យន្តហោះ​ស៊ើបការណ៍​អាមេរិក​ហោះ​ពីលើ​ទីក្រុង​សេ​អ៊ូ​ល បន្ទាប់​ពី​ការសាកល្បង​អាវុធ​ថ្មី​របស់​កូរ៉េខាងជើង​

519
ចែករម្លែក

​ការហោះហើរ​នៃ​យន្តហោះ​អាមេរិក​នេះ បាន​កើតឡើង​ពីរ​បី​ថ្ងៃ​បន្ទាប់​ពី សារព័ត៌មាន​KCNA បាន​រាយការណ៍​ថា​កូរ៉េ​ខាងជើង​បាន​សាកល្បង​អាវុធ​ថ្មី​គឺ​២​ខែ​បន្ទាប់​ពី​ជំនួប​​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

​កាសែត Chosun Ilbo​បាន​រាយការណ៍​ថា យន្តហោះ​ស៊ើបការណ៍​អាមេរិក​មួយ​គ្រឿង​ត្រូវបាន​ប្រទះ​ឃើញ​ហោះ​ពីលើ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង បន្ធាប់​ពី​កូរ៉េខាងជើង​​បាន​សាកល្បង​អ្វី​ដែល​ខ្លួន​បាន​និយាយថា ជា​អាវុធ​ថ្មី​ជាមួយ​នឹង​ក្បាល​គ្រាប់​បញ្ជា​នាំ​ផ្លូវ​ដ៏​ខ្លាំង​។​

​យន្តហោះ​ស៊ើបការណ៍ RC-135W Rivet Joint នេះ​បាន​ហោះហើរ​លើ​តំបន់​មួយ​ដោយ​ហោះ​ចេញពី​ខេត្ត​Gyeonggi​ទៅ​ខេត្ត Gangwon ភាគខាងត្បូង​នៃ​តំបន់​ហាម​ហោះហើរ​​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​ទប់ស្កាត់​រាល់​ទម្រង់​នៃ​ភាព​ប្រទូសរាយ​ឆ្លងដែន នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ខែ​កញ្ញា​ឆ្នាំ​២០១៨​។

​សហរដ្ឋអាមេរិក​មិនទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​នេះ​នៅឡើយ​ទេ​។​

​កាសែត​នេះ ដែល​បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​កងទ័ព​កូរ៉េ​ខាងត្បូង​ម្នាក់ បាន​និយាយថា​យន្តហោះ​ស៊ើបការណ៍​អាមេរិក​នេះ គឺ​កម្រ​បាន​ហោះហើ​រលើ​តំបន់​ទីក្រុង​នេះ ប៉ុន្តែ វា​​តែងតែ​បាន​ហោះ​ពីលើ​សមុទ្រ​លឿង​និង តំបន់​នៅ​ក្បែរៗ​នោះ​៕​ដោយ​៖​សុខា​/sn

យន្តហោះ​ស៊ើបការណ៍ RC-135W Rivet Joint របស់​អាមេរិក​