យន្តហោះ​ចិន​ដឹក​ជំនួយ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ជា​លើក​ទី​២​បាន​មកដល់​កម្ពុជា​

465
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១ ខែមេសា យន្តហោះ​ប្រភេទ​IL-76​ដែលជា​យន្តហោះ​របស់​ក​ង​ទ័ព​រំដោះប្រជាជន ចិន​ដែល​បាន​ដឹកជញ្ជូន​សម្ភារ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩(COVID-19)​ដែលជា​ជំនួយ​លើក​ទី​២​ជូន​ចំពោះ​ភាគី​កម្ពុជា ត្រូវបាន​ចុះចត​​ជោគជ័យ​ក្នុង​អាកាសយានដ្ឋាន​រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ប្រចាំ​កម្ពុជា​បញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១​ខែម​សា​នេះ​។​
​ប្រភព​បន្តថា​ក្នុងឱកាស​នោះ លោក Li Jingfeng អនុព័ន្ធយោធា​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​អញ្ជើញ​ចូលរួម​ស្វាគមន៍ និង​ព្រមទាំង​បានរៀបចំ​ពិធី​ប្រគល់ និង​ទទួល​សម្ភារ​ក្នុង​អាកាស​យានដ្ឋានភ្នំពេញ។

យន្ត​ហោះ​ចិន​ដឹក​ជំនួយ​ប្រយុទ្ធ​កូ​វីដ​១៩​ជា​លើក​ទី​២​បាន​មកដល់​កម្ពុជា​(​រូបថត​ស្ថានទូត​ចិន​)


​គួរ​រំលឹក​ដែរ​កាល​ពៅ​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​យន្តហោះ​មួយគ្រឿង​ដែល​បាន​ដឹក​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​COVID-19 និង​សម្ភារ​ប្រឆាំងនឹង​ជំងឺ​វីរុស ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ជូន​ចំពោះ​ប្រទេស​កម្ពុជា ត្រូវបាន​ចុះចត​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិរ​ភ្នំពេញ​។ លោក​វ៉ាង វិ​ន​ធាន​( Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​, លោក​សាស្ត្រាចារ្យ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​,​ថ្នាក់ដឹកនាំ​តំណាង​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត​បាន​អញ្ជើញ​មក​ទទួល​ដំណើរ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែល​អញ្ជើញ​មកពី​ប្រទេស​ចិន​។​

​ក្នុងពេល​ថ្មីៗ​នេះ ស្ថានភាព​ជំងឺ​វីរុស​កូ​វីដ​១៩​ក្នុងប្រទេស​កម្ពុ​ជាមាន​ការវិវឌ្ឍ ដើម្បី​ជួយ​កម្ពុជា​ក្នុង​កិច្ច​ប្រឆាំងនឹង​ជំងឺ​វីរុស រដ្ឋាភិបាល​ចិន​បានសម្រេច​ចាត់​បញ្ជូន​ក្រុមគ្រូពេទ្យ​នៃ​តំបន់​ស្វយ័ត​គ័ង​ស៊ី​(Guangxi)​ប្រទេស​ចិន​ចំនួន​៧​រូប​មកកាន់​ប្រទេស​កម្ពុជា​។​សមាជិក​នៃ​ក្រុមគ្រូពេទ្យ​ជំនាញ​នឹង​អញ្ជើញ​ពិភាក្សា​អំពី​បទពិសោធន៍​នៃ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ជាមួយនឹង​ភាគី​កម្ពុជា​ជួយ​សម្របសម្រួល​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ដល់​ភាគី​កម្ពុជា​ហើយនឹង​ផ្តល់យោបល់​ណែនាំ​ជូន​ដល់​អ្នកជំងឺ​ក្នុងពេល​ព្យាបាល​។​ពួកគាត់​ជា​ក្រុម​អ្នកជំនាញ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ដែល​ត្រូវបាន​ចាត់​បញ្ជូន​មកកាន់​តំបន់​អាស៊ាន​ដំបូង​គេ​បង្អស់​ដោយ​រដ្ឋាភិបាល​ចិន​។ ទន្ទឹមនឹងនេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​សម្ភារ​ទប់​ស្តា​ត់​នឹង​ជម្ងឺ​វីរុស​ក្នុងប្រទេស​កម្ពុជា រដ្ឋាភិបាល​ចិន​ក៏បាន​ជំនួយ​ជា​ម៉ាស​វេជ្ជសាស្ត្រ​, ម៉ាស​N95, សម្លៀកបំពាក់​ការពារ​វីរុស​, វ៉ែនតា​ការពារ និង​សម្ភារ​ផ្សេងទៀត​យ៉ាងច្រើន ជូន​ដល់​ភាគី​កម្ពុជា​។​

យន្ត​ហោះ​ចិន​ដឹក​ជំនួយ​ប្រយុទ្ធ​កូ​វីដ​១៩​ជា​លើក​ទី​២​បាន​មកដល់​កម្ពុជា​(​រូបថត​ស្ថានទូត​ចិន​)


​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១​ខែមេសា​នេះ​បានប្រកាសថា​ពុំមាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ត្រូវបាន​រកឃើញ​នោះទេ​។​សរុប​ចំនួន​អ្នក​ឆ្លង ១០៩ នាក់​, ចំនួន​អ្នកជា​សះស្បើយ ២៥ នាក់​និង​ពុំមាន​អ្នកស្លាប់​ទេ​៕សរន