មន្ត្រីសាធារណការ ដែល​ចងស្ត្រីមានផ្ទៃពោះ៤ខែ បានចូលខ្លួនសារភាព នៅព្រឹកនេះ

161
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ មន្ត្រីសាធារណការ ឈ្មោះ អ៊ូ ប៊ុនធី ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ បានចូលខ្លួន សារភាពនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ។ ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរ លើជនសង្ស័យ។ នេះបើតាមការបញ្ជាក់របស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាម បណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗថា “ចង់ប្តឹងទៅណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង។

សកម្មភាពល្មើសដ៏គឃ្លើននេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

ក្រឡេកមើលសកម្មភាពល្មើស គឺបានកើតឡើងនៅវេលារសៀលម៉ោង១ ប៉ុណ្ណោះ គប្បីសមត្ថកិច្ចអាចចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ មិនគួរណាបណ្តែត បណ្តោយឲ្យជនដៃដល់ រត់គេចខ្លួនបែបនេះសោះ ដែលប្រជាពលរដ្ឋបានរិះគន់ពី​សមត្ថភាពរបស់លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

ទន្ទឹមនេះ ក្រោយមានការផ្ទុះរឿងកាន់តែខ្លាំងក្លាឡើង គេឃើញលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បង្ហោះសារមួយឲ្យត្រូវចិត្តប្រជាពលរដ្ឋ ដោយលោក​និយាយថា “ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជំរុញឲ្យសមត្ថកិច្ចកិច្ចទាំងអស់តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយ​ទៅតាមផ្លូវច្បាប់”។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើ​អីវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ពេលជនរងគ្រោះទៅដល់បានរើអីវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា ។

មជ្ឈដ្ឋានមួយចំនួនសង្កេតឃើញថា ចាប់តាំងពីលោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ជំនួសលោក យឹម សារ៉ាន់ មក គឺ បទល្មើសបានកើតឡើងជាបន្តបន្ទាប់ ពិសេសបញ្ហាបទល្មើសចរាចរណ៍ ដែលថ្មីៗនេះ ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានផាកពិន័យបុរសម្នាក់ដែលជិះម៉ូតូបើកភ្លើងពេលថ្ងៃ ចំនួន២៥០០០រៀល និង ទុកម៉ូតូគេ១យប់ ពិន័យថែម៣៥០០០រៀលទៀត ដែលនាំឲ្យមហាជនរិះគន់យ៉ាងខ្លាំងក្លា ។

ទន្ទឹមនេះ មហាជនក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសកម្មភាពការងាររបស់លោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែនផង៕/B/Ha