ម៉ាឡេស៊ី​រាយការណ៍​អំពី​អ្នក​ស្លាប់​ទី​៤​ដោយកូវី​ដ​១៩​ហើយ​ករណី​ឆ្លង​កើន​ឡើង​ជាង​១.០០០​នាក់​

171
ចែករម្លែក

​ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​អំពី​អ្នកស្លាប់​ទៀត​ដោយ​ជម្ងឺ​កូវី​ដ​១៩ កាលពី​ថ្ងៃ​សៅរ៍​ទី​២១​ខែ​មីនា ខណៈ​ដែល​ចំនួន​ឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ប្រទេស​នេះ​បាន​កើន​​ឡើង​ជាង​១.០០០​នាក់​។

​ករណី​ស្លាប់​នេះ នាំឱ្យ​មាន​ចំនួន​អ្នកស្លាប់​សរុប​ដោយសារ​វីរុស​នេះ​ចំនួន​៤​នាក់ នៅ​ប្រទេស​នេះ​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា អ្នកស្លាប់​ជា​បុរស អាយុ​៥៨​ឆ្នាំនេះ បាន​ចូលរួម​ការជួបជុំ​សាសនា​ធំ​មួយ​នៅ​ក្រៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​កាលពី​ចុងខែ​កុម្ភៈ​។​បុរស​នេះ​​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​កាលពី​ថ្ងៃទី​៩​ខែ​មីនា​ដោយ​មាន​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។ គាត់​បាន​ស្លាប់​កាលពី​ថ្ងៃទី​២០​ខែ​មីនា​។​

​ប្រទេស​ម៉ាឡេស៊ី បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​១៣០​នាក់​កាលពី​ថ្ងៃ​សុក្រ​និង​១៥៣​នាក់​កាលពី​ថ្ងៃ​សៅរ៍​ដែលនាំឱ្យ​មាន​ចំនួន​ករណី​ឆ្លង​សរុប​ចំនួន​១.១៨៣​នាក់​​ជា​ចំនួន​ឆ្លង​ច្រើនជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងនេះ មាន​មនុស្ស​៤៨​នាក់ បាន​ជាប់​ទាក់ទង​ទៅនឹង​ការជួបជុំ​សាសនា​នេះ ដែល​​មាន​អ្នកចូលរួម​១៦.០០០​នាក់​។​

​រដ្ឋាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ពុធ​បាន​ដាក់ចេញ​នូវ​បទបញ្ជា​តឹងរឹង ដែល​នឹង​ត្រូវ​អនុវត្ត​រហូត ដល់​ថ្ងៃទី​៣១​ខែ​មីនា ដោយ​ហាម​ការជួបជុំ​សាធារណៈ ការជួបជុំ​​សាសនា ការប្រកួត​កីឡា​និង ព្រឹត្តិការ​វប្បធម៌​និង​សង្គម ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

គ្រូពេទ្យ​ពិនិតមើល​សីតុណ្ហភាព​កំដៅ​លើ​អ្នកដើរចូល​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​