មេបក្ស​យុវជន ថា បក្សប្រឆាំង​ដើរ​ឃោសនា​លុបបំបាត់​បក្ខពួកនិយម​តែ​ខ្លួនឯង​ដាក់​ប្រពន្ធ​ជំនួស​ប្តី​ ​

1029
ចែករម្លែក

(​ភ្នំពេញ​) ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់​ដែល​កន្លងមក​ទទួលបាន​ការរិះគន់​គួរសម​តាម​បណ្តាញ​សង្គម​ចំពោះ​​ការប្តឹង​មេបក្ស​ប្រឆាំង​លោក​កឹម សុខា នោះ​ពេលនេះ​បាន​ថ្លែង​ចំអក​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ​ថា ជានិច្ចកាល​ពេល​ដើរ​ឃោសនា​​សមាជិក​បក្ស​នេះ តែងតែ​លើកឡើង​លុបបំបាត់​បក្ខពួកនិយម ប៉ុន្តែ​ទង្វើ​ខ្លួនឯង ដាក់​ប្រពន្ធ​ជំនួស​ប្តី​ទៅវិញ​។​
​ ​
​ប្រធាន​គណបក្ស​យុវជន លើកឡើង​បែបនេះ បន្ទាប់ពី​ព្រឹទ្ធសភា បានសម្រេច​ទទួលស្គាល់ លោកស្រី គុណ លំអង​ជា​ភរិយា លោក ហុង សុខ​ហួរ ជា​សមាជិក​ព្រឹទ្ធសភា​ជំនួស លោក ហុង សុខ ហួរ អត​តី​សមាជិក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ដែល​កំពុង​ជាប់ពន្ធនាគារ​។ ​ការសម្រេច​ទទួលស្គាល់​ធ្វើឡើង​ក្នុង សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដឹកនាំ​ដោយ​សម្តេច វិបុល​សេនា​ប​ភក្តី សាយ ឈុំ​ប្រធាន ព្រឹទ្ធសភា ដោយមាន​សមាជិក​ព្រឹទ្ធសភា​៤៨​រូប ។​
​ ​
​យោងតាម​គេ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក ពេជ្រ ស្រស់ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ បានសរសេរថា “​ស្អប់​ណាស់​បក្ខពួកនិយម ជាស​ម្តី​របស់​ក្រុម​បក្ស​សង្គ្រោះ​ជាតិ ជាពិសេស​អស់លោក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជានិច្ចកាល​ដើរ​ឃោសនា​លុបបំបាត់​បក្ខពួក​​និយម ប៉ុន្តែ​ទង្វើ​ខ្លួនឯង​ប្រពន្ធ​ជំនួស​ប្តី ជា​ទង្វើ​អ្វី​ដែរ ? បុគ្គល​ប្តី​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវ​ដកហូត​ដំណែង ប៉ុន្តែ​បែរជាយក​ប្រពន្ធ មក​ជំនួស​កៅអី​ខ្លួន​ទៅវិញ​” ។​
​ ​
​លោក​បញ្ជាក់ថា ទង្វើ​នេះ​គឺជា​ទម្លាប់​អាក្រក់​ជាង បក្ខពួកនិយម​ទៅទៀត ពោលគឺ​ស្នង​ដំណែង​តាម​ពូជ ដូច្នេះ​ការឃោសនា​គួរតែ​ល្មម​​ដល់ ពេល​ឈប់​ប្រើ​នូវ​ពាក្យ​ថា “​ស្អប់​ណាស់​បក្ខពួកនិយម​”៕ ដោយ ៖វិបុល

លោក ពេជ្រ ស្រស់​ និងលោកស្រី គុណ លំអង​ជា​ភរិយា លោក ហុង សុខ​ហួរ