យន្តហោះយោធារុស្ស៊ីដឹកជំនួយជួយអាម៉េរិកដើម្បីប្រយុទ្ធនឹងកូវីដ១៩

342
ចែករម្លែក

ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថាយន្តហោះដឹកជញ្ជូនយោធារបស់រុស្ស៊ីមួយគ្រឿងបានហោះចេញពីអាកាសយានដ្ឋានមួយនៅខាងក្រៅទីក្រុងមូស្គូកាលពីព្រឹកថ្ងៃពុធទី១មេសាហើយបានធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកដោយមានផ្ទុកនូវឧបករណ៍វេជ្ជសាស្ត្រនិងម៉ាស់ជាច្រើនដើម្បីជួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រធានាធិបតីវ៉្លាឌីមៀរ ពូទីនបានសុំផ្តល់ជំនួយដល់អាម៉េរិកក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីដូណាល់ ត្រាំកាលពីថ្ងៃចន្ទ នៅពេលមេដឹកនាំទាំងពីរពិភាក្សាគ្នាពីរបៀបឆ្លើយតបចំពោះមេរោគកូវីដ១៩។

ជើងហោះហើរ ដែលត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិរុស្ស៊ី ទំនងជាមិនមានប្រជាប្រិយភាពជាមួយនឹងពួកអ្នករិះគន់មួយចំនួនរបស់លោកត្រាំនោះទេ ព្រោះពួកនេះបានជំរុញឱ្យត្រាំនៅឆ្ងាយពីពូទីន និងជាអ្នកដែលអះអាងថាមូស្គូប្រើជំនួយទាំងនេះធ្វើជាឧបករណ៍ភូមិសាស្ត្រនិងឃោសនាដើម្បីជំរុញឥទ្ធិពលរបស់ខ្លួន។ ការលើកឡើងទាំងអស់នេះត្រូវបានវិមានក្រឹមឡាំងបដិសេធ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីយប់ថ្ងៃអង្គារថា “លោកត្រាំបានទទួលយកជំនួយមនុស្សធម៌នេះដោយអំណរគុណ” ។ លោកត្រាំផ្ទាល់បាននិយាយដោយរីករាយអំពីជំនួយរុស្ស៊ីបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោកពូទីន៕ ដោយ៖ កញ្ញាដាលីស

យន្តហោះយោធារុស្ស៊ីដឹកជំនួយវេជ្ជសាស្ត្រទៅជួយអាម៉េរិកនៅព្រឹកថ្ងៃពុធនេះ