកតំណាងអយ្យការ អាចនឹងឈានដល់ការចោទប្រកាន់។

សូមបញ្ជាក់ថា៖ ឈ្មួញរកសុីដីម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វាយខ្នោះ បន្ទាប់ពីទទួលពាក្យបណ្តឹងរឿងប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ ហើយលួចបន្លំលក់ដីដល់ថ្នាក់លើៗកំពូលថែមទៀត។

សូមជម្រាបថា បុរសអតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្ន ជាឈ្មួញរកសុីដីដ៏មានឥន្ធិពលម្នាក់ នោះ ត្រូវបាន ខាងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន ក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងទប់ស្កាត់មួយរបស់ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។

ជនសង្ស័យម្នាក់ឈ្មោះទួច ហឿន អាយុ៣៧ឆ្នាំ ទីលំនៅក្នុងក្រុងសែនមនោរម្យ ពាក់ព័ន្ធនិងករណីប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុតាមមាត្រា២៤៨នៃច្បាប់ភូមិបាល។ជនសង្ស័យបានធ្វើអោយខូចខាតដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ តាមមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ ព្រមទាំងរំលោភលើសេចក្តីទុកចិត្តតាមមាត្រា៣៩១នៃក្រមព្រហ្មទណ្ឌផងទៀត។

សេចក្តីរាយការបន្តថា ជនសង្ស័យ បានរងនូវបណ្តឹងទប់ស្កាត់មួយពីជនរងគ្រោះឈ្មោះកាន់ ប៊ុនថាំ ភេទស្រីអាយុ៥៤ឆ្នាំ ដែលមានទីលំនៅឯក្រុងភ្នំពេញ។

នេះជាលើកទី១ហើយដែលរស្មីកម្ពុជា ទទួលបានព័ត៌មានក្តៅគគុក អំពីការលើកគ្នាជាក្រុមព្យាយាមរំដោះជនសង្ស័យដល់មុខស្ថាប័ណតុលាការ ។ករណីនេះ សង្ឃឹមថា សមត្ថកិច្ចនិងធ្វើការដោយយកចិត្តទុកដាក់និងមានវិធានការមិនយោគយល់លើជនទាំងនោះ ព្រោះក្រុមនោះ ពុំបានទុកស្ថាប័ណច្បាប់និងកងកម្លាំងជាតិ ក្នុងក្រសែភ្នែកនោះឡើយ៕/B