មហាអំណាច​លោកខាងលិច​ឈ្លោះ​ដណ្តើម​ម៉ាស់​មុខ​គ្នា នៅពេល​អាល្លឺម៉ង់ ចោទប្រកាន់​អាម៉េរិក​ថា​ជា​ចោរ​សម័យ​ទំនើប​

280
ចែករម្លែក

​មេដឹកនាំ​សហភាព​អឺរ៉ុប បានប្រកាស​ថ្កោលទោស​អាម៉េរិក​ចំពោះ​ការប្រព្រឹត្ត​បែប​«​ចោរ​សម័យ​ទំនើប​»​ក្រោយ​ពី​អាល្លឺម៉ង់​និង​បារាំង​ចោទប្រកាន់​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ថា​រឹបអូស​​យក​ទំនិញ​ម៉ាស់​មុខ​ប្រឆាំង​វីរុស​កូរ៉ូណា ដែល​ដឹក​សំដៅ​មក​ប្រទេស​ទាំង​ពីរ​។​

​បារាំង​និង​អាឡឺម៉ង់​បាន​ផ្ទុះ​កំហឹង​ដាក់​អាម៉េរិក បន្ទាប់​ពី​ពួក​អ្នកនយោបាយ​នៅក្នុង​ប្រទេស​នាំមុខ​នៅ​អឺរ៉ុប​ទាំង​២​ចោទប្រកាន់​សម្ពន្ធមិត្ត​កាត់​មហាសមុទ្រ​អា​ត្លង់​ទិ​ក​របស់​គេ​ថា​ជា​«​ចោរ​សមុទ្រ​សម័យ​​ទំនើប​»​។​

​សូមបញ្ជាក់​ថា អាល្លឺម៉ង់​បាន​ស្រឡាំងកាំង​ក្រោយពី​អាម៉េរិក​បាន​រាយការណ៍​អំពី​ការចាប់​ទំនិញ​ជា​គ្រឿង​បរិក្ខារ​ពេទ្យ​តម្លៃ​រាប់​លាន​ដុល្លារ​ដែល​ដឹក​សំដៅ​ក្រុង​ប៊ែរ​ឡាំង ចំ​ពេល​ប្រទេស​អាល្លឺម៉ង់​ប្រឈម​​ដោះស្រាយ​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ចំណែក​មន្ត្រី​បារាំង​ក្នុងពេល​ជាមួយគ្នា បាន​អះអាង​ថា​អាម៉េរិកហ៊ាន​ឲ្យ​ថ្លៃ​ជាង​រដ្ឋាភិបាល​បារាំង​ក្នុង​ការបញ្ជាទិញ​ម៉ាស់​មុខ​រាប់​លាន​ដុល្លារ​ពី​ចិន សូម្បី​តែ​ក្នុងពេល​ដែល​ទំនិញ​ម៉ា​ស់មុខ​ត្រូវបាន​ជញ្ជូន​​ដាក់​លើ​យន្តហោះ​ឆ្ពោះ​មក​កាន់​ក្រុងប៉ារីស​រួច​ហើយ​ក្តី​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​០៣​មេសា ពួក​មន្ត្រី​អាល្លឺម៉ង់ បាន​អះអាង​ថា អាម៉េរិក​បាន​រឹបអូស​យក​ម៉ាស់ 3M​ចំនួន​២​សែន ដែល​អាល្លឺម៉ង់​បាន​បញ្ជា​ទិញ​សម្រាប់​បុគ្គលិក​ពេទ្យ​របស់​ខ្លួន​មក​ពី​រោងចក្រ​មួយ​នៅ​ចិន​។​​រដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង់​លោក អង់ឌ្រីស ហ្គេ​អ៊ីស​សែ​លបាន​និយាយថា​«​យើង​គិតថា​វា​ជា​អំពើ​របស់​ចោរ​សមុទ្រ​សម័យ​ទំនើប​។​អ្នក​មិន​ចាត់ទុក​ដៃគូ​កាត់​មហាសមុទ្រ​អា​ត្លង់​ទិ​ចរបស់​អ្នកដូច​នេះទេ​។​សូម្បី​​តែ​ក្នុងពេល​ពិភពលោក​ជួប​វិបត្តិ មិន​គួរ​មាន​វិធីសាស្ត្រ​ព្រៃផ្សៃ​ដូចនេះ​ទេ​»​។​

​លោក​ហ្គេ​អ៊ី​សសែល​អំពាវនាវ​ឲ្យ​លោកស្រី​អធិកា​រប​តី អង់​ហ្គេ​ឡា មឺ​កែល ជំរុញ​ឲ្យ​អាម៉េរិក​ប្រកាន់​ក្បួនច្បាប់​អន្តរជាតិ​ភ្លាម​។​

​ចំណែក​អ្នក​នយោបាយ​ម្នាក់ទៀត គឺ ចៅហ្វាយក្រុង​ប៊ែរ​ឡាំង បាន​ចោទប្រកាន់​ប្រធានាធិបតី​ត្រាំ​ថា​ខ្វះ​«​សាមគ្គីភាព​» ជាមួយ​សម្ពន្ធមិត្ត ដែល​កំពុង​ប្រឈម​ជំងឺឆ្លង​។​

​សូមបញ្ជាក់​ថា អាម៉េរិក​អាច​រារាំង​ការដឹកជញ្ជូន​ទំនិញ​ម៉ាស​3M​ពី​ក្រុមហ៊ុន​អាម៉េរិក​ណា​មួយ​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ប្រើ​ច្បាប់​សម័យ​សង្គ្រាម​កូរ៉េ​ដែល​ហាមឃាត់​ការនាំ​ចេញ​ទំនិញ​វេជ្ជសាស្ត្រ​។​

​កាលពី​ថ្ងៃ​០២​មេសា មន្ត្រី​បារាំង​ក៏​បាន​អះអាង​ថា អាម៉េរិក​ឲ្យ​ថ្លៃ​ខ្ពស់ជាង​ចំពោះ​ការដេញថ្លៃ​ទិញ​ម៉ាស់​មុខ​រាប់លាន​ដុល្លារ​នៅ​ចិន តែ​អាម៉េរិក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​យោង​តាម​មន្ត្រី​​បារាំង​២​រូប អាម៉េរិក​ហ៊ាន​ឲ្យ​ថ្លៃ​ម៉ាស់​មុខ​ខ្ពស់ជាង​ទីផ្សារ​ដល់​ទៅ​៣​ដង សូម្បី​តែ​ទំនិញ​ម៉ាស់​មុខ​ត្រូវបាន​បញ្ជូន​ឡើង​យន្តហោះ​នៅ​ក្រុង​សៀង​ហៃ ប្រុង​ឆ្ពោះ​មក​កាន់​ទីក្រុង​ប៉ារីស​ហើយ​ក្តី តែ​មន្ត្រី​អាម៉េរិក​​ចាត់ទុក​ការលើកឡើង​នេះ​ថា​មិន​ពិត​៕​ប្រែ​សម្រួល​៖​វាសនា​/Ha