មេរោគកូរ៉ូណាផ្តល់ឱកាសឱ្យនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា ពង្រឹងអំណាច

427
ចែករម្លែក

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចាទទួលបានអំណាចគ្រាអាសន្នឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដោយភ្ជាប់ជោគវាសនានយោបាយរបស់គាត់ទៅនឹងការឆ្លើយតប ដែលគាត់បានបង្កើត ខណៈការមិនពេញចិត្តក្នុងចំណោមប្រជាជនកាន់តែកើនឡើង។

សប្តាហ៍នេះលោកបានបញ្ជាក់អំពីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៥៨ ពាន់លានដុល្លារដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ច បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងកាលពីពេលថ្មីៗនេះត្រូវបានចាត់ទុកថាមិនគ្រប់គ្រាន់សម្រាប់ប្រទេសមួយ ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

សូម្បីមុនពេលមានវិបត្តិវីរុសកូរ៉ូណា លោកប្រាយុទ្ធនិងអ្នកគាំទ្រស្ថាប័នគ្រប់គ្រងរបស់គាត់បានប្រឈមមុខរួចទៅហើយនឹងការតវ៉ាកាន់តែខ្លាំងឡើងពីក្រុមអ្នករិះគន់ ដែលជំទាស់នឹងភាពយុត្តិធម៌នៃការបោះឆ្នោតកាលពីឆ្នាំមុន ដែលនាំឱ្យគាត់វិលត្រឡប់មកធ្វើជាមេដឹកនាំវិញ។

លោក ផូល ឆាមបឺ អ្នកជំនាញផ្នែកនយោបាយនៅឯសាកលវិទ្យាល័យនារីសួននៃប្រទេសថៃ បាននិយាយថា “មានការខកចិត្តជាច្រើនចំពោះអ្នកដឹកនាំបច្ចុប្បន្ន”។

លោកបាននិយាយថា លោកប្រាយុទ្ធអាចទទួលបានជោគជ័យជាថ្នាក់ដឹកនាំដ៏ស្ថិតស្ថិរ ប្រសិនបើគាត់អាចគ្រប់គ្រងស្ថានការណ៍បាន ឬ មិនអ៊ីចឹងទទួលរងនូវការខូចខាតមិនអាចរែកពន់បាន ប្រសិនបើជំងឺរាលដាលកាន់តែខ្លាំង និង ការខាតបង់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។

លោកប្រាយុទ្ធបានដាក់ថៃក្នុងភាពអាសន្នពេញមួយខែមេសា ដែលក្រោមការរឹតបន្តឹងនេះ ការប្រមូលផ្តុំគ្នាច្រើនត្រូវបានហាមឃាត់ ដោយសង្ឃឹមថា ការរក្សាគម្លាតឆ្ងាយពីគ្នានៅក្នុងសង្គមនឹងជួយគ្រប់គ្រងការឆ្លងរាលដាលកូវីដ១៩។ ការបិទប្រទេសបានផ្តល់ឱ្យអតីតមេបញ្ជាការកងទ័ពរូបនេះនូវឱកាសដើម្បីរំលេចឡើងនូវភាពជាអ្នកដឹកនាំរបស់គាត់ ប្រសិនបើគាត់អាចកម្ចាត់កូវីដ១៩និងកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារជំងឺ។

ភារកិច្ចនេះគឺគួរឱ្យខ្លាចណាស់។ ខណៈដែលបណ្តាសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍សំខាន់ៗនឹងធ្លាក់ចុះឬមានកំណើនយឺតយ៉ាវនៅឆ្នាំនេះ ទស្សនវិស័យសម្រាប់ប្រទេសថៃគឺស្ថិតក្នុងចំណោមបញ្ហាប្រឈមខ្លាំងបំផុត។ ធនាគារកណ្តាលថៃព្យាករណ៍អំពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈវិស័យទេសចរណ៍និងការនាំចេញធ្លាក់ចុះ។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថាថៃគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលឃើញការកើនឡើងភាពក្រីក្រច្រើន ចាប់តាំងពីឆ្នាំ ២០០០។

នៅក្រោមក្រឹត្យគ្រាអាសន្ន ព្រំដែនរបស់ថៃត្រូវបិទសម្រាប់ជនបរទេសនិងការជួបជុំគ្នាក្នុងសង្គមត្រូវបានហាមឃាត់។ លោកប្រាយុទ្ធមានអំណាចលើក្រសួងទាំងអស់ ហើយបានធ្វើឱ្យយោធាក្លាយជាកងសន្តិសុខចម្បងសម្រាប់មជ្ឈមណ្ឌលឆ្លើយតបនឹងកូវីដ១៩ ដែលបានបង្កើតឡើងនាពេលថ្មីៗនេះ។

