មហាសេដ្ឋី​ចិន លោក​វ៉ាង ចៀន​លីន នឹង​លក់ “​ក្រុមហ៊ុន​ហូលីវូដ​ចិន​” ហើយ​បោះបង់ចោល​ក្តី​សុបិន​ប្រជែង​ជាមួយ​ហូលីវូដ​អាមេរិក​ចោល​ទាំងអស់​

1602
ចែករម្លែក
  • 519
    Shares

​ថ្មីៗ​នេះ ក្រុមហ៊ុន Dalian Wanda Group កំពុង​លិចលង់ និង​កំពុង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ខ្លួន​បាន​ត្រឹម​អណ្តែត​លើទឹក ដោយ​ប្រកាស​កាលពី​ដើមខែ​នេះ​ថា ខ្លួន​នឹង​លក់​ទីតាំង​ទេសចរណ៍​និង​ផលិតភាព​យន្ត​តម្លៃ ៩,៣ ពាន់​លាន​ដុល្លារ ដោយ​ទីបំផុត​បាន​លើក​ទង់​ស​ក្នុង​សង្គ្រាម​ដ៏​ជូរចត់​ដើម្បី​ប្រជែង​ភាពខ្លាំង​ខាង​ភាពយន្ត​ជាមួយ​ក្រុមហ៊ុន Disney របស់​អាមេរិក​។

​ទោះយ៉ាងណា ឥឡូវ​ហាក់ដូចជា​ក្តី​សុបិន​ផលិត​រឿង​ហូលីវូដ​ចិន​របស់​ក្រុមហ៊ុន​នេះ​ប្រហែលជា​វិនាស​ដូចគ្នា​។ យោងតាម​កាសែត Wall Street Journal ក្រុមហ៊ុន Wanda បាន​លក់​អចលនទ្រព្យ​នានា​ក្នុងតម្លៃ ១៣ ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន Sunac China ហើយ​ក្នុងនោះ​រួមមាន​ទាំង​ក្រុមហ៊ុន​ភាពយន្ត​ដ៏​រសើប​បំផុត​របស់​ក្រុមហ៊ុន Wanda គឺ​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​ចិន Qingdao Movie Metropolis​។​

​កាលពី​ឆ្នាំ​២០១៣ លោក​វ៉ាង ចៀន​លីន ស្ថាបនិក​និង​ជា​ម្ចាស់​ក្រុមហ៊ុន Wanda បាន​ផ្សព្វផ្សាយ​ក្រុមហ៊ុន Qingdao ថា​ជា​ជម្រើស​មួយ​សម្រាប់​ជំនួស​ភាពយន្ត​ហូលីវូដ ដោយបាន​រៀបចំ​ផែន​ការសង់​បរិវេណ​ធំ​មួយ​តម្លៃ ៧,៣ ពាន់​លាន​ដុល្លារ ដែល​រួមទាំង​ស្ទូ​ឌី​យ៉ូ​ផលិត​ភាពយន្ត​លំដាប់​កំពូល ក៏ដូចជា​ផ្ទាំងទស្សនីយភាព​ខាងក្រៅ និង​សណ្ឋាគារ “​ក្នុងការ​វិនិយោគ​តែមួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត និង​ឧស្សាហកម្ម​ទូរទស្សន៍​ចិន​”​។ ដើម្បី​លាតត្រដាង​ពី​ទុន​បង្កើត​អាណាចក្រ​ភាពយន្ត​របស់​ក្រុមហ៊ុន​លោក លោក​វ៉ាង​បាន​អញ្ជើញ​តារា​ដូចជា ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ និង នី​កូ​ល ឃី​ត​មែន ដើម្បី​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ក្រាល​ព្រំ​ក្រហម​។

​ទោះយ៉ាងណា ទីតាំង​ភាពយន្ត​ធំ​ល្វឹងល្វើយ​នេះ​បានចាប់ផ្តើម​ជាមួយ​ភាព​រង្គោះរង្គើ និង​ហាក់​ឆ្ពោះទៅរក​អនាគត​កាន់តែ​រង្គោះរង្គើ​។ កាលពី​ឆ្នាំមុន លោក​វ៉ាង​បាន​បង្ខំចិត្ត​ផ្តល់​ភាគហ៊ុន ៤០% ដល់​បណ្តា​ក្រុមហ៊ុន​ហូលីវូដ​ល្បីៗ ក្នុង​បំណង​ទាក់ទាញ​ការធ្វើ​អាជីវកម្ម​នៅ​ក្រុង​ភាពយន្ត​របស់គាត់​។ ផែនការ​ផ្សេងៗ​ទៀត​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្នុង​គម្រោង​របស់គាត់ ដូចជា ការរៀបចំ​មហោស្រព​ភាពយន្ត មិនបាន​ទទួលជោគជ័យ​ដូច​បំណង​។ បរាជ័យ​ពីមួយ​ទៅមួយ​បានធ្វើឱ្យ​ក្រុម​អ្នក​រិះគន់​ចង្អុល​លើ​ការគ្រប់គ្រង​អន់ និង ការវិនិយោគ​ពោរពេញ​ដោយ​ការជឿជាក់​ពេក ដោយ​ធ្វើឱ្យ​លោក​វ៉ាង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​លក់​ក្តី​សុបិន​របស់លោក​ចោ​ទាំងអស់ នៅ​ទីបំផុត​៕ ដោយ៖ កញ្ញាដាលីស

លោក​វ៉ាង លក់​គម្រោង​ទីក្រុង​ភាពយន្ត​ហូលីវូដ​ចិន​របស់គាត់​ឱ្យទៅ​ក្រុមហ៊ុន Sunac China