មន្ត្រី​ក្រសួង​ធម្មកា​រៈ សូម​ពុទ្ធបរិស័ទ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​

119
ចែករម្លែក

ដោយៈ ម​សា​/ភ្នំពេញៈ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង សាសនា បាន​អំពាវនាវ និង សំណូមពរ​ដល់​សាធារណជន​ទាំងអស់ ជាពិសេស​ពុទ្ធបរិស័ទ​នៅ​ទូទាំងប្រទេស​ឱ្យចូល​រួម​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ថា មេត្តា​អនុវត្ត​នូវ​វិធានការ និង សេចក្តីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ផ្អាក​ការជួបជុំ ក្នុង​ពិធី​ចូលឆ្នាំថ្មី និង វិធានការ​ហាមឃាត់​ការ ធ្វើដំណើរ​ចាកចេញ​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ជាដើម ដែល​វិធានការ​ទាំងនេះ យើង​សុទ្ធតែ​បានដឹងហើយថា ធ្វើឡើង ដើម្បី ក្តី​សុខ និង សុវត្ថិភាព​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ចៀសវាង​នូវ​ការប្រថុយប្រថាន​នឹង​ការចម្លង​ជំងឺ​កូ​វីដ ១៩ ដោយ​ប្រការ​ណាមួយ ហើយ​ចំណុច​ទាំងនេះ ប្រជាជន​ខ្មែរ​ដែល​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ជា​ប្រជាជាតិ​ស្លូតបូត​ទន់ភ្លន់ ប្រាសចាក​ភាព​មានះ ជា​អ្នកមាន​វិន័យ​សណ្តាប់ធ្នាប់ ជា​អ្នកមាន​វប្បធម៌ អរិយធម៌ ពិតជា​អាចធ្វើ​បាន​ដោយ​ល្អ​ប្រពៃ ។​

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង សាសនា ( រូបៈ មេសា )


​ការ​អំពាន​នាវ និង សំណូមពរ​របស់លោក សេង សុ​មិ​នី បែបនេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រកាស​មិន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដោយ​ទុក​ត្រឹមតែ​ពិធី​ទទួល​ទេវតា ខណៈ​កម្មករ​កម្មការិនី​រោងចក្រ ត្រូវបាន​ប្រកាសថា ឱ្យនៅ​ធ្វើការ​ដូច​ថ្ងៃ​ធម្មការ ហើយ​ថា​ប្រសិនបើ​នៅតែ​ទៅ​ស្រុកកំណើត​នា​អំឡុង​ពេលនេះ ពេល​ត្រលប់​មកវិញ នឹងត្រូវ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ១៤ ថ្ងៃ មុននឹង​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ធ្វើការ​វិញ ហើយ​អំឡុងពេល នៃ ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​នោះ នឹងមិន​ទទួលបាន​ប្រាក់​ឈ្នួល​ឡើយ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ដាក់​បម្រាម​មិនឱ្យ​មានការ​ធ្វើដំណើរ​ឆ្លើង​ខេត្ត​ខ្លះ​ជាដើម ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ។


​ទោះយ៉ាងណា ត្រូវបាន​គេ​ដឹងថា នា​អំឡុង​យប់​ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២០ មាន​ប្រជាជន​ខ្លះ នៅតែ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ទីមួយ ទៅ​ទី​ផ្សេង មាន​ទំនង​ហាក់ដូចជា​ចង់​មិន​ស្តាប់​បម្រាម​នានា ដែល​ប្រការនេះ ធ្វើឱ្យមាន​មតិសាធារណៈ​ជាច្រើន​បានលើកឡើង​នូវ​ការហួសចិត្ត​ចំពោះ​មនុស្ស​ទាំងនោះ ថា​ជាម​នុស្ស​ខ្វះ​ការពិចារណា​ឱ្យបាន​វែងឆ្ងាយ និង កំពុង​ប្រថុយប្រថាន​នឹង​ការឆ្លង​ជំងឺ​កូវ​ដី ១៩ ។​


​ទោះយ៉ាងណា បើតាម​លោក សេង សុ​មុនី ពិធី​ប្រពៃណី​សាសនា​ខ្លះ ដូចជា​ពិធី​បង្សុកូល ពិធីសូត្រមន្ត និង ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ជា​លក្ខណៈ​គ្រួសារ​ជាដើម នៅតែ​អាច​ធ្វើបាន ព្រោះ​រាជរដ្ឋាភិបាល មិនមាន​ដាក់​បម្រាម​ពាក់ព័ន្ធ​នឹង​ករណី​ទាំងនេះ​ទេ ។
​ប៉ុន្តែ​លោក សេង សុ​មុនី បាន​ពន្យល់​យ៉ាង​ទទូចថា រាល់​ពិធី​ទាំងនេះ ត្រូវធ្វើឡើង​ត្រឹមតែ​ជា​លក្ខណៈ​គ្រួសារ ហើយ​ធ្វើ​ត្រឹមតែ​អ្នក​នៅក្បែរៗ​គ្នា​បាន​ហើយ ដោយ​មិនត្រូវ​ធ្វើដំណើរ​ពី​ទី​ឆ្ងាយ ដើម្បី ទៅ​ជួបជុំគ្នា​ធ្វើ​ពិធី​ទាំង​នេះឡើយ ហើយ​អ្វីដែល​កាន់តែ​សំខាន់​ជាង​នេះ ទៅ ទៀត រាល់​ការធ្វើ​ពិធីសូត្រមន្ត និង បង្សុកូល​ជាដើម គប្បី​និមន្ត​ព្រះសង្ឃ​តិចតួច​បាន​ហើយ ហើយ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ​សុវត្ថិភាព ដូចជា​ត្រូវ​ពាក់​ម៉ាស និង លាងដៃ​ឱ្យបាន​ត្រឹមត្រូវ មុននឹង​ចាប់​ការ​ចង្ហាន់ បច្ច័យ ទេយ្យទាន​ប្រគេន​ព្រះសង្ឃ និង ត្រូវ​នៅ​ឱ្យ​ឃ្លាត​ពីគ្នា ពី​ចន្លោះ ១ ទៅ ២ ម៉ែត្រ​ជាដើម ៕ Kh