ម​ន្ត្រីៈ ជន​មាន​ពិការភាព ត្រូវការ​សារ​ពិសេស សម្រាប់​បង្ការ​ជំងឺ​ខូ​វីដ ១៩

132
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​នី​ត​សម្បទា លោក យៀប ម៉ាលី​ណូ បានលើកឡើង​អំពី​មូល​ហេតុដែល​នាយកដ្ឋាន សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ផលិត​វិ​ដេ​អូ​អប់រំ សម្រាប់​ជន​មាន​ពិការភាព​នៅ​កម្ពុជា ស្តីពី​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីករាយ​ល​ដាល នៃ ជំងឺ​ខូ​វីដ ១៩ ថា ជន​មាន​ពិការភាព គឺជា​ជន​ងាយ​រងគ្រោះ ក្នុងចំណោម​ជន​ងាយ​រងគ្រោះ ហើយ​សារ​ដែល​ត្រូវបាន​ស្ថាប័ន​នានា​ផ្សព្វផ្សាយ​កន្លងមក មិនទាន់​ឆ្លើយតប​ទៅនឹង​ស្ថានភាព​របស់​ជន​មាន​ពិការភាព​នៅឡើយ ពោលគឺ​ជន​មាន​ពិការភាព​ប្រភេទ និង កម្រិត​ខ្លះ មិនទាន់​អាច​យល់​សារ​អប់រំ​ទាំងនោះ​បានទេ ខណៈ​ជន​មាន​ពិការភាព​ខ្លះ ជា​អ្នកសិក្សា​បាន​តិច​តិច ទាំង​ចំណេះដឹង​ទូទៅ ដោយ​រួមទាំង​ភាសា​កាយវិការ​ផង ។ ហេតុនេះ យើង​ត្រូវការ​សារ​មួយ​ដែលមាន​លក្ខណៈ​ជាក់លាក់ រួមទាំង​ភាសា​កាយវិការ​ក្នុងស្រុក​ផង ដែល​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ​នៅ​កម្ពុជា អាច​យល់បាន​ដោយ​ងាយ ។​

លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ( រូបៈ​មេសា )


​សូមជម្រាបថា នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ជាពិសេស អង្គការ ACCESS បាន និង កំពុង​ផលិត វិ​ដេ​អូ​គ្លី​ប ដែលជា​សារ​អប់រំ​អំពី​ការបង្ការ​ទប់ស្កាត់ នៃ ការឆ្លង​ជំងឺ​ខូ​វីដ ១៩ សម្រាប់​បម្រើឱ្យ​វិស័យ​ពិការភាព​នៅ​កម្ពុជា ។​


​អម​ជាមួយ​វិ​ដេ​អូ នេះ ក៏​នៅមាន​វិ​ដេ​អូ ជា​លក្ខណៈ​ភាសា​កាយវិការ​សុទ្ធ និង ផ្ទាំង​ព័ត៌មាន​អប់រំ​ខ្លះទៀត ត្រូវបាន​ផលិត​ជាមួយ​ន​គ្នា​នេះដែរ ហើយ វិ​ដេ​អូ នោះ ត្រូវបាន​រំពឹងថា នឹង​ផលិត​រួចរាល់​នៅ​អំឡុង​សប្តាហ៍​ក្រោយនេះ ហើយ​តាម​ការគ្រោងទុក វិ​ដេ​អូ​អប់រំ​សម្រាប់​ជន​មាន​ពិការភាព​នោះ នឹង​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ ដោយ​រួមទាំង​វិ​ប​សាយ​របស់​ក្រសួង នាយកដ្ឋាន និង របស់​អង្គការ​ដៃគូ​ពាក់​ពួ​ន្ធ​ជាដើម​ផងដែរ ។​


​រហូតមកដល់​ពេលនេះ មិនទាន់មាន​តួលេខ​ជាក់លាក់​បានទេ ប៉ុន្តែ​តាម​ទិន្នន័យ​ផ្លូវការ​នានា អះអាងថា នៅ​ទូទាំងប្រទេស ជន​មាន​ពិការភាព​សរុប​ប្រមាណ​ពី ៥២ ម៉ឺន ទៅ ៥៥ ម៉ឺន​នាក់ ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់​ត្រូវបាន​រកឃើញថា មានការ​ឆ្លង​ជំងឺ​ខូ​វីដ ១៩ ទៅលើ​ជន​មាន​ពិការភាព កម្ពុជា នៅឡើយ​ទេ ហើយ​វា​គឺជា​ការចាំបាច់ ដែល​ត្រូវ​ធ្វើយ៉ាងណា ឱ្យមាន​ជន​មាន​ពិការភាព មាន​សុវត្ថិភាព​ពី​ការឆ្លង នៃ ជំងឺ ដ៏​រាលដាល​មួយ​នេះ ទើប​យុទ្ធនាការ​របស់​ប្រទេស​កម្ពុជា ក្នុង​ប្រឆាំងនឹង​មេរោគ ខូវ​ដី ១៩ ជោគជ័យ​ពេញលេញ​ទៅបាន ។​
​ក្នុងន័យនេះ លោក យៀប ម៉ាលី​ណូ បន្ថែមថា ការផលិត​វិ​ដេ​អូ និង សារ​អប់រំ​នានា​អំពី​ការបង្ការ​ទប់ស្កាត់​ជំងឺ​ខូ​វីដ ១៩ ដែល​ផ្តោត​ជាពិសេស​សម្រាប់​ជន​មាន​ពិការភាព​នៅ​កម្ពុជា នេះ​គឺជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នូវ​ការឆ្លង​ជំងឺ​នវ​ផង ក៏​ជា​ផ្នែក​មួយ នៃ ស្មារតី “ បរិ​យា​ប័ន ( ការចូលរួម​ទាំងអស់​គ្នា ) “ ផង និង ស្របតាម​ទិ​ស្លោ​កថា “ មិន​ទុក​អ្នកណាម្នាក់​ចោល “ ផង ៕ Kh

ឈុត​ខ្លះៗ​អាច​នឹងមាន​នៅក្នុង​វិ​ដេ​អូ និង ស្ប៉ត​អប់រំ​ស្តីពី​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ ជំងឺ​ខូ​វីដ ១៩ សម្រាប់​ជន​មាន​ពិការភាព​នៅ​កម្ពុជា ( រូបៈ​មេសា )