ម៉ាស៊ីន​លក់​រថយន្ត​ដែល​អ្នកទិញ​គ្រាន់តែ​ស៊ក​កាក់​ចូល រថយន្ត​នឹង​ចេញមក​ភ្លាម​

1154
ចែករម្លែក

ម៉ាស៊ីន​លក់​រថយន្ត​កម្ពស់ ៧ ជាន់​ដែល​អ្នកទិញ​អាចមក​យក​រថយន្ត​ដែល​ខ្លួន​កុម្ម៉ង់​បាន ដោយ​គ្រាន់តែ​ស៊ក​បញ្ចូល​កាក់​ធំ​មួយ បាន​បើក​ដំណើរការ​ហើយ​នៅ​រដ្ឋ​អ៊ី​ន​ឌី​អេ​ណា (Indiana) សហរដ្ឋអាមេរិក​។

​ខា​វ៉ា​ណា (Carvana) ដែលជា​ក្រុមហ៊ុន​លក់រាយ​តាម​អន​ឡាញ​បាន​បើក​ដំណើរការ ម៉ាស៊ីន​លក់​រថយន្ត​មួយ​នៅ​រដ្ឋ​អ៊ី​ន​ឌី​អេ​ណា កាលពី​ថ្ងៃទី​១៣ ខែធ្នូ​។ ម៉ាស៊ីន​លក់​រថយន្ត​ធ្វើ ពី​កញ្ចក់​សុទ្ធ​នេះ​អាច​ផ្ទុក​រថយន្ត​បាន​ចំនួន ២៦ គ្រឿង​ក្នុងពេល​តែមួយ ហើយ​វា​មានតែ មាន​មួយគត់​នៅ​រដ្ឋ​នេះ​។

​រថយន្ត​ជាង ១០.០០០ គ្រឿង​ត្រូវបាន​ដាក់លក់​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ខា​វ៉ា​ណា ហើយ​អតិថិជន​អាច​ទិញ​មួយណា​ក៏បាន​តាម​ការស្រឡាញ់​ចូលចិត្ត​ដោយ​គ្រាន់តែ​កំណត់ ពេល​មក​ទទួលយក​វា​ពី​ម៉ាស៊ីន​លក់ ឬ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទៅដល់​ផ្ទះ​។

​អ្នក​ដែល​ជ្រើសរើស​សាកល្បង​ប្រើ​ម៉ាស៊ីន​នេះ នឹង​ជួប​បុគ្គលិក​ម្នាក់​នៅ​អគារ​កញ្ចក់​នេះ ដែល​ចាំ​ប្រគល់​កាក់​ធំ​មួយ​សម្រាប់​ឱ្យ​ពួកគេ​ស៊ក​ចូល​ម៉ាស៊ីន​។ ត្រឹមតែ​ប៉ុន្មាន​នាទី រថយន្ត​នឹងត្រូវ​បញ្ចេញ​មក​ក្រៅ ហើយ​ភ្ញៀវ​អាច​បើក​ចេញ​បាន​ភ្លាមៗ​។

​អ្នកទិញ​អាច​សាកល្បង​រថយន្ត​នោះ​រយៈពេល​មួយ​សប្តាហ៍ ដើម្បីឱ្យ​ប្រាកដថា​ពួកគេ​ចង់ ទុក​វា​ជិះ ឬក៏​អត់​។ ប្រសិនបើ​មិន​ពេញចិត្ត​ទេ ពួកគេ​អាច​ប្តូរ​យក​មួយទៀត​បាន​។

​ក្រុមហ៊ុន​លក់​រថយន្ត​តាម​អន​ឡាញ​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី ៦ ឆ្នាំមុន ហើយ​សេវាកម្ម ដឹកជញ្ជូន​រថយន្ត​ដល់ផ្ទះ​របស់​ក្រុមហ៊ុន​ខាងលើនេះ​មាននៅ​រដ្ឋ​អ៊ី​ន​ឌី​អេ​ណា តាំងពី​ឆ្នាំ​២០១៦ មកម្ល៉េះ​៕ ប្រែ​សម្រួល​: ខុម