លោកស្រី សារ៉ាត់សាណាន់ អាន់ណុបផន អ្នកនាំពាក្យរងរបស់គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំជាងគេរបស់ថៃ បាននិយាយថា “វាមានរយៈពេល ៣ ខែហើយចាប់តាំងពីករណីដំបូងត្រូវបានរកឃើញ ហើយទើបតែពេលនេះទេ ដែលយើងចាប់ផ្តើមឃើញមានវិធានការតឹងរ៉ឹង។ ក្រសួងផ្សេងៗហាក់មិនអាចសហការគ្នាបានក្នុងកាលៈទេសៈធម្មតា ហើយនៅពេលប្រឈមនឹងវិបត្តិ បញ្ហានោះកាន់តែមើលឃើញច្បាស់”។

  • ម៉ាស់ និង ឧបករណ៍ធ្វើតេស្ត

អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី ណារូម៉ន ពីនយ៉ូស៊ីនវ៉ាត់ បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នឹងកាន់តែរលូន ពេលមានលោកប្រាយុទ្ធទទួលបន្ទុកការឆ្លើយតបដោយផ្ទាល់។ លោកស្រីបានបន្ថែមទៀតថាលោកនាយករដ្ឋមន្រ្តីកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាដែលមិនទាន់សម្រេចបាន ដូចជា កង្វះខាតម៉ាស់ និង ឧបករណ៍ធ្វើតេស្ត។

លោកប្រាយុទ្ធបានគ្រប់គ្រងជាមួយអំណាចប្រតិបត្តិដាច់ខាតបន្ទាប់ពីដណ្តើមអំណាចក្នុងរដ្ឋប្រហារក្នុងឆ្នាំ ២០១៤។ លោកបានវិលត្រឡប់មកកាន់តំណែងនាយករដ្ឋមន្ត្រីវិញកាលពីឆ្នាំមុនក្រោមច្បាប់បោះឆ្នោតដែលធ្វើឡើងអំឡុងការកាន់អំណាចរបស់យោធា។ អាណត្តិ ៤ ឆ្នាំរបស់រដ្ឋាភិបាលចម្រុះកាន់អំណាចរបស់គាត់មានរយៈពេលរហូតដល់ឆ្នាំ ២០២៣។

រឿងរ៉ាវភាគច្រើនឥឡូវនេះគឺពឹងផ្អែកលើសន្ទុះរបស់មេរោគ និង​ ចំណាត់ការជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការជួយដល់គ្រួសារដែលកំពុងជួបការលំបាក។

ប្រជាជនប្រមាណ ២៤ លាននាក់បានចុះឈ្មោះសុំសាច់ប្រាក់ពីរដ្ឋ ដែលត្រូវបានបង្កើតឡើងដើម្បីសម្រាលការផ្ទុះឡើងនៃមេរោគកូរ៉ូណា។ ប្រជាជនភាគច្រើននឹងខកខានទទួលបានសាច់ប្រាក់ ព្រោះថាគោលនយោបាយនេះត្រូវបានរៀបចំឡើងសម្រាប់មនុស្សតែ ៩ លាននាក់ ដែលមិនទាន់មានឈ្មោះនៅក្រោមគោលនយោបាយសំណាញ់សុវត្ថិភាពសង្គមដែលមានស្រាប់។

ការចែកសាច់ប្រាក់នេះគ្រាន់តែជាធាតុមួយនៃកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ លានលានបាត ដើម្បីជួយដល់កម្មកររោងចក្រ កសិករ និង ក្រុមហ៊ុនខ្នាតតូចនិងមធ្យមប៉ុណ្ណោះ។ ផែនការនេះក៏បែងចែកថវិកាដើម្បីជួយធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានស្ថិរភាពផងដែរ។

លោកប្រាយុទ្ធបាននិយាយកាលពីថ្ងៃទី៧មេសាថា “កូវីដ១៩ឥឡូវនេះគឺជារបៀបវារៈជាតិរបស់យើង។ ខ្ញុំនឹងតឹងរ៉ឹងអំពីរបៀបដែលយើងចំណាយ ហើយការចំណាយត្រូវតែអនុវត្តយ៉ាងមានប្រសិទ្ធភាពបំផុត”។

សរុបជារួម ប្រទេសថៃបានប្តេជ្ញាចិត្ត “ជំរុញថវិកាសង្គ្រោះយ៉ាងធំធេង” រហូតដល់ ១១,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩។ នេះយោងតាមធនាគារ United Overseas Bank Ltd ។

ជំនួយការសាស្ត្រាចារ្យលោក ពុនឆាដា សិរីវតនាបុត្រ មកពីសាកលវិទ្យាល័យម៉ាហ៊ីឌុល និយាយថា “ពីរបីសប្តាហ៍ខាងមុខនេះនឹងមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើវិបត្តិជំងឺកូវីដ១៩ថមថយ វាអាចបង្កើនទំនុកចិត្តនិងប្រជាប្រិយភាពរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រងបានទេ ការគាំទ្រពីជនវណ្ណៈកណ្តាលនឹងថយចុះ ហើយនោះមានន័យថានឹងមានបញ្ហានៅក្នុងការបោះឆ្នោតលើកក្រោយ”៕ ដោយ៖ កញ្ញាដាលីស

ប្រភព៖ Straitstimes

លោកប្រាយុទ្ធថតនៅអាកាសយានដ្ឋានសុវណ្ណភូមិកាលពីថ្ងៃទី២៩មករា