មន្ត្រី​សង្ឃៈ ទីប្រឹក្សា​សម្តេច​សង្ឃ​អាចជា​ព្រះសង្ឃ ឬ ជា​គ្រហស្ថ​ក៏បាន

1267
ចែករម្លែក

​ដោយៈ មេសា​
​ភ្នំពេញៈ ភិក្ខុ ព្រះ​កិត្តិ​វិសាល​វង្ស ញ៉េប តាត ទីប្រឹក្សា និង ជា​ព្រះ​លេខាធិការ​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះ​ថេរ​ដីកា​ថា ” អ្នក​ដែល​អាច​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​របស់​សម្តេចព្រះ​មហាសង្ឃរាជ អាចជា​ព្រះសង្ឃ ឬ ជា​គ្រហស្ថ​ក៏បាន ។ ការតែងតាំង​បុគ្គល​ណា​ម្នាក់​ជាទី​ប្រឹក្សា​របស់​សម្តេចព្រះ​មហាសង្ឃរាជ មិនមាន​អ្វី​ខាតបង់ ឬ ប៉ះពាល់​ខូ​ត​ខាត​ដល់​ព្រះពុទ្ធសាសនា និង សង្គមជាតិ​ទេ ព្រោះ​ពិធី​តែងតាំង​មិនចាំបាច់​ចំណាយ​អ្វី​ធំដុំ​ឡើយ រីឯ​ទីប្រឹក្សា​ទាំងនោះ មិន​ទ​ទូល​បាន​ប្រាក់ខែ ឬ ផល​កម្រៃ​អ្វី​ឡើយ ហើយ​អ្នក​ទាំងនោះ ក៏​មិនអាច​យក​តំណែង​ជាទី​ប្រឹក្សា​សម្តេចព្រះសង្ឃរាជ​នេះ ទៅប្រើ​ប្រាស់​ជះឥទ្ធិពល​លើ​អ្នកណា ឬ ទៅរក​ផលប្រយោជន៍​អ្វី​ពី​អ្នកណា ដែលនាំឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ឬ សង្គម​ដែរ ” ។


​ព្រះ​ភិក្ខុ ញ៉េប តាត មាន​ព្រះ​ថេរ​ដីកា​បែប​នោះ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ព្រះ​ភិក្ខុ យ៉ាន់ ប៉ែន គង់នៅ​វត្ត​ស្តៅ ភូមិ​ស្តៅ ឃុំ កណ្តៀង ស្រុក ពាម​រក៍ ខេត្ត ព្រៃវែង ជាទី​ប្រឹក្សា​រប​ស់ម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស ដែល​ពិធី​នេះ​ប្រព្រឹត្ត​យ៉ាង​សាមញ្ញ​នៅឯ​កុដិ​របស់​សម្តេច​ព្រះមហា​សង្ឃរាជ នា​វត្ត​ឧណ្ណាលោម កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ។​


​ព្រះមហា​សមណៈ ញ៉េប តាត បន្ថែមថា ការតែងតាំង​ទីប្រឹក្សារ​ប​ស់ម្តេចព្រះ​មហាសង្ឃរាជ គឺ​មិនមែន​គ្រាន់តែ​សម្រាប់​ថ្វាយ​យោបល់​ដល់​សម្តេច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បីឱ្យ​ទីប្រឹក្សា​ទាំងនោះ មាន​សិទ្ធិ​ជា​ផ្លូវការ​ក្នុងការ​បំពេញការងារ​សាសនា ឬ ការងារ​សង្គម ជំនួស​សម្តេច​ម្តងម្កាល​ដែរ គឺ​នៅពេលណា​សម្តេច​រវល់​មិនអាច​យាង​ទៅដោយ​ផ្ទាល់​បាន ។​


​ព្រះ​ភិក្ខុ ញ៉េប តា​យ បន្ថែមថា ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​សង្ឃ គឺ​គ្មាន​ចំនួន​កំណត់​ជាក់លាក់​ទេ គឺ​អាស្រ័យ​លើ​តម្រូវការ​ជាក់ស្តែង ហើយ​អ្នក​ទាំងនោះ ត្រូវតែ​ជា​អ្នក​ដែលមាន​ចរិយា​មារយាទ​ល្អ សីលធម៌​រស់នៅ​ខ្ពស់ ប្រតិបត្តិ​ធម៌​វិន័យ​បានល្អ មានគុណ​សម្បត្តិ​ចំពោះ​សាសនា ឬ ចំពោះ​សង្គមជាតិ ជា​អ្នក​ស្អាតស្អំ មិន​កឹ​ប​កេង​ប្រ​វ័​ញ្ជ​ជិះជាន់​អ្នកដទៃ ។​


​សូមជម្រាបថា មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ទាំងអស់ រាប់​តាំង​សម្តេចព្រះ​មហាសង្ឃរាជ គណៈសង្ឃ​នាយកzព្រះមេគណ ព្រះអនុគណ រហូតដល់​គ្រួ​សូត្រ​ឆ្វេង​ស្តាំ គឺ​សុទ្ធតែ​មិន​ទទួលបាន​ប្រាក់ខែ​ឡើយ ៕ Kh

ពិធី​ប្រកាស​តែងតាំង​ព្រះ​ភិក្ខុ យ៉ាន់ ប៉ែន ជាទី​ប្រឹក្សា​រប​ស់ម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស (​រូបៈ មេសា​ )