មិនមែន​លំៗ​៖​សំណង់​គ្រោង​ដែក​នៅលើ​ឆ្នេរ​អូរត្រេះ​​ពីរ​កន្លែង​ត្រូវបាន​កម្ទេច​

889
ចែករម្លែក
មិនមែន​លំៗ​៖​សំណង់​គ្រោង​ដែក​នៅលើ​ឆ្នេរ​អូរត្រេះ​ចំនួន​ពីរ​កន្លែង​ត្រូវបាន​កម្ទេច​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សំណង់​គ្រោង​ដែក​មិន​ស្របច្បាប់​ពីរ​កន្លែង​នៅលើ​ឆ្នេរ​អូរត្រេះ ត្រូវបាន​ក្រុមការងារ​ចម្រុះ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចាត់វិធានការ​រដ្ឋបាល​រុះរើ​កាលពីថ្ងៃ​ទី​៨​ខែកក្កដា បន្ទាប់ពី​ណែនាំ​មិន​ស្តាប់​។​

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងនៅថ្ងៃទី​៩​ខែកក្កដា​នេះ​ថា សំណង់​បណ្តោះអាសន្ន​បម្រើ​ការលក់​ដូរ​នៅលើ​ឆ្នេរ​អូរត្រេះ​មួយចំនួន​បាន​វិ​វឌ្ឍន៍ពី​សំណង់​ឈើ​ទៅជា​សំណង់​បង្គំ​គ្រឿង​ដែក ត្រូវបាន​ហាមឃាត់​។​

នៅក្នុង​អំឡុងពេល​នៃ​ការហាមឃាត់​នេះ​មាន​គេ​ធ្វើការ​សាងសង់​ថ្មី​លក្ខណៈ​រឹងមាំ ដោយហេតុ​ដូច្នេះ ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រើ​វិធានការ​រដ្ឋបាល​រុះរើ កាលពី​ថ្ងៃទី​៨​ខែកក្កដា និងទុកពេល​មួយថ្ងៃ ឱ្យ​ម្ចាស់​សំណង់​បន្តធ្វើ​ការរុះ​រើចេញ​ដោយ​ខ្លួនឯង​ដើម្បី​បន្ថយ​ការខូចខាត​គ្រឿងសំណង់​ដែល​បាន​សាងសង់​រួច​និង​សម្ភារ​ដែលមាន​នៅក្នុង​នោះ​។​

សំណង់​គ្រោង​ដែក​ដែល​ត្រូវបាន​គេ​សាងសង់​ជំនួស​ឈើ​មាន​លក្ខណៈ​រឹងមាំ​ជាង​មុន​ចំនួន​ពីរ​កន្លែង​នៅលើ​ឆ្នេរ​អូរត្រេះ​ដោយ​ជនជាតិ​ចិន មួយកន្លែងប្រក់ដំបូល​ក្បឿង​ក្រហម ​ធ្វើការ​សាងសង់​បាន​ប្រមាណ​៥០​ភាគរយ ត្រូវបាន​ក្រុម​ការងារ ប្រើ​គ្រឿងចក្រ​វាយកម្ទេច​រាប​ដល់​ដី​។​ចំណែក​សំណង់​គ្រោង​ដែក​មួយកន្លែង​ទៀត គេ​សាងសង់​បាន​៩០​ភាគរយ ហើយក៏​ត្រូវបាន​ក្រុមការងារ​(​មន្ត្រីខេត្ត ប្រធាន​មន្ទីរ​ទេសចរណ៍ តំណាង​មន្ទីរ​រៀបចំ​ដែនដី មន្ទីរ​បរិស្ថាន និងមន្ត្រី​ក្រុង​) ប្រើ​គ្រឿងចក្រ​រុញ​បំបាក់​ជើង​សសរ​ដែករួចហើយ​ដែរ តែ​ដោយមាន​ការស្នើ​ធ្វើ​ការសុំ​រុះរើ​បន្ត​ដោយ​ខ្លួនឯង​ពី​ម្ចាស់​សំណង់ ដើម្បី​បន្ថយ​ការខូចខាត ក្រុមការងារ​បាន​យល់ព្រម​ទុកពេល​ឲ្យ​ម្ចាស់​សំណង់បន្តធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​ឱ្យអស់​ត្រឹម​ថ្ងៃទី​៩​ខែកក្កដា​និង​ដឹក​សម្ភារ​ចេញ​ឱ្យអស់​៕​សរន​/Ha

សំណង់​ខុសច្បាប់​ពី​គ្រោង​ដែក​លើ​ឆ្នេរ​អូរត្រេះ​ត្រូវបាន​រុះរើ​ដោយ​រដ្ឋបាល ខេត្ត​ព្រះសីហនុ​(​រដ្ឋបាលខេត្ត​ព្រះសីហនុ​)​