ម៉ា​រ៉ា​ដូ​ណា នៅ​មិន​នៅ​យក​ជ័រ​ភ្នៅ​ត្បៀតក្លៀក ដោយសារ​និយាយ​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​

605
ចែករម្លែក

​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​មេសា​ថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ថា​តើ​លោក​ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បាន​រំលោភ​ក្រមសីលធម៌​របស់ខ្លួន​ដែរ​ឬ​អត់ នៅពេល​លោក​បាន​សរសើរ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បន្ទាប់ពី​ការប្រកួត​នាពេល​ថ្មីៗ​នេះ​។​

​លោក​ម៉ា​រ៉ា​ដូ​ណា ដែលជា​គ្រូបង្វឹក​របស់​ក្រុម Dorados នៅ​ក្របខ័ណ្ឌ​លី​ក​លំដាប់​ទី​ពីរ បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស់​នេះ​ឡើង ជាមួយ​ការធ្វើ​អត្ថាធិប្បាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​ក្រុម​របស់លោក​បានទទួល​ជ័យជម្នះ ៣-២ លើ​ក្រុម Tampico Madero​។​

​លោក​ម៉ា​រ៉ា​ដូ​ណា​បាន​និយាយថា “​ខ្ញុំ​សូម​ឧទ្ទិស​ជ័យជម្នះ​នេះ​ដល់​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​រងទុក្ខវេទនា​។ ពួក Yankee (​សហរដ្ឋអាមេរិក​) ដែលជា​តម្រួត​របស់​ពិភពលោក គិតថា គ្រាន់តែ​ដោយសារតែ​ពួកគេ​មាន​គ្រាប់បែក​ធំ​បំផុត​នៅលើ​ពិភពលោក ពួកគេ​អាច​បង្វិល​ក្បាល​យើង​បាន​តាមចិត្ត​។ ប៉ុន្តែ​មិនអាច​បង្វិល​ក្បាល​យើង​បានទេ មិនអាច​ឡើយ​”​។​

​លោក​ម៉ា​រ៉ា​ដូ​ណា​គឺ​ជិតស្និទ្ធ​នឹង​លោក​ម៉ា​ឌូ​រ៉ូ ដែលជា​មេដឹកនាំ​ឆ្វេងនិយម ដែល​កំពុង​មើល​ការខុសត្រូវ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​សហរដ្ឋអាមេរិក​បាន​ដឹកនាំ​ប្រទេស​ជាង ៥០ ក្នុងការ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ​ជា​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​ហៅថា​ការជាប់ឆ្នោត​ឡើងវិញ​របស់លោក​ម៉ា​ឌូ​រ៉ូ​ថា​ខុសច្បាប់​។​

​លោក​ម៉ា​រ៉ា​ដូ​ណា ដែល​ជិតស្និទ្ធ​ជាមួយ​ពួក​មេដឹកនាំ​ឆ្វេងនិយម​នៅ​អាមេរិក​ឡាទីន ដោយ​ធ្លាប់​ហៅ​មេដឹកនាំ​គុយបា​លោក​ហ្វី​ដែល កា​ស្ត្រូ “​ឪពុក​ទី​ពីរ​” បាន​បន្ត​រិះគន់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ដោយ​ប្រៀបធៀប​គាត់​ទៅនឹង​អាយ៉ង​សក់ទង់ដែង​ឈ្មោះថា Chirolita ដ៏​មាន​ប្រជាប្រិយភាព​នៅលើ​ទូរទស្សន៍​អា​ហ្ស​ង់​ទីន​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០​។​

​លោក​ម៉ា​រ៉ា​ដូ​ណា​និយាយថា “​អាយ៉ង Chirolita ដែល​ពួកគេ (​អាមេរិក​) មាន​សម្រាប់​ធ្វើជា​ប្រធានាធិបតី មិនអាច​ទិញ​យើង​បានទេ​”​។​

​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ិ​ក​ស៊ិ​ក (FMF) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​គណៈកម្មាធិការ​វិន័យ​របស់ខ្លួន​បាន​បើក​ការស៊ើបអង្កេត​លើ​សេចក្តី​អត្ថាធិប្បាយ​របស់​ម៉ា​រ៉ា​ដូ​ណា​ហើយ “​សម្រាប់​ការរំលោភ​លើ​មាត្រា ៦, ៧, ៩, ១០ និង ១១ នៃ​ក្រមសីលធម៌​របស់ FMF” ។​

​មាត្រា ៧ នៃ​ក្រមសីលធម៌​នេះ​អំពាវនាវ​ដល់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​សហព័ន្ធ “​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​លើ​រឿង​នយោបាយ​និង​សាសនា​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​រ៉ា​ដូ​ណា​កំពុង​កុន​ករឿង​និយាយ​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