ម៉ាឡេស៊ី​ជំរុញ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើត​ច្បាប់​កំហិត​អាណត្តិ​នាយករដ្ឋមន្ត្រី​

323
ចែករម្លែក

​រដ្ឋាភិបាល​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ធ្នូ បានបង្ហាញ​ពង្រាងច្បាប់​មួយ​ដែល​ស្វះស្វែង​កំរិត​ការ​កាន់តំណែង​នាយករដ្ឋមន្ត្រី​យ៉ាងយូរ​ត្រឹម​២​អាណិត្ត នៅពេល​រដ្ឋាភិបាល​របស់លោក​​នាយករដ្ឋមន្ត្រី​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ស្វះស្វែង​បំពេញ​តាម​ការសន្យា​ក្នុង​អំ​ឡូង​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ក្នុង​បំណង​កុំអោយ​មាន​ការរំលោភ​អំណាច​។​

​សូម​រំលឹក​ថា កាលពី​ខែ​ឧសភា​ឆ្នាំមុន​ក្រុមចម្រុះ​Pakatan Harapan​របស់​លោក​មហា​ធៀ ដណ្តើម​បាន​ជ័យជម្នះ​គួរអោយភ្ញាក់ផ្អើល ដោយសារតែ​ប្រជាជន​មាន​កំហឹង​នឹង​ថ្លៃ​​ចំណាយ​លើ​ការរស់នៅ​ខ្ពស់ និង​ការ​គិតថា​មាន​អំពើ​ពុករលួយ​ជាទូទៅ រួម​ទាំង​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​បាត់​ចេញ​ពី​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​ហៅថា​1MDB និង​ត្រូវបាន​រក​​ឃើញ​មួយចំនួនធំ​ក្នុង​គណនី​របស់​នាយក​រដ្ឋមន្ត្រី​គ្រានោះ លោក​ណា​ជីប រ៉ា​ហ្សាក់​។​

​ពង្រាង​ច្បាប់​នេះ​ស្វះស្វែង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​ការ​កាន់​តំណែង​របស់​នា​យក​រដ្ឋមន្ត្រី​យូរ​បំផុត​ត្រឹម​២​អាណិត្ត​ហើយ​វា​ទាមទារ​ការគាំទ្រ​ពី​សមាជិក​សភា​២​ភាគ​៣​។​

​ការជជែក​ពិភាក្សា​លើ​ពង្រាង​ច្បាប់​នេះ​គ្រោង​នឹង​ធ្វើ​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​។​

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​ការសន្យា​មួយ​ក្នុងចំណោម​ការសន្យា​នានា​ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោត​របស់​ក្រុម​លោក​មហាធៀ​ក្នុង​បំណង​ជីក​រំលើង​អំពើពុករលួយ​និង​​កំហិត​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​។​

​លោក​ណា​ជីប ដែល​បាន​កាន់​តំណែង​ជិត​៣​អាណិត្ត កំពុង​ប្រឈម​ការចោទប្រកាន់​រាប់សិប រួម​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​និង​លាង​លុយ​។​

​ចំណែក​លោក មហា​ធៀ ដែល​បាន​ចូលកាន់​តំណែង​ជា​លើក​ទី​២ បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​យូរ​ជាង​គេ​បំផុត​នៅ​ម៉ាឡេស៊ី គឺ​អស់​ពេល​២២​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៨១ ដល់​២០០៣​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ពង្រាង​ច្បាប់​នេះ លោក​មហា​ធៀ បាន​ឆ្លើយ​ដោយ​វិជ្ជមាន​ថា «​ខ្ញុំ​វ័យ​៩៤​ឆ្នាំ​ហើយ​ឥឡូវ ។​តើ​អ្នក​ចង់​អោយ​ខ្ញុំ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទៀត​ពេល​ខ្ញុំ​អាយុ​១០០​ឆ្នាំ​?»៕ដោយ៖វាសនា

បណ្ឌិត មហា​ធៀ ឈាន​ចូល​វ័យ​៩៤​ឆ្នាំ​