មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រាប់​ប្រតិភូ​ធុរកិច្ច​ជាន់ខ្ពស់​អាម៉េរិក​ពី​វឌ្ឍនភាព​

1279
ចែករម្លែក
  • 77
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/ភ្នំពេញៈ​ប្រភព​ធនាគារ​ជា​តិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន ទទួល​ជួប​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក ដោយមាន​វត្តមាន​រប​ស់​តំណាង​ក្រុមហ៊ុន​ហ្វ​ត​( Ford), វី​សា​(Visa) និង ម៉ា​ស្ទ័​រ​(Master) ជាដើម​។

លោក​ស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ជួប​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក ដោយមាន​វត្តមាន​រប​ស់​តំណាង​ក្រុមហ៊ុន​ហ្វ​ត​, វី​សា​និង ម៉ា​ស្ទ័​រ​…(​រូបថត​ធនាគារជាតិ​)

​ប្រភព​ដដែល​ប្រាប់ថា​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​លទ្ធភាព​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាម៉េរិក​នៅ​កម្ពុជា​។ នៅ​ឆ្នាំនេះ កិច្ច​ពិភាក្សាបាន​សង្កត់​ធ្ងន់​លើ វិស័យ​កសិកម្ម ទេសចរណ៍ ការ​ទូរ​ទាត់​អេឡិចត្រូនិក ការធ្វើ​ទំនើបកម្ម​ទូរគមនាគមន៍ ដែល​រួមមាន អ៊ី ខម​ម៊ឺ​ស​(e-commerce )​និង អ៊ី ហ្កា​វឺ​ម៉េ​ន​(e-government)​។ លោកស្រី ជា សិរី ជម្រាបជូន​ភ្ញៀវ​ដោយបាន​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា និង​ការ បើកចំហ​របស់​សេដ្ឋកិច្ចកម្ពុជា ដែល​អាច​ផ្តល់​កាលានុវត្តភាព​ដល់​ការវិនិយោគ នវានុវត្តន៍ និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​ជាដើម​។

​លោកស្រី​បញ្ជាក់ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​ជំរុញ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា តាមរយៈ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​ដូចជា ប្រព័ន្ធ​ទូទាត់​រហ័ស (FAST) និង​ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច (CSS) រួម​ជាមួយនឹង​ការដាក់ចេញ​នូវ​បទ​ប្បញ្ញត្តិ​សមស្រប​ចំពោះ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​នានា​។​

លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​សម្បូរ​ដោយ​ផ្ទៃដី​អាច​ដាំ​ដុះ​បាន ជាមួយនឹង​ការ​អាចឈាន​ចូលក្នុង​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ប្រទេស​ចិន ខណៈដែល​វិស័យនេះ​មិនទាន់​ទទួលបាន​ការវិនិយោគ​ច្រើន​នៅឡើយ​៕SRN

លោក​ស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ជួប​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក ដោយមាន​វត្តមាន​រប​ស់​តំណាង​ក្រុមហ៊ុន​ហ្វ​ត​, វី​សា​និង ម៉ា​ស្ទ័​រ​…(​រូបថត​ធនាគារជាតិ​)