មេ​បង្ក្រាប​អនាធិបតេយ្យ​ចិញ្ចើមផ្លូវ​នៅ​ក្រុង​ហូ​ជី​មី​ញ​សុំ​ដក​ពាក្យសុំ​លាឈប់ បន្ទាប់​ពី​ភាពអនាធិបតេយ្យ​វិលម​ក​វិញ​

3946
ចែករម្លែក

ដ័ន ង៉ុក ហាយ(Doan Ngoc Hai) តារានៃយុទ្ធនាការរំដោះចិញ្ចើមថ្នល់និងចំណីផ្លូវនៅក្រុងហូជីមីញ បានស្នើសុំដកការសំរេចចិត្តលាឈប់ពីអនុប្រធានសង្កាត់ទី១ របស់ទីក្រុងពាណិជ្ជកម្មនេះ។

សំណើដកលិខិតសុំលាឈប់ដែលលោកដាក់កាលពីខែមករា ត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការបក្សក្រុង។ហាយ អាយុ៤៩ឆ្នាំ ត្រូវបានគេផ្តល់រហស្សនាមថា”កាពីទែនចិញ្ចើមផ្លូវ” ដោយសារតែលោកឈ្មូសឈ្មុលដឹកនាំការសម្អាតអ្នកលក់ដូរ ដាក់ឡានម៉ូតូយ៉ាងអនាធិបតេយ្យ និងសំណង់ខុសច្បាប់ដើម្បីអាចអោយអ្នក
ដំណើរថ្មើរជើងដើរបាន។

សូមបញ្ជាក់ថា យុទ្ធនាការសម្អាតចិញ្ចើមផ្លូវបានចាប់ផ្តើមនៅដើមឆ្នាំ២០១៧ហើយបន្តដល់ខែតុលា មុនវាបញ្ចប់ដោយមិនរំពឹងទុក មុនពេលហាយបានសំរេចចិត្តលាឈប់ពីចៅសង្កាត់រងនៅខែមករាឆ្នាំនេះ។មូលហេតុដែលនាំអោយលោកសុំលាឈប់ដោយសារតែយុទ្ធនាការបោសសម្អាតនេះបរាជ័យ។

ក្នុងអំឡុងយុទ្ធនាការរបស់គាត់ ហាយបានអោយក្រុមរបស់គាត់សរសេរលិខិតពិន័យដាក់លើរថយន្តចតផ្តេសផ្តាស ចាប់អូសរថយន្តចេញ វាយកំទេចសំណងលើចិញ្ចើមផ្លូវនិងបញ្ជូនអ្នកលក់ដូរតាមចិញ្ចើមផ្លូវឥតសណ្តាប់ធ្នាប់ទៅកាន់តំបន់ដែលមានការរៀបចំ។

សំរាប់ការងារនេះ ហាយបានទទួលការគាំទ្រពីអ្នកមូលដ្ឋានដែលចង់បានសណ្តាប់ធ្នាប់និងផ្លូវដើរ តែក៏ជួបការប្រឆាំងជាខ្លាំងពីម្ចាស់ហាងលក់ដូរនិងថែមទាំងរងការគំរាមដល់ជីវិតពីអ្នកលក់ដូរថែមទៀត។ក្នុងលិខិតសុំលាឈប់កាលពីថ្ងៃ៨មករា ហាយបានសរសេរថា លោក”ខកខានក្នុងការធ្វើតាមការសន្យាជាមួយប្រជាជន”។

ឥឡូវក្រោយពីការផ្អាកយុទ្ធនាការ ចិញ្ចើមផ្លូវក្នុងក្រុងបានវិលមកកកណែនសាជាថ្មី។បណ្តាភោជនីយដ្ឋាននិងអ្នកលក់ដូរតាមចិញ្ចើមផ្លូវកំពុងទន្រ្ទានផ្លូវដើរនេះជាថ្មីដើម្បីដាក់តុកៅអីនិងកន្លែងចត។

នៅវិថីបីបួនក្នុងសង្កាត់ទី១ ម៉ូតូត្រូវបានគេដាក់ពេញចិញ្ចើមថ្នល់ ដោយបង្ខំអោយអ្នកដំណើរថ្មើរជើងចុះដើរក្នុងថ្នល់បើចង់ឆ្លងពីហាងមួយទៅហាងមួយ៕ដោយៈវាសនា