មហេសី​មេដឹកនាំ​ក្រុង​ឌុយ​បៃ លាក់​ព្រះកាយ​នៅ​ក្រុង​ឡុង​ដ៍ ជាមួយ​បុត្រ

638
ចែករម្លែក

មហេសី​ទី​៦ នៃ​មហាសេដ្ឋី​មេដឹកនាំ​ក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ត្រូវគេ​ជឿថា កំពុង​សម្ងំ​លាក់​ព្រះកាយ​នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​ក្រោយ​អាពាហ៍ពិពាហ៍ បែកបាក់ នេះ​បើ​យោងតាម​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​រាជវង្ស​មួយ​នេះ​។
​ ​
​ម្ចាស់​ក្ស​ត្រី ហា​យ៉ា អាល់ ហ៊ូ​សេន (Haya Al Hussein) ដែលជា​ព្រះអនុជ មាតា​ទីទៃ នៃ​មហាក្សត្រ​ប្រទេស​ហ្ស៊​កដា​នី អាប់​ឌុល​ឡា (Abdullah) កំពុង​ព្យាយាម​លែងលះ​ស្វាមី បន្ទាប់​ពីដំបូង​ឡើយ​បាន​ភៀស​ព្រះកាយ​ទៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន ខាង​នយោបាយ​នៅ​ទីនោះ​ជាមួយ​បុត្រ​ពីរ​ព្រះអង្គ​ព្រះនាម ចា​លី​ឡា (Jalila) ព្រះជន្ម ១១ វស្សា និង ហ្សា​យ៉េដ (Zayed) ព្រះជន្ម ៧ វស្សា​។​
​ ​
សេចក្តីរាយការណ៍​គ្មាន​ប្រភព​បញ្ជាក់​ត្រឹមត្រូវ ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប់ បាន​ឲ្យ​ដឹងថា មន្ត្រីការទូត​អាល្លឺម៉ង់​ម្នាក់​បាន​ជួយ​ដល់​ការ​គេច​ព្រះកាយ​របស់​ម្ចាស់ក្ស ត្រី​ពី​ទីក្រុង​ឌុយ​បៃ ដែល​អាចឈាន​ទៅដល់​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំងពីរ​។
​ ​
មានការ​អះអាងថា អាជ្ញាធរ​អាល្លឺម៉ង់ បាន​ច្រានចោល​សំណើ​ពី​ព្រះ​ស្វាមី​ដែលជា មេដឹកនាំ​ក្រុង​ឌុយ​បៃ ម៉ូ​ហា​ម៉េ​ដ ប៊ី​ន រ៉ា​ស៊ីដ ម៉ាក​ទូ​ម (Mohammed bin Rashid Maktoum) ដែល​សុំ​ឲ្យ​បញ្ជូន​មហេសី និង​បុត្រៗ​របស់​ទ្រង់​ត្រលប់​ទៅ​ក្រុង​ឌុយ​បៃ វិញ​។​
​ ​
ប្រភពពីរ​ដែល​ស្និទ្ធ​នឹង​គ្រួសារ​រាជវង្សានុវង្ស​ក្រុង​ឌុយ​បៃ នេះ​បាន​បញ្ជាក់ថា ម្ចាស់​ក្ស​ត្រី ហា​យ៉ា បាន​យាង​ចាក​ចេញពី​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ហើយ​ពេលនេះ​កំពុង​ស្វះស្វែង លែងលះ​ស្វាមី​។
​ ​
​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន បុត្រី​មួយអង្គ​របស់​មេដឹកនាំ​រូបនេះ​ព្រះនាម ឡា​ទី​ហ្វា ប៊ី​ន ម៉ូ​ហា​ម៉េ​ដ អាល់ ម៉ាក​ទូ​ម (Latifa bin Mohammed Al Maktoum) ក៏បាន​ភៀសខ្លួន​ពី​បិតា និង​ក្រុង​ឌុយ​បៃ ដែរ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ​នៅ​សហរដ្ឋ​អាម៉េរិក​។​
​ ​
ទោះជា​យ៉ាងណា ព្រះ​នាង​ត្រូវបាន​ចាប់​ព្រះកាយ​ហើយ​បាត់​ព្រះកាយ​ចាប់តាំងពី ពេលនោះ ប៉ុន្តែ​គេ​ជឿថា ព្រះ​នាង​ត្រូវបាន​គេ​បញ្ជូនទៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត វិញ​ហើយ​៕ ប្រែ​សម្រួលៈ ខុម