មេទ័ព​កម្ពុជា​៖ “​មហាមិត្ត​ចិន​ជា​ជញ្ជាំង​បង្អែក​ដ៏​រឹងមាំ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​កិច្ចការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ​”

2224
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់ថា ការជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ថវិកា​ជាច្រើន​របស់​មហាមិត្ត​ចិន បាននិងកំពុង​ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចំរើន​យ៉ាង​ឆាប់រហ័ស ដែលជា​ជញ្ជាំង​បង្អែក​ដ៏​រឹងមាំ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ជំហរ​ម៉ឺងម៉ាត់ ក្នុង​ការបន្ត​កិច្ចការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ និង​គោលនយោបាយ​ជាតិ ដ៏​ត្រឹមត្រូវ​ដែលជា​លក្ខខណ្ឌ​អំណោយផល ដើម្បី​បន្ត​ន​ឈរលើ​មាគ៌ា​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។ កងយោធពល​ខេមរភូមិន្ទ ដែលជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ នៃ​ប្រទេសជាតិ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ​កងយោធពល​ខេមរភូមិន្ទ ត្រូវការពារ​ឲ្យ​បាន​រឹងមាំ​នូវ​សន្តិភាព និង​ប្រឆាំង​ដ​ដាច់ខាត​បដិវត្តន៍​ពណ៌​មិន​ឲ្យ​កើតមាន​នៅលើ​ទឹកដី​នៃ​កម្ពុជា​នោះឡើយ​។​

​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា និង​ចិន​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា នេះ នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ធំ ម្រះព្រៅ ភូមិ​ថ្លុក​ដូន​ស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​ទីតាំង​របស់​កងពល​អ​ន្ត​រាគ​មន៍​លេខ​៧០​។

​សមយុទ្ធ​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ផ្តោតទៅលើ​ការប្រឆាំង​ភេរវកម្ម សង្គ្រោះបន្ទាន់ លំ​ហាត់​បាញ់​គ្រាប់​ពិត នឹង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ​ដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បានកំណត់ និង​រថពាសដែក​ផងដែរ​។​

​នៅក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុ​ជាមាន​កងទ័ព​ចំនួន ២៨០​នាក់ ខណៈ​ភាគី​ចិន មាន​ចំនួន ១៩០​នាក់​។​សមយុទ្ធ​នេះ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Zhang Jian មេបញ្ជាការ​តំបន់​ភូមិភាគ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ខួប​អនុស្សារ​វី​រយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា ចិន ដែល​ប្រទេស​ទាំង​ពីរបាន​ភ្ជាប់​ទំនងជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​។ ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ បាន​ពង្រឹងពង្រីក​ជាប​ន្ត​បន្ទាប់ រហូត​ឈានដល់​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា ចិន គឺជា​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ នៅថ្ងៃនេះ កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​បានធ្វើ​លំ​ហាត់​រួមគ្នា ដែលមាន​ឈ្មោះថា “​លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៨” ដែល​ភាគី​ទាំងពីរ​បាន​សហការ​រៀប​ចំ​ប្រារព្ធ​ពិធី​បើក​នៅ​ទីលាន​ហ្វឹកហ្វឺន​បាត​ញ់​គ្រាប់​ពិត នៃ​កងពលតូច​ថ្មើរជើង​លេខ​៧០​។ លោក​បាន​បញ្ជាក់ថា គោលបំណង​នៃ​”​លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៨” ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា ចិន​។ ពង្រឹង​ចំណងមិត្តភាព​ជា​ប្រពៃណី និង​ទំនុកចិត្ត​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​។ ជម្រុញ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្ស​ធ៌​រវាង​កងទ័ព​ទាំងពីរ​។ ចូលរួមចំណែក​ជម្រុញ​ទំនាក់ទំនង​ភាពជា​ដៃគូ ក្នុងការ​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ឲ្យ​កាន់តែ​រីកចំរើន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​បញ្ជាក់ថា ក្នុង​វិស័យ​យោធា​ភាគី​ចិន បាន​ជួយឧបត្ថម្ភ​ជាច្រើន​ទាំង​សម្ភារៈ និង​ថវិកា ដើម្បី​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​មានលទ្ធភាព​ក្នុង​ការកសាង​ពង្រឹងសមត្ថភាព​របស់​ខ្លួន សម្រាប់​បម្រើ​ឲ្យ​កិច្ច​ការពារជាតិ​។ ចិន​បាន​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល ក្នុង​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​វ័យក្មេង ឲ្យ​ក្លាយជា​មូលធន​មនុស្ស​ប្រកបដោយ​សក្តានុពល​សម្រាប់​បន្តវេន​ក្នុង​កងយោធពល​ខេមរភូមិន្ទ​។ ការជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ថវិកា​ជាច្រើន​របស់​មហាមិត្ត​ចិន បាននិងកំពុង​ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចំរើន​យ៉ាង​ឆាប់រហ័ស ដែលជា​ជញ្ជាំង​បង្អែក​ដ៏​រឹងមាំ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ជំហរ​ម៉ឹងម៉ាត់ ក្នុង​ការបន្ត​កិច្ចការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ និង​គោលនយោបាយ​ជាតិ ដ៏​ត្រឹមត្រូវ​ដែលជា​លក្ខខណ្ឌ​អំណោយផល ដើម្បី​បន្ត​ន​ឈរលើ​មាគ៌ា​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។

​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​សង្កត់ធ្ងន់ថា កងយោធពល​ខេមរភូមិន្ទ ដែលជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ នៃ​ប្រទេសជាតិ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ​កងយោធពល​ខេមរភូមិន្ទ ត្រូវការពារ​ឲ្យ​បាន​រឹងមាំ​នូវ​សន្តិភាព និង​ប្រឆាំង​ដ​ដាច់ខាត​បដិវត្តន៍​ពណ៌​មិន​ឲ្យ​កើតមាន​នៅលើ​ទឹកដី​នៃ​កម្ពុជា​នោះឡើយ​៕L​