ម​ន្ត្រីៈ សូម​ស្ថាប័ន​ទាំងអស់​បញ្ចូល​វិស័យ​ពិការភាព​ទៅក្នុង​រាល់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​ខូ​វីដ ១៩

77
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​អំពាវ​នាដ​ល់​ស្ថាប័ន​ទាំងអស់​ថា ជារួម​សូម​ក្រសួង​ស្ថាប័ន​ទាំងអស់ ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ជំងឺ​ខូ​វីដ ១៩ នៅ​កម្ពុជា មេត្តា​បញ្ចូល​វិស័យ​ពិការភាព ទៅក្នុង​រាល់​កម្មវិធី​ទាំងអស់​របស់ខ្លួន ស្តីពី​ការប្រយុទ្ធប្រឆាំង ជំងឺ​ខូវ​ដី ១៩ ដូចជា​រាល់ពេល​ផលិត​សារ​អប់រំ​នានា​ជាដើម សូម​ធ្វើយ៉ាងណា ឱ្យ​ជន​មាន​ពិការភាព អាច​យល់បាន​នូវ​រាល់​សារ​ទាំងនោះ និង សូមបញ្ជាក់ថា ជន​មាន​ពិការភាព ក៏​ងាយ​នឹង​ឆ្លង​ជំងឺ​ខូ​វីដ ១៩ នេះដែរ​ជាដើម ពោលគឺ​ធ្វើយ៉ាងណា​បង្កលក្ខណៈ ដើម្បី ឱ្យ​ជន​មាន​ពិការភាព​មាន​សុវត្ថិភាព​ពី​ជំងឺ​ខូវ​ដី ១៩ នេះ​ផង ។​

លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ( រូបៈ មេសា )


​សូមជម្រាបថា នៅ​ទូទាំងប្រទេស មាន​ជន​មាន​ពិការភាព​ប្រមាណ​ជា ៥៣ ទៅ ៥៥ ម៉ឺន​នាក់ ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់​រកឃើញថា​មាន​ឆ្លង​ជំងឺ​ខូវ​ដី ១៩ ទៅលើ​ជន​មាន​ពិការភាព​កម្ពុជា នៅឡើយ​ទេ ( កាល​ប៉ុន្មាន​សប្តាហ៍​ធ្លាប់​រកឃើញ​លើ​ជន​មាម​ពិការភាព​ម្នាក់​ជា​ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ ៦៣ ឆ្នាំ ប៉ុន្តែ​ពេលនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ត្រលប់​ទៅ​មាតុប្រទេស​របស់គាត់​ហើយ ) ។ ទោះយ៉ាងណា ជន​មាន​ពិការភាព ត្រូវបាន​ចាត់​ចូល​ជា​ក្រុម​ជន​ងាយ​រងគ្រោះ ហេតុនេះ ទើប​គេ​ចាំបាច់ ត្រូវ​វិធានការ​ពិសេស​សម្រាប់​បង្ការ​ការ​ឆ្លង​ជំងឺ​ខូ​វីដ ១៩ ចំពោះ​ជន​មាន​ពិការភាព ។​


​លោក យៀប ម៉ាលី​ណូ ធ្លាប់បាន​អះអាងថា នាយកដ្ឋាន​សុខុមាលភាព​ជនពិការ និង អ្នកពាក់ព័ន្ធ​បាន​ចាត់វិធានការ​នានា​ជាច្រើន ក្នុង​ការបង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​ខូ​វីដ ១៩ ទៅក្នុង​ចំណោម​ជន​មាន​ពិការភាព​នៅ​កម្ពុជា ដូចជា​ណែនាំ​ដល់​ស្ថាប័ន​បណ្តាញ ឱ្យ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាដើម ។​


​ទោះយ៉ាងណា ពេលនេះ លោក យៀ​ក ម៉ាលី​ណូ ក្រើនរំឭក​បន្ថែមថា សូម​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើការ​លើ​វិស័យ​ពិការភាព មេត្តា​ខិតខំ​ធ្វើយ៉ាងណា រក្សា​ឱ្យបាន​នូវ​ស្ថានភាព​បច្ចុប្បន្ន ( ដែល​គ្មាន ការឆ្លង​ខូ​វីដ ១៩ ចំពោះ​ជន​មាន​ពិការភាព​កម្ពុជា ) ។ ទោះយ៉ាងណា​ទន្ទឹមនឹង​ការអនុវត្ត​នូវ​វិធី​បង្ការ​ដោយ​ខ្ជាប់ខ្ជួន ដើម្បី រក្សា​ឱ្យបាន​នូវ​ស្ថានភាព​កំពុងមាន​នេះ​ទៅ ក៏​សូម​ត្រៀមលក្ខណៈ​គ្រប់ពេលវេលា​ក្នុងការ​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងករណី​សង្ស័យ​មានការ​ឆ្លង​ជំងឺ​ខូ​វីដ ១៩ ក្នុង​ក្រុម​ជន​មាន​ពិការភាព​ណា​ម្នាក់


​គប្បី​រំឭកថា ជា​ផ្នែក​មួយ​ក្នុងការ​បង្ការ​ជំងឺ​ខូវ​ដី ១៩ ទៅក្នុង​ក្រុម​ជន​មាន​ពិការភាព នាយកដ្ឋាន​សុខុមាលភាព​ជនពិការ សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ជាពិសេស​អង្គការ ACCESS បាន និង កំពុង​ផលិត ស្ប៉ត​អប់រំ បញ្ជូន​សារ​មួយចំនួន​សម្រាប់​បម្រើឱ្យ​វិស័យ​ពិការភាព​នៅ​កម្ពុជា ដែល​ស្ប៉ត​ទាំងនោះ សង្ឃឹមថានឹង​ផលិត​រួចរាល់ និង ផ្សព្វផ្សាយ​នៅ​អំឡុង​សប្តាហ៍​នេះ ហើយ​វា​ជាការ​ចាំបាច់​ធ្វើយ៉ាងណា ឱ្យ​ជន​មាន​ពិការភាព មាន​សុវត្ថិភាព​ពំ​ជំងឺ​ដ៏​រាលដាល​មួយ​នេះ ទើប​យុទ្ធនាការ​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ខូ​វីដ ១៩ ជោគជ័យ​ពេញលេញ​ទៅបាន ៕ Kh

​រូប​ក្នុង​ឈុត​ខ្លះ នៃ ស្ប៉ត​អប់រំ​ស្តីពី​ការការពារ​ការឆ្លង​ជំងឺ​ខូ​វីដ ១៩ ដែល​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ និង ដៃគូ​ពាក់ព័ន្ធ​កំពុង​ផលិត ( រូបៈ មេសា )